តុលាការ ឃុំខ្លួន​មេភូមិ និង​ប្រពន្ធ នៅ ត្រពាំង​ប្រាសាទ ពាក់ព័ន្ធ​ថ្នាំញៀន

14-March-2016 | ដោយ មែន កំសត់



​ឧ​ត្ត​រ​មានជ័យ​៖  លោក​មេភូមិ សែន​សុខ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ និង​ប្រពន្ធ​គាត់ ត្រូវ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សម្រេច​ឃុំខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​«​ជួញដូរ​ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន​» ប្រភេទ​យ៉ាម៉ា​ចំនួន​៧០ គ្រាប់ កាលពី​សប្តាហ៍​មុន​។​

លោក គយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង ថា​៖ តុលាការខេត្ត​បាន​ចោទប្រកាន់​ប្រធានភូមិ​ម្នាក់​ឈ្មោះ សេង រ៉ា អាយុ​៦០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភោគ មឿ​ន អាយុ​៥៧​ឆ្នាំ បន្ទាប់ពី​កងរាជអាវុធហត្ថ ស្រុក ត្រពាំង​ប្រាសាទ ចុះបង្ក្រាប​និង ឆែក​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៧០ គ្រាប់ និង ឧបករណ៍​ពាក់ព័ន្ធ​មួយចំនួន រួច​បាន​ឃាត់​ពួកគេ​បញ្ជូនមក​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។
​លោក​បន្តថា ជនជាប់ចោទ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​«​ជួញដូរ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​» យោងតាម​មាត្រា​ទី​៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២​។ លោក​បញ្ជាក់ថា​៖«​តុលាការ​បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំងពីរ​នាក់ ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត តែ​យើង​មិនដឹងថា នឹង​ជំនុំជម្រះ​នៅពេលណា​ទេ​»​។​
​តាម​ការសួរចម្លើយ​អ្នក​ទាំង ២ សេង រ៉ា ជា​ប្តី​បដិសេធថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ករណី​លក់​ថ្នាំញៀន​នេះ​ទេ ប៉ុន្តែ​មាន​ជន​ម្នាក់ទៀត​បាន​ផ្ញើ​ថ្នាំញៀន​ទាំងនេះ​ទុក​នៅក្នុង ផ្ទះ​គាត់​។ ប៉ុន្តែ​ផ្ទុយទៅវិញ ភោគ មឿ​ន ជា​ប្រពន្ធ​បាន​ប្រាប់ថា គាត់​ទើបតែ​ចាប់​លក់​ថ្នាំញៀន​លើក​ទី​១ នៅក្នុង​មូលដ្ឋាន​។​

​លោក ​វរសេនីយ៍ត្រី លី ដា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក ត្រពាំង​ប្រាសាទ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ « ជនជាប់ចោទ គឺជា​មុខសញ្ញា​ចាស់​របស់​សមត្ថកិច្ច ដែល​យើង​បាន​ឃ្លាំមើល​១​សប្តាហ៍​ហើយ ទើប​សហការ​ជាមួយនឹង​អាជ្ញាធរ​ស្រុក​និង​សុំ​ដីកា​ពី​ព្រះរាជអាជ្ញារ ចុះ​ឆែកឆេរ​និង​ធ្វើការ​ឃាត់ខ្លួន​»​។​

​តាម​របាយការណ៍​ផែនការ​៥ ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឆ្នាំ​២០១១-២០១៥ បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន​ស្ថិតនៅក្នុង​អាយុ​ពី​១៨-២៥ ឆ្នាំ មាន​៦០,៣៥​ភាគរយ អាយុ​ពី​២៦-៤៥​ឆ្នាំ មាន​៣០,៩៧​ភាគរយ និង​អាយុ​ពី​៤៦​ឆ្នាំ​ឡើង​មាន ២,៣៩​ភាគរយ​។​

​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ដែល​គេ​ហៅថា យ៉ាម៉ា ជា​ប្រភេទ​គ្រាប់​គឺជា​គ្រឿងញៀន​ដែលមាន​ការនិយម​ជាងគេ ប៉ុន្តែ ការប្រើប្រាស់​មេ​តំ​ហ្វេ​តា​មីន​ម្ស៉ៅ​(Ice) ក៏​កំពុង​កើនឡើង​ក្នុងចំណោម​យុវជន​នៅ​រាជធានី​។ ជាមួយគ្នានេះ​អត្រា​នៃ​ការប្រើប្រាស់​ថ្នាំញៀន​ច្រើនជាងគេ​មាននៅ ខេត្ត​ប៉ៃលិន ស្ទឹងត្រែង ព្រះសីហនុ និង​កោះកុង (​មាន​អត្រា​ច្រើនជាង​០,១១​ភាគរយ​នៃ​ប្រជាជន​) ភ្នំពេញ ខេត្តរតនគិរី ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង (​អត្រា​ចន្លោះ​ពី​០,១១​ទៅ​០,០៥)៕

ចំនួនអ្នកទស្សនា

    20493527

  • ថ្ងៃនេះ1241
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29191
  • ខែនេះ51071
  • ឆ្នាំនេះ51071
  • សរុប20493527