ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦ម្សិលមិញបានលើកបណ្តឹងទាស់របស់ជនជាប់ចោទ ៣ នាក់ពាក់ព័ន្ធនឹងបទប្លន់បាញ់សម្លាប់ជនរងគ្រោះស្លាប់ ២ នាក់នៅភូមិ-ឃុំ កកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៤ មកជំនុំជម្រះបន្ទាប់ពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ ៣០ ឆ្នាំ។
អ្នកស្រីចៅក្រម ទិត សុទ្ធីបូរ៉ាល័ក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុចំពោះមុខជនជាប់ចោទ ថាសំណុំរឿងនេះមានជនជាប់ចោទឈ្មោះ ភិន ភន ភេទប្រុសអាយុ ៦២ ឆ្នាំរស់នៅភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង, នាង ស៊ីណា ភេទប្រុស អាយុ ៣៣ ឆ្នាំរស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឈ្មោះ នឹម ចិត្ត ភេទប្រុសអាយុ ៣៣ ឆ្នាំរស់នៅភូមិព្រែកកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមអង្គហេតុបង្ហាញថានៅវេលាម៉ោង ១០ យប់ថ្ងៃទី ២៣ ឧសភាឆ្នាំ ២០១៤ ខណៈម្ចាស់ផ្ទះលក់សាច់ឆ្កែរៀបចំបិទទ្វារផ្ទះក៏ត្រូវក្រុម ចោរប្លន់មានគ្នា ៣ នាក់ពាក់ម៉ាស់មុខប្រដាប់ដោយកាំភ្លើងអាកា ១ ដើមនិងកាំភ្លើងខ្លី ១ ដើមបាញ់សម្រុកចូលផ្ទះ និងបានស្រែកគំរាមរកលុយ។ ពេលនោះក្រុមចោរប្លន់បានបាញ់ជាង ១០ គ្រាប់បណ្តាលឲ្យត្រូវចំដើមទ្រូងឈ្មោះ សឿម ចាន់ ភេទប្រុសអាយុ ២៤ ឆ្នាំ និងឈ្មោះ គឿន ធារី ភេទស្រីអាយុ ៣១ ឆ្នាំជាកូនម្ចាស់ផ្ទះស្លាប់នៅកន្លែង និងឈ្មោះ សឿម ផល្លី រងរបួសធ្ងន់។ ឯក្រុមចោរយកបានប្រាក់ជិត ៣០ ម៉ឺនរៀល និងមាសប្លាទីនចំនួន ៣ ជីហើយរត់គេចខ្លួនតែក្រោយមកត្រូវសមត្ថកិច្ចតាមចាប់បាន។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តបាត់ដំបងបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ ៣០ ឆ្នាំចោទពីបទឃាតកម្មគិតទុកជាមុនតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងបន្ទប់សវនាការជនជាប់ចោទឈ្មោះ នឹម ចិត្ត ឆ្លើយថា៖ «ថ្ងៃនោះខ្ញុំជាអ្នកកាន់កាំភ្លើងអាកាបាញ់ជាមួយឈ្មោះ ម៉ៅ តែគេរត់ទៅប្រទេសថៃបាត់ហើយតែខ្ញុំសូមតុលាការបន្ថយទោសដល់ខ្ញុំ ។ ឯចំពោះ ភិន ភន និង នាង ស៊ីណា ថាមិនបានប្រព្រឹត្តដូចការចោទទេ និងសូមតុលាការដោះលែងឲ្យមានសេរីភាពវិញ»។
ទោះយ៉ាងណាព្រះរាជអាជ្ញា តាន់ សេណារ៉ុង តំណាងមហាអយ្យការសន្និដ្ឋានថាសំណុំរឿងនេះមានភាពស្មុគស្មាញច្រើន ហើយបើតាមកំណត់ហេតុគឺថាជនជាប់ចោទបានឆ្លើយសារភាពជាហូរហែ ប៉ុន្តែជាការកត់សម្គាល់គឺចម្លើយនៅនគរបាលយុត្តិធម៌ និងនៅចៅក្រមស៊ើបសួរពុំមានមេធាវីទេ។
លោកថ្លែងកត់សម្គាល់ថា៖ «ក្នុងបទឧក្រិដ្ឋបែបនេះការសួរចម្លើយជនជាប់ចោទតម្រូវឲ្យមាន មេធាវីនេះជាចំណុចខ្វះខាតយ៉ាងហោចណាស់ក៏ឲ្យជនជាប់ចោទមានមេធាវី ដើម្បីពន្យល់ពីផ្លូវច្បាប់ដល់ពួកគេដែរ។ អង្គហេតុនេះគួរក្រុមប្រឹក្សាពិចារណាព្រោះជនជាប់ចោទម្នាក់ថា ២ នាក់ទៀតមិនបានចូលរួមទេ។ យើងបិទភ្នែកទទួលយកអង្គហេតុជម្រះចេះតែបានហើយប៉ុន្តែបើរឿងនោះ មិនពិតធ្វើឲ្យជនជាប់ចោទ ២ នាក់មានវិប្បដិសារៈប្រសិនបើក្រុមប្រឹក្សាគ្រាន់តែយករបាយការណ៍មក ចោទនោះ។ តែខ្ញុំមិនមែនការពារជនជាប់ចោទទេប្រសិនជាការពិតគឺការដាក់ទោស ៣០ ឆ្នាំនេះត្រឹមត្រូវហើយព្រោះអំពើនេះសាហាវណាស់»។
លោក ហម មុនី មេធាវីការពារសិទ្ធិជនជាប់ចោទទាំង ៣ នាក់សន្និដ្ឋានថា៖ «ការប្រព្រឹត្តរបស់កូនក្តីខ្ញុំ ២ នាក់ជាអំពើលួចទេតែជនរងគ្រោះតដៃទើបបង្កើតឲ្យមានការបាញ់ហើយ ការស៊ើបសួរកូនក្តីខ្ញុំក៏គ្មានមេធាវីទៀត។ តែយ៉ាងណាសូមតុលាការបន្ថយទោសកូនក្តីម្នាក់ និង ២ នាក់ទៀតសូមដោះលែងវិញផង»។
ក្រោយជំនុំជម្រះប្រមាណមួយម៉ោងមកអ្នកស្រីចៅក្រម ទិត សុទ្ធីបូរ៉ាល័ក្ខណ៍ ថ្លែងថាសាលដីកានេះនឹងប្រកាសនៅថ្ងៃទី ២ ខែមីនាខាងមុខ៕