តុលា​ការចុះអនុវត្ត​សាលក្រម​រុះរើ​ផ្ទះ​យក​ដី ម្ចាស់​ស្រែកយំ​ថា អយុត្តិធម៌​ណាស់​

25-February-2016 | ដោយ មែន កំសត់



​ព្រៃវែង ៖ លោក​ឈឿន សុ​ផុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ ២០១៦ ដឹកនាំ​កម្លាំង​អាវុធហត្ថ​ប្រមាណ​២០​នាក់​ចុះទៅ​បង្ខំ​រុះរើ​ផ្ទះ ប្រជាពលរដ្ឋ​១​គ្រួសារ ក្នុង​នៅ​ភូមិ​ឧ​ត្ត​ម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដើម្បី​យក​ដី​ប្រគល់​ទៅឱ្យ​ភាគី​ម្ចាស់បំណុល ។​

​សកម្ម​ភាពចុះ រុះរើ​នេះ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​អះអាងថា គឺជា​ការចុះអនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល​លេខ​៤១១(​គ​) ចុះ​ថ្ងៃទី​១៥ កញ្ញា ២០១៣ ដែល​តម្រូវឱ្យ​ភាគី​ម្ចាស់ផ្ទះ ដែលជា​កូនបំណុល​ឈ្មោះ​សុខ នី សងលុយ​ទៅ​ម្ចាស់បំណុល​ឈ្មោះ​ប្រាក់ ហោ​លី ចំនួន​៩.៦០០​ដុល្លា ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​សង​តាម​អំណាច​សាលក្រម ទើប​សាលាដំបូង​ខេត្ត​អនុវត្ត​នីតិវិធី​​បង្ខំ ដោយ​យក​ដី​ទៅ​លក់ឡៃ​ឡុង​យកប្រាក់​ទៅ​សង​ម្ចាស់បំណុល និង​រុះរើ​ផ្ទះ​យក​ដី​ទៅឱ្យ​អ្នក​ដែល​បាន​ទិញ​ពី​តុលាការ ។​

​ស្ត្រី ឈ្មោះ​សុខ នី ព្រមទាំង​ក្រុមគ្រួសារ​បាន​ប្រាប់​ឱ្យដឹងថា ការ​ចុះមក​រុះរើ​ផ្ទះ​របស់​ពួកគាត់​យក​ដី​ប្រគល់​ទៅឱ្យគេ​នេះ គឺ​អយុត្តិធម៌​ណាស់ សំរាប់​ពួកគាត់​ព្រោះ​ពួកគាត់​សុខចិត្ត​សងលុយ​ឱ្យគេ​ហើយ ប៉ុន្តែ​ម្ចាស់បំណុល​ខ្លួនឯង​មិន​ព្រម​ទទួលយក គឺ​ទាមទារ​យក តែ​ដី​របស់គាត់ ហើយ​ពេលនេះ​មក​រុះរើ​ផ្ទះ​របស់គាត់​អស់ តើ​អោយ​គាត់​ទៅ​រស់​នៅឯណា​។​
​បងស្រី សុខ នី បាន​រៀបរាប់​ប្រាប់​ពី​ប្រវត្តិ​រឿងរ៉ាវ​របស់គាត់​ថា ដំបូង​ឡើយ​គាត់​ជំពាក់​លុយ​ឈ្មោះ​ប្រាក់ ហោ​លី តែ​៨​ពាន់​ដុល្លា​​ប៉ុ ណ្ណោះ ហើយ​គាត់​បាន​បង់លុយ​ថ្លៃ​ការប្រាក់​ឱ្យ​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​៦​ម៉ឺន​រៀល គាត់​បង់ការ​ឱ្យបាន​២​ឆ្នាំ ប្តី​គាត់​ឈឺ​ស្លាប់​គាត់​គ្មាន​លទ្ធភាព​បង់​បន្ត ក៏​សុំ​ម្ចាស់បំណុល​បង់​១​ខែ​១០០​ដុល្លា​វិញ ។ ហើយ​គាត់​បង់​បាន​១​ឆ្នាំ ក៏​អស់​លទ្ធភាព​រកលុយ​ម​កបង់​បន្ត​លែង​បាន ស្រាប់តែ​ម្ចាស់បំណុល​ឈ្មោះ​ប្រាក់ ហោ​លី មក​ដេញ​ឱ្យ​គាត់​និង​គ្រួសារ​ចេញពីផ្ទះ​ប្រគល់​ផ្ទះ និង​ដី​ឱ្យគេ តែ​គាត់​មិន​ព្រម​ចេញ​ទើប គេ​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ។​
​ប្រភព​ដដែល​បន្តទៀត​ថា សាលាដំបូង​ខេត្ត​បាន​កាត់​ឱ្យ​គាត់​សងលុយ​ទៅ​ឈ្មោះ​ប្រាក់ ហោ​លី ចំនួន​៩.៦០០​ដុល្លា តែ​គាត់​ជំទាស់​ក៏​ប្តឹង​បន្តទៅ​ឧទ្ធរណ៍ សាលា​ឧ​ទ្ធ​រ​ណ៌​កាត់​ឱ្យ​គាត់​សងលុយ​គេ​ទៀត ។ គាត់​ក៏​ប្តឹងទៅ​កំពូល​ទៀត ហើយ​សាលា​កំពូល​ក៏បាន​កាត់​ដំកល់​សាលក្រម​សាលាឧទ្ធរណ៍​ទុកជាបានការ ដដែល ទើប​គាត់​សុំ​ចរចា​ជាមួយ​ឈ្មោះ​ប្រាក់ ហោ​លី សុំ​សង​រំ​លោះ​ម្តង​បន្តិចៗ​គ្រោះ​គ្មាន​លុយ​សង​ទាំង​ដុំ ប៉ុន្តែ​គេ​មិន​ព្រម​ទាមទារ​អោយ​សង​ទាំងអស់​ក្នុងពេល​តែម្តង​។​

​លុះ​ក្រោយមក​ស្រាប់តែ​ឮដំណឹង​ថា តុលាការខេត្ត បាន​យក​ដី​គាត់​ទៅ​លក់ឡៃ​ឡុង យកប្រាក់​សង​ម្ចាស់បំណុល​ហើយ ហើយ​អ្នក​ដែល​ទិញ​ដី​ពី​តុលាការ​នោះ គឺជា ប្រាក់ ហោ​លី ម្ចាស់បំណុល​នេះ​តែម្តង ហើយ​រហូតមកដល់​ថ្ងៃទី​១៩ កុម្ភៈ លោក​ព្រះរាជអាជ្ញា ឈឿន សុ​ផុន បាន​ដឹកនាំ​កម្លាំង​ប៉ូលិស អាវុធហត្ថ​ចុះមក​រុះរើ​ផ្ទះ​របស់គាត់ យក​ដី​ឱ្យទៅ​ឈ្មោះ​ប្រាក់ ហោ​លី តែដោយសារ​ពួកគាត់​រារាំង​មិន​ព្រមអោយ​រុះរើ ទើប​លោក​ព្រះរាជអាជ្ញា​ដកថយ​ទៅវិញ រហូតមកដល់​ថ្ងៃទី​២៥ កុម្ភៈ នេះ ក៏​ដឹកនាំ​កំលាំង​អាវុធហត្ថ​មកជា​លើក​ទី​២​ទៀត ពេលនេះ​គេ​រុះរើ​ផ្ទះ​របស់គាត់​បានសម្រេច​ហើយ ហើយ​ពួកគាត់​ក៏​អស់​ផ្ទះ​រស់នៅ​ដែរ តើ​អោយ​ពួកគាត់​ទៅ​នៅឯណា សូមជួយ​គាត់​ផង ។​

​ដោយឡែក​លោក ប្រាក់ ហោ​លី ភាគី​ខាង​ម្ចាស់បំណុល​វិញ​បាន​ប្រាប់​អោយដឹងថា ដំបូង ឡើយ​ឈ្មោះ សុខ នី បាន​លក់​ផ្ទះ​និង​ដី​អោយ​គាត់​ក្នុងតម្លៃ​៨២​ដុល្លារ ប៉ុន្តែ​មាន​លក្ខ​ណ័​២ គឺ ក្នុង​រយៈពេល​២​ខែ​បើ​គាត់​មាន​លុយ​អាច​ទិញយក​ផ្ទះ​និង​ដី​វិញ​បាន ហើយ​ក្នុងអំឡុងពេល​២ ខែ​នេះ​គាត់​សុំ​ជួល​ផ្ទះ​នេះ​រស់នៅ​សិន ដោយ​អោយ​ថ្លៃឈ្នួល​៦​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​គាត់ បង់លុយ​ថ្លៃ​ជួល​ផ្ទះ​បានតែ​១​ខែ ស្រាប់តែ​លែង​បង់​អោយ ហើយ​ពេល​គាត់​ទៅ​ដេញ​អោយ ចេញពីផ្ទះ​វិញ បែរជា​គេ​មិន​ព្រម​ចេញ​ទើប​គាត់​( ប្រាក់ ហោ​លី )​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ហើយ​ទាំង​សាលាដំបូង សាលា​ឩ​ទ្ធ​រ​ណ៌ និង​សាលា​កំពូល បាន​កាត់​អោយឈ្មោះ សុខ នី នេះ​សងលុយ​អោយ​គាត់​ដូចគ្នា តែ​ឈ្មោះ សុខ នី មិន​ព្រម​សង​រហូត​អស់​ជំរើស​ចុងក្រោយ លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត អនុវត្ត​និតិ​វិធី​បង្ខំ​ដោយ​យក​ដី​នោះ​ទៅ​លក់​ឡាយឡុង ដើម្បី​យកប្រាក់​មក​សង​គាត់ ហើយ​មកដល់ពេលនេះ​រឿង​ប្រាក់​ដែល សុខ នី ត្រូវ​សង​គាត់ នោះ គឹ​តុលាការ​បាន​កាត់​សង​រួច​អស់ហើយ​។​

​ទោះជា យ៉ាងណាក៏ដោយ ភាគី​ខាង​ម្ចាស់ផ្ទះ បានបង្ហាញ​ពី​ឯកសារ​របស់​ក្រសួងយុត្តិធម៌ ដែល​ជំរាបជូន​លោក​ប្រធាន​សាលាដំបូង និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង អោយ​ផ្អាក​សកម្ម​ភាពចុះ​រុះរើ​ផ្ទះ​របស់​ឈ្មោះ សុខ នី នេះ​សិន​ប៉ុន្តែ​មិនដឹង​មាន​ហេតុផល​យ៉ាងម៉េច​នោះទេ ទើប​លោក​ព្រះរាជអាជ្ញា នៅតែ​បន្ត​ដឹកនាំ​កំលាំង​ចុះមក​រុះរើ​ផ្ទះ​ខាងលើនេះ​ដដែល គឺ​ធ្វើ​ទាល់តែ​បានសំរេច​។ ហើយ​នៅក្នុង​សកម្ម​ភាពចុះ​រុះរើ នា​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ​នេះ ដំបូង​គេ​ឃើញ​ក្រុមគ្រួសារ​ម្ចាស់​បាន​គំរាមថា នឹង​យក​កាំបិទ​អាករ​សម្លាប់ខ្លួន បើ សិន​ជា​សមត្ថកិច្ច​នៅតែ​ជំនះ​ចូល​រុះរើ​ផ្ទះ​របស់គាត់​ទៀត ប៉ុន្តែ​នៅពេលដែល​លោក​ព្រះរាជអាជ្ញា​បញ្ជា​អោយកំលាំង​អាវុធហត្ថ ចូលចាប់​ស្ត្រី​៣​នាក់​វាយខ្នោះ​ញាត់​បញ្ចូល​ឡាន​ដឹកយក ទៅ​ឃុំ​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ស្រុក​ពាមរ​ក៌ និង​បញ្ជា​អោយ​ចាប់​វាយខ្នោះ​អ្នកផ្សេងៗ​ទៀត​បើ​នៅតែ​រឹងទទឹង​នោះ ទើប​ក្រុមគ្រួសារ​ម្ចាស់ផ្ទះ​៧-៨​នាក់​ទៀត លែង​ហ៊ាន​ប្រឆាំង ហើយ​សុខចិត្ត​ដើរចេញ ជាមួយនឹង​សំឡេង​យំយែក​ស្រែកថា អយុត្តិធម៌​ណាស់​។​

​គួរ បញ្ជាក់ថា ក្រោយពី​មិនអាច​តតាំង​ជាមួយ​កំលាំង​សមត្ថកិច្ច​បាន ក្រុមគ្រួសារ​ម្ចាស់ផ្ទះ បាននាំគ្នា​ឡើង​ជិះ​ម៉ូតូ​រ៉ឺម៉ក ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ចំនួន​ជាង​២០​នាក់ ដែល​តាម​ប្រភព​ច្បាស់ការ​បាន​អះអាងថា គឺ​ទៅកាន់​ខុ​ទ្ធ​កាល័យ​នាយករដ្ឋមន្ត្រី ស្នើ​សុំអោយ​សម្តេច​តេ​ជោ​ជួយ​អន្តរា​គម​រក​យុត្តិធម៌​អោយ​ពួកគាត់​ផង​៕

ចំនួនអ្នកទស្សនា

    20213437

  • ថ្ងៃនេះ2771
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14961
  • ខែនេះ2771
  • ឆ្នាំនេះ985991
  • សរុប20213437