ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានចូលមកសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះ ដើម្បីការពារបណ្តឹងដែលប្តឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននិយាយក្រោយពីជួបជាមួយអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាថា សមាជិករបស់គណបក្សអំណាចខ្មែរធ្លាប់ធ្វើភេរវកម្ម។ លុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យប្តឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសពីបទ "បរិហាកេរ្តិ៍" ដែលជារឿងប៉ះពាល់ ដល់កិត្តិយសរបស់គណបក្សអំណាចខ្មែរ។
ប៉ុន្តែកន្លងមក មេធាវីការពារក្តីឱ្យឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអះអាងថា ពាក្យសម្តីរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មិនមានកំហុស ឬទោសអីនោះទេ ដោយសារតែការលើកឡើងកន្លងមក គឺយោងទៅតាមសាលក្រម និងសាលដីកាតុលាការដែលធ្លាប់កាត់ទោស លោក សួន សេរីរដ្ឋា និងបក្ខពួក ៣នាក់ពីបទក្បត់ជាតិ៕