ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញបានលើកបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ ២ នាក់មកជំនុំជម្រះពាក់ព័ន្ធនឹងការលក់សេវាកម្មសិចកុមារក្រោម អាយុ ១៥ ឆ្នាំតាមអ៊ីមែលប្រព្រឹត្តក្នុងឆ្នាំ ២០១០ បន្ទាប់ពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពី ១២ ដល់ ១៧ ឆ្នាំ។
បើតាមលោកចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុថាសំណុំរឿងនេះ មានជនជាប់ចោទឈ្មោះ ម៉ី សុវណ្ណ ភេទប្រុសអាយុ ៤៣ ឆ្នាំ,ឈ្មោះ សេក វី ភេទស្រីអាយុ ៥៣ ឆ្នាំ និងឈ្មោះ CARR-CRAIGTHOMAS ហៅ JOHN ភេទប្រុសអាយុ ៦៥ ឆ្នាំជនជាតិអាមេរិកជាអ្នកបច្ចេកទេសកុំព្យូទ័រ។
លោកបានថ្លែងក្នុងសវនាការថា៖ «សំណុំរឿងនេះមានតែជនជាប់ចោទឈ្មោះ សេក វី និង ម៉ី សុវណ្ណ ទេដែលប្តឹងសារទុក្ខហើយពួកគេបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីមែលពី ពេស្យាកម្ម និងទេសចរណ៍ផ្លូវភេទ»។
អង្គហេតុបង្ហាញថាឈ្មោះ សេក វី ជាអ្នកបើកកន្លែងលក់បាយនៅឃុំទួលត្នោត ស្រុកកៀនស្វាយបានទាក់ទងជាមួយឈ្មោះ ម៉ីសុវណ្ណ ជាអ្នករត់តាក់ស៊ីដោយឈ្មោះ សេក វី ឲ្យរូបក្មេងៗវៀតណាម ២ នាក់ដើម្បីផ្សព្វផ្សាយសេវាកម្មផ្លូវភេទក្នុងនោះមានឈ្មោះ ង្វៀង ធីង៉ុកឡង អាយុ ១៦ ឆ្នាំ (២០១០) និង ង្វៀង ធីង៉ុកថាន់ អាយុ ១៥ ឆ្នាំ (២០១០)។
អង្គហេតុបន្តថាក្រោយបានរូបថតក្មេងរងគ្រោះហើយជនជាប់ចោទឈ្មោះ ម៉ីសុវណ្ណ បានបង្កើតអ៊ីមែលមួយដោយមានរូបថតក្មេងរងគ្រោះផងហើយក៏ត្រូវបាន ឈ្មោះ CARRCR-AIGTHOMAS ទាក់ទង និងឲ្យជនជាប់ចោទរកក្មេងស្រី ៤ នាក់ដើម្បីរួមភេទពេលគេមកដល់កម្ពុជាតែរកបាន ៣ នាក់។ លុះ CARRCRAIGTHOMAS មកដល់បានរួមភេទជាមួយ ង្វៀង ធីង៉ុកថាន់ ក្នុងតម្លៃ ៣ ពាន់ដុល្លាររយៈពេល ៣ ថ្ងៃក្នុងខែមករាឆ្នាំ ២០១០។ ក្មេងរងគ្រោះឈ្មោះ ម៉ៅ អាយុ ១៦ ឆ្នាំ (២០១០) រយៈពេល ៣ ថ្ងៃក្នុងតម្លៃ ៣ ពាន់ដុល្លារ និងឈ្មោះ ង្វៀង ធីង៉ុកឡង រួមភេទរយៈពេល ២ ថ្ងៃតម្លៃ ១៨០០ ដុល្លាហើយក្រោយពីរួមភេទម្តងៗឈ្មោះ CARRCRAIGTHOMAS បានថតរូបអាក្រាតរបស់ក្មេងទៀតផង។ ឯប្រាក់ដែលទទួលបានត្រូវជនជាប់ចោទទាំង ២ នាក់ចែកគ្នា និងសល់មួយចំនួនតូចចែកទៅក្មេងរងគ្រោះទាំង ៣ នាក់។
អង្គហេតុបង្ហាញដែរថាលុះដល់ថ្ងៃទី ២១ ខែមករាឆ្នាំ ២០១០ សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ម៉ី សុវណ្ណ តាមបណ្តឹងម្តាយក្មេងរងគ្រោះនៅព្រលានយន្តហោះភ្នំពេញខណៈជននោះទៅ ទទួលជនជាតិបារាំងម្នាក់ទៀតជាម៉ូយឈ្មោះ KIRROULEPITTER មុនគាត់មកដល់។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃ ទី ៩ ខែកញ្ញាឆ្នាំ ២០១០ ផ្តន្ទាទោស CARR CRAIGTHOMAS ដាក់ពន្ធនាគារ ១៧ ឆ្នាំ,សេកវី និងម៉ីសុវណ្ណ ម្នាក់ ១២ ឆ្នាំដោយចោទបទអំពើសញ្ចារកម្ម និងពេស្យាចារកុមារ។
ស្ត្រីជាប់ចោទ សេក វី ឆ្លើយក្នុងសវនាការថា៖ «ខ្ញុំព្រមទទួលកំហុសតែសូមតុលាការបន្ថយទោសដល់ខ្ញុំផងដើម្បី ខ្ញុំបានចេញទៅរកស៊ីចិញ្ចឹមកូនចំនួន ៤ នាក់វិញ»។
ទោះបីយ៉ាងណាលោក ឡោ គីមហ្គេច មេធាវីការពារសិទ្ធិជនជាប់ចោទសន្និដ្ឋានថា៖ «រឿងនេះកូនក្តីខ្ញុំគ្រាន់តែជាអន្តរចារីនាំភ្ញៀវឲ្យគេហើយ ខ្ញុំឯកភាពទៅលើការចោទរបស់តុលាការតាមមាត្រា ៣៥ (អំពើអូសទាញពេស្យាចារកុមារ) វិញ។
ដោយឡែកក្មេងរងគ្រោះពួកគេស្ម័គ្រចិត្តព្រោះបើចាប់បង្ខំមិនមែន ពួកគេដេកនៅសណ្ឋាគារ ៣ ថ្ងៃទេ និងសូមតុលាការបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញតាម មាត្រា ៣៥ »។ ប៉ុន្តែសម្រាប់អ្នកស្រី សន សូនី មេធាវីក្មេងរងគ្រោះបានសំណូមពរឲ្យតម្កល់ទោសដដែល។
លោកព្រះរាជអាជ្ញា ច័ន្ទ តារារស្មី តំណាងមហាអយ្យការសន្និដ្ឋានថា៖ «រឿងនេះតុលាការថ្នាក់ក្រោមផ្តន្ទាទោសជនជាប់មានភាពត្រឹមត្រូវ ព្រោះជនជាប់ចោទទាំង ២ នាក់បានអូសទាញក្មេងរងគ្រោះ។ ខ្ញុំសូមក្រុមប្រឹក្សាតម្កល់រឿងនេះ»។
ក្រោយជំនុំជម្រះប្រមាណជាងកន្លះម៉ោងមកលោក សឹង បញ្ញាវុឌ្ឍ ថ្លែងថាសាលដីកានេះនឹងប្រកាសនៅថ្ងៃទី ២៤ កុម្ភៈខាងមុខនេះ៕