តុលាការ​កំពូលជំនុំជម្រះក្ដី អតីតមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ប្រព្រឹត្ត​អំពើពុករលួយ

04-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​នេះ តុលាការ​កំពូល បើកសវនាការ​ជំនុំជម្រះ លោក ចែម សង្វារ អតីត​អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន អធិការកិច្ច ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​ជាប់ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ទឹកប្រាក់​ប្រមាណ​៧០​ម៉ឺន ដុល្លា​អាមេរិក​។ មន្ត្រី​តុលាការ​កំពូល ថ្លែងថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង លោក នៅ មុនី​ជោ​ត ជា​តំណាង​មហាអយ្យការ ។​

​លោក ចែម សង្វារ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​៧​ឆ្នាំ និង​ពិន័យ​២០​ម៉ឺន​ដុល្លារ ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​ចំនួន​៥០​ម៉ឺន​ដុល្លា​អាមេរិក ថែម​ទៀតផង ។ លោក ចែម សង្វារ ជាប់ចោទ​ពីបទ គៃបំបាត់​ធ្វើ​ដោយ​អ្នករាជការ និង​បទ មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល (​ប្រកាស​មិន​ត្រឹមត្រូវ​) និង​មានទ្រព្យ​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៨ ឆ្នាំ​២០១១ និង ឆ្នាំ​២០១៣ ។​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) លេខ​០១៤/១៤ សជណ ចុះ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ បង្ហាញថា លោក ចែម សង្វារ បាន​បើកប្រាក់​ធានា​ប្រតិបត្តិការ​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុនទូរស័ព្ទ​មួយ ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង ការប្រកាស​មិន​ត្រឹមត្រូវ​អំពី​ទ្រព្យ​ដែល​ខ្លួន​មាន ព្រមទាំង​ភាព​មិនអាច​ពន្យល់បាន​នៃ​លុយ​ដុល្លា ​ក្រៅ​ធនាគារ​ចំនួន​៥០​ម៉ឺន ដុល្លា​អាមេរិក ដែល​បាន​កើតឡើង​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល កាលពី​ឆ្នាំ​២០១១ និង ឆ្នាំ​២០១៣​។​

​គួរ​បញ្ជាក់ថា លោក ចែម សង្វារ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៤ ដែល​រហូតដល់​ទល់​ពេលនេះ លោក ចែម សង្វារ បាន​ជាប់ពន្ធនាគារ​ជិត​២​ឆ្នាំ មកហើយ ។​
​ទោះបីយ៉ាងណា​សវនាការ​នេះ ត្រូវបាន​លើក​ពេល​ទៅក្រោយ​វិញ ព្រោះ​ជនជាប់ចោទ​គ្មាន​មេធាវី និង​ជនជាប់ចោទ​ស្នើ​មាន​មេធាវី​ផ្ទាល់ខ្លួន​៕

ចំនួនអ្នកទស្សនា

    20213567

  • ថ្ងៃនេះ2901
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15091
  • ខែនេះ2901
  • ឆ្នាំនេះ986121
  • សរុប20213567