ត្បូងឃ្មុំ៖ ក្រុមគ្រួសារចំនួន០២ ដែលមានជីវភាពទីទ័លក្រ ស្ថិតនៅក្នុងភូមិ ស្លាបក្ដោង ឃុំ ជប់ ស្រុក-ខេត្ត ត្បូងឃ្មុំ កំពុងទន្ទឹង និងដង្ហើយរងចាំ ដំណោះស្រាយពី លោកព្រះរាជអាជ្ញា ហៀង សុភ័ក្រ នៃសាលាដំបូងខេត្តត្បូងឃ្មុំ។ រហូតមកដល់ថ្ងៃនេះមានរយៈពេល ជាង ០៣ខែ ទៅហើយដែលទន្ទឹងរងចាំ ដំណោះស្រាយសមស្របណាមួយពីសាលាដំបូងខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យ ជនរងគ្រោះ ០២នាក់ ត្រូវបានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ៈ ទី១ មានឈ្មោះ ឈិន សំណាង(ស្លាប់) ភេទប្រុស អាយុ១៨ឆ្នាំ ទី២ ឈ្មោះ ស្រី ហុងសៀង(ស្លាប់) និងទី៣ ឈ្មោះ សៅ សុគ័ន ភេទប្រុស អាយុ២១ឆ្នាំ រងរបួសធ្ងន់។
ជាមួយនឹងទឹកភ្នែករលីងរលោង លោកស្រី ហេង អេងយាន និងលោកស្រី ឈិន ឆៃគីម ដែលជាអាណាព្យាបាលរបស់ជនរងគ្រោះទាំង ០៣ បានរៀបរាប់អំពីដំណើររឿង កូនប្រុសគាត់ដែលត្រូវបានរថយន្តបង្កដែលមានស្លាកលេខ កំពង់ស្ពឺ 2A 0779 បានឆាបឆក់ជីវិតកូន និងក្មួយរបស់ពួកគាត់យ៉ាងអាណោចអាធម។ លោកស្រីបានលើកឡើងជាមួយការអួលអាក់ដើមក បន្ថែមទៀតថា ពួកគាត់ជាគ្រួសារក្រីក្រក្នុងភូមិ ជួបទុក្ខជាទម្ងន់ដោយសារកូនប្រុស ទទួលគ្រោះថ្នាក់ដល់ស្លាប់បន្ទាប់មក លោកអធិការស្រុកត្បូងឃ្មុំបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ មកដល់ពេលនេះ មានរយៈពេលជាង ០៣ខែទៅហើយ ពុំមានការសាកសួរពីសាលាដំបូងខេត្តនៅឡើយ។
តាមរយៈសារពត៌មានខ្លុយខ្មែរ “ដោយនាងខ្ញុំជាក្រុមគ្រួសាររងគ្រោះ ពុំមានថវិកា សម្រាប់ធ្វើបុណ្យ ដើម្បីបញ្ជូនកុសលដល់ជនរងគ្រោះដែលបានស្លាប់ឡើយ ហើយសូមអំពាវនាវ ដល់លោកព្រះរាជអាជ្ញា ហៀង សុភ័ក្រ ជួយ រកដំណោះស្រាយដល់ក្រុមគ្រួសារនាងខ្ញុំផង” ។
គួរបញ្ជាក់ផងដែរ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២១ ខែវិច្ឆកា ឆ្នាំ ២០១៥ ដែលបង្កឡើងដោយរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 2A 0779 ស្ថិតក្នុងចំណុចភូមិច្រក់ចំបក់ ឃុំជប់ស្រុក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ និងរបួសធ្ងន់ម្នាក់ រីឯរថយន្តបង្ក រក្សាទុកនៅអធិការដ្ឋានស្រុកត្បូងឃ្មុំ។