ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បើកសវនាការជំនុំជម្រះសំណុំរឿងយុវជនម្នាក់ជាអតីតនិស្សិត សាកលវិទ្យាល័យខេមរៈដែល អំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវ បានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្ដន្ទាទោសពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។
យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃ ណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្ដូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ ” ៕