កណ្ដាល៖ ផ្តើមចេញពីការខឹងសម្បារក្មេងប្រុសអាយុ ១០ឆ្នាំ រាយការណ៍រឿងលួចលុយវត្ត ជនល្មើសបីនាក់បានព្រួតគ្នាយកក្រមារឹតកក្មេងប្រុសរហូតដល់ស្លាប់ គួរឲ្យអាណោចអាធ័ម។ ទោះបីយ៉ាងណាក្រុមជនល្មើសត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅ តុលាការ ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីតុលាការខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមជនល្មើសទាំងបីនាក់មានឈ្មោះ ឈឿន ឈី អាយុ២៧ឆ្នាំ ឈ្មោះ លីប គីមលាប អាយុ២៤ឆ្នាំ និង ឈ្មោះ ធី ម៉េងហ៊ង អាយុ១៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ។
មន្ត្រីដដែលបន្តថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រុមជនល្មើសទាំងបីនាក់ ត្រូវបានបញ្ជូនមកកាត់ទោស ដោយមានលោក ងួន វុទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោកស្រី សុន សុខាលីដា ជាតំណាងអយ្យការ ។
បើតាមការបញ្ជាក់របស់អនុរក្ស ពន្ធនាគារខេត្តកណ្ដាលបានឲ្យដឹងថាក្រុមជនល្មើសត្រូវបានតុលាការ ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ បទល្មើសនេះកំណត់ការផ្តន្ទាទោសអស់មួយជីវិត។ អង្គហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺផ្តើមចេញពីក្មេងប្រុសអាយុ១០ឆ្នាំ បានរាយការណ៍ប្រាប់លោកតាអាចារ្យថា ក្រុមជនល្មើសទាំងបីនាក់បានលួចលុយក្នុងវត្ត។ នៅថ្ងៃកើតហេតុក្រុមជនល្មើសបានយកក្រមារឹតកក្មេងប្រុសរហូតដល់ ស្លាប់ ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោលជាច្រើនម៉ោង លោកចៅក្រម ងួន វុទ្ធីបានសម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះវិញ៕