ភ្នំពេញ៖ ក្រោយបញ្ចប់ការបង្ហាញមុខ ដល់ក្រុមសារព័ត៌មានរួចមក នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បានបញ្ជូនឈ្មោះ សាន្ត ប៊ុនធឿន មានមុខរបរជាអ្នកកាសែតទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ ពីបទប្រមាថថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាល និងបើកម៉ូតូមិនគោរពច្បាប់ចរាចរណ៍ ពោលមិនពាក់មួកសវុត្ថិភាព ម៉ូតូអត់ ស្លាកលេខ និងមានជាតិអាល់កុលខ្ពស់ទៀតផង។
លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ ប្រធានក្រុមផ្នែកយកព័ត៌មាន របស់គេហទំព័រខ្មែរ អាយញូវ និងត្រូវបាន គេស្គាល់លើបណ្តាញសង្គម Facebook នោះ ត្រូវបានកម្លាំងនគរបាលនៅគោលដៅ ត្រួតពិនិត្យចរាចរណ៍តាមផ្លូវជាតិលេខ៤ បញ្ជរបង់ប្រាក់កំបូល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។
មូលហេតុដែលនាំឲ្យ មានការឃាត់ខ្លួនអ្នកកាសែតរូបនេះ បានធ្វើឡើងដោយសារតែរូបគេ និងដៃគូម្នាក់ទៀត ជិះម៉ូតូម៉ាក PCX មិនពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល ០,៦៤មីល្លីក្រាម ក្នុងមួយលីត្រខ្យល់។ លោក ចីវ ហាក់ នាយការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «នៅយប់មិញនេះកម្លាំងរបស់យើង ដែលស្ថិតនៅតាមគោលដៅ ក្នុងរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកបើកបរដែលមានជាតិអាល់កុល ត្រូវច្បាប់បានកំណត់នោះ មានចំនួន៩នាក់ ក្នុងនោះអ្នកបើករថយន្ត២នាក់ និងម៉ូតូ៧នាក់ ហើយនៅយប់មិញនេះក៏មានឈ្មោះ សាន្ត ប៊ុនធឿន ដែលជិះម៉ូតូដឹកគ្នា២នាក់ អត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល»។
នាយការិយាល័យរូបនេះ បានបញ្ជាក់ផងដែរថា មិនត្រឹមតែបើកម៉ូតូ មិនគោរពច្បាប់ចរាចរណ៍នោះទេ តែបុគ្គលរូបនេះបានប្រើពាក្យ ប្រមាថថ្នាក់ដឹកនាំកំពូលៗ អសីលធម៌ ទើបយើងសម្រេចឃាត់ខ្លួនតែម្តង។ សម្រាប់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ជារៀងរាល់យប់នេះ ត្រូវបានលោក ចីវ ហាក់ លើកឡើងពីការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយ បទល្មើសពីព្រោះជាតិអាល់កុល បានរួមចំណែកប្រមាណ៥ភាគរយផងដែរ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ៕