កំពង់ចាម៖ លោក ខៀវ សន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្កាប់ឲ្យឃុំខ្លួន លេខ ១៥៧ឃ.ខ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនឈ្មោះ ចេង វិសាល ពីបទៈបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រយត្ន័បណ្តាលអោយរបួស និងស្លាប់ដល់អ្នកដទៃ ។
គួររំលឹកដែលថា នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ពានព្រែក ភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី រវាងរថយន្តម៉ាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២G-៣២៦៧ បើកបរដោយឈ្មោះ ចេង វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ២២B សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ក្នុងដំណើរពីជើងទៅត្បូង) ដោយដឹកទុយោតូចចំនួន៥០ដើម និងទុយោធំ០៤ដើម ហើយបាក់ទំពួកចងខ្សែររួចរេលទុយោទៅបុកអ្នកបើកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សគ្មានស្លាកលេខ បើកបរដោយឈ្មោះ សេក បូវីន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេតុតកំពង់ចាម(ក្នុងដំណើរពីត្បូងទៅជើង) បណ្តាលអោយអ្នកបើកបរម៉ូតូដូលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកជិះជាមួយឈ្មោះ ពុយ ស៊ីបូរិន ភេទស្រី អាយុ៥៣ឆ្នាំ រង់របួសធ្ងន់(ត្រូវជាម្តាយអ្នកបើកបរ) ហើយអ្នកបើករថយន្ត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុផងដែរ ។
យោងតាម ៖ មាត្រា ៨៣. ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រយត្ន័ ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើស ពី ៨(ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើត ហេតុត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរ លាន)រៀល ទៅ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល ទៅតាមបទល្មើសដែលខ្លួនបាន ប្រព្រឹត្ត ។មាត្រា ៨៥ .ជនណាបើកបរដោយធ្វេសប្រហែស ខ្ចីខ្ចា មិនប្រយត្ន័ ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់ អ្នកដទៃត្រូវផ្តន្ទា ទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០(បួនលាន)រៀល ទៅ ២៥,០០០,០០០(ម្ភៃប្រាំលាន)រៀល ទៅតាមបទល្មើសដែលខ្លួនបាន ប្រព្រឹត្ត ។
បច្ចុប្បន្នជនល្មើស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ ។
សូមអ្នកបើកបរយានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់វិនាទីនៅពេលបើបរ ៕