​លោក សុខ ប៊ុន ជាប់ទោស ៣ ឆ្នាំ​តែ​អនុវត្ត​ត្រឹម ១០ ខែ

16-February-2016 | ដោយ មែន កំសត់



​ភ្នំពេញៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានប្រកាស​សាលក្រម​ឲ្យ លោក សុខ ប៊ុន ជាប់ពន្ធនាគារ ៣ ឆ្នាំ​តែ​ត្រូវអនុវត្ត​ទោស​តែ ១០ ខែ​ប៉ុណ្ណោះ និង​បង់ប្រាក់ ៦ លាន​រៀល​ចូល​ថវិការដ្ឋ​ក្រោម​បទ​ចោទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ប៉ុន្តែ​មិនមាន​វត្តមាន​ជនជាប់ចោទ សុខ ប៊ុន និង​ភាគី​ដើមបណ្តឹង កញ្ញា ឯក សុខ​ជាតា ហៅ​សា​សា ទេ​។​
​លោកស្រី​ចៅក្រម ស៊ លី​ណា បាន​ថ្លែង​ពេល​ប្រកាស​នោះ​ថា​៖ «​សាលក្រម​នេះ​សម្រេច​ឡើង​តាម​មាត្រា ២១៨ កថាខណ្ឌ ២ និង​កថាខណ្ឌ ៣ និង​មាត្រា ១០៦,១០៧, ១០៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បើកផ្លូវ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​នៃ​ច្បាប់​»​។ ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក សុខ ប៊ុន ត្រូវអនុវត្ត​ទោស​តែ ១០ ខែ​នោះទេ​។​
​លោក អ៊ុត ធី ឪពុក​របស់​ដើមបណ្តឹង​គឺ​កញ្ញា សា​សា បាន​ឲ្យ​ដឹងថា​លោក​មិនមាន​ការភ្ញាក់ផ្អើល​អ្វី​ទេ​ដោយសារ​លោក​គិតថា ជនជាប់ចោទ សុខ ប៊ុន ស្ទើរតែ​មិនដែល​ស្ថិតនៅក្នុង​ពន្ធនាគារ​ឡើយ​តាំងពី​ត្រូវបាន​ចាប់ខ្លួន មក​។

​លោក​ថា​៖ «​ប្អូនឯង​ដឹងថា សុខ ប៊ុន នៅឯណា​ទេ​? ម្តងថា​នៅ​ពេទ្យរុស្ស៊ី​ម្តងថា​នៅ​ពេទ្យ​កាល់ម៉ែត​»​។​
​ប៉ុន្តែ​លោក​ថា​យ៉ាងហោចណាស់​លោក សុខ ប៊ុន បាន​ស្គាល់​សំណាញ់​ច្បាប់ និង​បាន​ស្គាល់​រសជាតិ​រស់នៅក្នុង​ពន្ធនាគារ​ដែរ​៖ «​ទោះបី​គាត់​ជាប់ ១០ ថ្ងៃ​ក្នុង​គុក​ក៏​គាត់​ស្គាល់​រសជាតិ​ដែរ​។ គាត់​ជា​ឧកញ៉ា​ជាប់ពន្ធនាគារ​បរទេស​គេ​បានដឹងថា​ស្រុក​យើង​មានច្បាប់​។ ការសម្រេច​របស់​តុលាការ​ខ្ញុំ​មិនអាច​ប្រឆាំង​បានទេ​»​។​

​លោក ពុធ ធា​វី មេធាវី​ការពារ​កញ្ញា សា​សា បាន​ឲ្យ​ដឹងថា​ការសម្រេច​របស់​តុលាការ​នេះ​សមរម្យ​ទៅនឹង​ការប្រព្រឹត្ត របស់លោក សុខ ប៊ុន ៖ «​ជាប់​បី​ឆ្នាំ​អនុវត្ត ១០ ខែ​សល់​ប៉ុន្មាន​ព្យួរ​វា​ច្រើន​ដែរ ៣ ឆ្នាំ​»​។

​លោក​បន្ថែមថា​នឹងមិន​ប្ដឹង​បន្ត​រឿងក្តី​នេះ​ទៅ​ឧទ្ធរណ៍​ទេ​ដោយសារ​កូនក្តី​លោក​មិន​ឲ្យ​ប្តឹង​។​
​ចំណែក​លោក សេង សុ​វី​ណា មេធាវី​ការពារ​លោក សុខ ប៊ុន បាន​ថ្លែងថា​រឿងនេះ​កូនក្ដី​លោក​ក៏​មិន​ប្តឹង​ឧទ្ធរណ៍​ដែរ​។ បើតាម​លោក​មេធាវី​លោក សុខ ប៊ុន នឹងត្រូវ​នៅក្នុង​ពន្ធនាគារ​មិន​ដល់​បី​ខែ​ទៀត​ទេ​។​
​ចំពោះ​សំណង​ក្រៅ​ប្រព័ន្ធតុលាការ​រវាង​កញ្ញា សា​សា និង​លោក សុខ ប៊ុន ត្រូវបាន​លោក អ៊ុត ធី ប៉ាន់​ស្មានថា​ប្រហែល​ជាមាន​ទឹកប្រាក់ ១០ ម៉ឺន​ដុល្លា​គឺ​ដើម្បី​ធ្វើដំណើរ និង​ចេញថ្លៃ​ព្យាបាល​នៅ​បរទេស​។
​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្រាប់​សាមី​ខ្លួនគេ​ថា​មុននឹង​ក្រោយ​គេ​នឹង​ឲ្យ​នៅក្រៅ​ឃុំ ដដែល​ព្រោះ​គេ​ជាប់​កន្លះ​ឆ្នាំ​ហើយ​។ ដូច្នេះ​ឲ្យ​សាមី​ខ្លួនគេ​ជួបគ្នា​និយាយ​គ្នា​ទៅ​ទារ​ប៉ុន្មាន​ស្រេច​តែ សាមីខ្លួន​គេ​ទៅ​។ តាម​ខ្ញុំ​ដឹង​គឺ​ស្មើ​តម្លៃ​ព្យាបាល​ប្រហែល ១០ ម៉ឺន​ដុល្លា​»​។ ប្រភព​ដែល​ស្និទ្ធ​នឹង​កញ្ញា សា​សា ម្នាក់ទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា​សំណង​ក្រៅ​តុលាការ​គឺ​ពិត​ជាមាន​ទឹកប្រាក់ ១០ ម៉ឺន​ដុល្លារមែន​។​
​ទោះបី​សំណុំរឿង​ព្រហ្មទណ្ឌ​រវាង​កញ្ញា សា​សា និង​លោក សុខ ប៊ុន បាន​ដល់ទី​បញ្ចប់​ហើយ​ក្តី​អ្នកពាក់ព័ន្ធ​ម្នាក់ទៀត​គឺ​អង្គរក្ស​របស់ លោក សុខ ប៊ុន មិនទាន់​ត្រូវបាន​ចាប់ខ្លួន​មក​ជំនុំជម្រះ​នៅឡើយ​ទេ​។ អង្គរក្ស​រូបនេះ​ត្រូវបាន​ចោទ​ពីបទ​«​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

​លោក សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បញ្ចា​ក់ថា លោក​កំពុង​រង់ចាំ​ដីកា​ពី​តុលាការ​ដើម្បី​តាម​ចាប់ខ្លួន​ជននេះ​។

​លោក​ថា​៖ «​សំណុំ​រឿងនេះ​បានប្រគល់​ជូន​ចៅក្រម​អស់ហើយ​ដូច្នេះ​ចៅក្រម​ជា​អ្នក សម្រេច​។ បើសិនជា​ករណី​ភ្លាមៗ​យើង​អាច​ចាប់បាន​»​។ លោក​ក៏បាន​បញ្ជាក់ដែរថា​លោក​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​អង្គរក្ស​របស់ លោក សុខ ប៊ុន នៅឡើយ​នោះទេ​។​
​ចៅក្រម​លោកស្រី ស៊ លី​ណា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​៕

ចំនួនអ្នកទស្សនា

    20213467

  • ថ្ងៃនេះ2801
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14991
  • ខែនេះ2801
  • ឆ្នាំនេះ986021
  • សរុប20213467