ភ្នំពេញ ៖ លោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់បម្រើការងារនៅអង្គភាព បញ្ជូនសារក្រសួងការពារជាតិ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ រួចប្រគល់ទៅឲ្យអង្គភាពសាមី ចាត់វិធានការតាមបទបញ្ជាកងកម្លាំងប្រដាប់អាវុធ ។
មន្ត្រីតុលាការដដែល បន្តថា ជនបង្ករូបនេះឈ្មោះ អ៊ុង គឹមហេង អាយុ៣១ឆ្នាំ រីឯ ជនរងគ្រោះឈ្មោះ រៀម ឃួន ហៅ វី ។តាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីបាញ់បោះសេរី នៅចំណុចក្បែរផ្សារហេងលី ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយឈ្មោះ អ៊ុង គឹមហេង ជាមន្ត្រីយោធាស័ក្តិ៤ នៅក្រសួងការពារជាតិ ។
ប្រភពព័ត៌មាន បន្តថា ឈ្មោះ អ៊ុង គឹមហេង បានបើករថយន្តម៉ាក Lexus RX330 ពាក់ស្លាកលេខ ខម ២_៦៨៨២ ហើយបាញ់ ចំនួន១គ្រាប់ គំរាម ទៅលើអ្នក ជិះម៉ូតូតាមផ្លូវ ខណះដែលមាន គ្រោះ ថ្នាក់ ចរាចរណ៍បន្តិចបន្តួច។ ក្រោយហេតុការណ៍នេះ ជនបង្កបានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ប៉ុន្តែ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ករូបនេះ បញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់ ៕