ភ្នំពេញ ៖ តាមគម្រោងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នឹងធ្វើការប្រកាសសាលក្រមសំណុំរឿងលោក សុខ ប៊ុន អតីតមានងារជាឧកញ៉ា និងជាអតីតប្រធានក្រុមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធការប្រើអំពើហិង្សាលើ កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន ។
បទល្មើសដែលមានចែងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នឹងកំណត់ការផ្ដន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង ពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ។ កាល ពីពេលកន្លងមក លោកសុខ ប៊ុន បានចំណាយប្រាក់រហូតដល់១០ម៉ឺនដុល្លា ប្រគល់ទៅឲ្យកញ្ញាសាសា ជាថ្នូរនឹងការដកពាក្យបណ្ដឹង ។
លោក ពុធ ធាវី មេធាវីតំណាងកញ្ញាឯក សុជាតា ហៅសាសា បានបញ្ជាក់ថា លោក សុខ ប៊ុន ពុំអាចរួចខ្លួនបានទេបើទោះបីជាបានសងសំណង ដែលលោកបដិសេធមិនប្រាប់ចំនួន ជាថ្នូរនឹងការដកពាក្យបណ្ដឹងក៏ដោយ ។ លោកមេធាវី សង្កត់ធ្ងន់ ថា ភស្តុតាងជាវីដេអូឃ្លីបបង្ហាញយ៉ាងច្បាស់ថា លោក សុខ ប៊ុន និង អង្គរក្សពិតជាមានចេតនាប្រើអំពើហិង្សាលើកូនក្តី ប្រាកដមែន ។
លោកមេធាវី ពុធ ធាវី បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុខអគារតុលាការថាកូនក្តី លោកបានសម្រេចដកពាក្យតាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥មកម្ល៉េះ ។ ទោះបីយ៉ាងណា លោកមេធាវី បានបដិសេធមិនប្រាប់ចំនួនប្រាក់នៃទឹកប្រាក់ជាថ្នូរនៃការដក ពាក្យបណ្ដឹង នោះទេ ។
លោកមេធាវីបន្តថា បើទោះបីជា កូនក្តីបានដកពាក្យបណ្ដឹងក៏ដោយ តែលោក សុខ ប៊ុន ពុំអាចរួចខ្លួនបានទេ ព្រោះភស្តុតាងជាវីដេអូឃ្លីបបង្ហាញយ៉ាងច្បាស់ថាលោកសុខ ប៊ុន និង អង្គរក្ស ពិតជាមានចេតនាប្រើអំពើហិង្សាលើកូនក្តី ប្រាកដមែន ។ ប៉ុន្តែការសម្រេចយ៉ាងណានោះ វាជាឆន្ទានុសិទ្ធិរបស់លោកស្រីចៅក្រម សូ លីនណា ជាអ្នកសម្រេច ។
ដោយឡែក នាពេលសវនាការ មេធាវីការពារលោក សុខ ប៊ុន បានទទួលស្គាល់ថា លោក សុខ ប៊ុន ពិតជាបានប្រព្រឹត្តអំពើហិង្សាលើកញ្ញាសាសា ប្រាកដមែន ។ ប៉ុន្ដែ លោកមេធាវីបញ្ជាក់ថា ការប្រើអំពើហិង្សានេះ គឺកើតចេញពីកំហុសអចេតនាប៉ុណ្ណោះ ព្រោះតែលោក សុខ ប៊ុន ស្រវឹង ។ លោកមេធាវី ស្នើឲ្យតុលាការជួយបន្ធូរបន្ថយទោសដល់កូនក្តីផង ។ ទោះបីយ៉ាងណា លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ នៅតែស្នើឲ្យតុលាការរក្សាបទចោទប្រកាន់នេះទុកជាបានការដដែល ។
លោក សុខ ប៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១០៩ផ្លូវ៩៩កែងផ្លូវលេខ៤៩៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវកញ្ញាសាសា ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមហាផ្ទៃ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ដែលកើតឡើងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លឹបកំសាន្តឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដើមចម ដាក់បន្ទុកក្នុងការចោទប្រកាន់នេះ៕