រតនគិរី៖ តុលាការខេត្តរតនគិរី កាលពីម្សិលមិញ បានកោះហៅមនុស្សពីរនាក់ឲ្យចូលបំភ្លឺទាក់ទងនឹងការកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តិកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ។ ការកោះហៅនេះធ្វើឡើងដោយចៅក្រមស៊ើបសួរលោក សាន ប៊ុនធឿន។
មនុស្សទាំងពីរនាក់ដែលត្រូវបានកោះហៅនេះមានលោក រចំ ហ្លើច មេឃុំប៉ក់ញ៉ៃ និងលោក ក្លាន ជីប មេភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ។ នៅមុនពេលដែលពួកគាត់ទៅបំភ្លឺនៅតុលាការនៅរសៀលម៉ោង ៤ ពួកគាត់ទាំង២ រួមជាមួយអ្នកភូមិ ៤០ នាក់ទៀត បានទៅជួបអង្គការអាដហុកនិងការិយាល័យអ្នកតំណាងរាស្ត្រខេត្ត ដើម្បីឲ្យជួយតាមដានករណីនេះ។
ការកោះហៅនេះធ្វើឡើងតាមបណ្តឹងរបស់រដ្ឋបាលព្រៃឈើមានមូលដ្ឋាន នៅស្រុក បរកែវ ដែលមានដែនសមត្ថកិច្ចគ្រប់គ្រង ស្រុកចំនួន ៣ គឺស្រុក បរកែវ ស្រុក អូរយ៉ាដាវ និងស្រុកអណ្តូងមាស។
លោក ឡេង យុគ ប្រធានរដ្ឋបាលព្រៃឈើក្នុងស្រុកទាំងបីនេះបានឲ្យដឹងថា ការកោះហៅនេះដោយសារមេភូមិនិងមេឃុំខាងលើមានជាប់ពាក់ព័ន្ធនឹងការ ទិញលក់ដីព្រៃរបស់រដ្ឋចំនួន ៦ ប្លង់ ដែលមានទំហំសរុប ៤២ ហិកតា។
លោកថ្លែងថា៖ «ខ្ញុំមិនបានប្តឹងមេភូមិនិងមេឃុំពីរនាក់នោះទេ។ ការកាប់រានដីព្រៃគឺយើងចងម្ចាស់(ដី) ប៉ុន្តែមេភូមិ មេឃុំនោះ ជាប់ពាក់ព័ន្ធនឹងការស៊ីញ៉េ ទិញលក់។ ខ្ញុំបានបញ្ជូនឯកសារទៅអស់ហើយ។ អញ្ជឹងការកោះហៅនេះជាតួនាទីរបស់តុលាការ វាហួសពីដៃខ្ញុំហើយ»។
ក៏ប៉ុន្តែ លោក ក្លាន ជីប បានបដិសេធថា មិនមានការទិញលក់ដីនៅចំណុចខាងលើទេ ហើយលោកក៏មិនបានកាប់រានដីព្រៃការពារដែរ គឺពលរដ្ឋក្នុងភូមិឃុំរបស់គាត់ទេដែលបានទៅធ្វើចម្ការវិលជុំនៅ លើដីនោះតាំងពីយូរណាស់មកហើយ។
លោកក៏បដិសេធថា ដីនោះមិនមែនជាដីការពារទេ៖«ដីនោះ នៅប្រហែល ២ គីឡូម៉ែត្រពីភូមិ មិនស្ថិតក្នុងតំបន់ការពារទេ ព្រោះដីព្រៃការពារនៅជើងភ្នំ។ ដីដែលពលរដ្ឋធ្វើចម្ការវិលជុំ គឺជាដីសមូហភាព ហើយមិនមានព្រំដែនច្បាស់លាស់ទេ»។
លោកបញ្ជាក់ថា មានគ្រួសារចំនួន ៧៣ ដែលបានអាស្រ័យផលនៅលើដីនោះ។
អភិបាលស្រុកអូយ៉ាដាវ លោក ម៉ា វិចិត្រ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានចុះទៅអប់រំពលរដ្ឋក្នុងមូលដ្ឋាននោះពីរដង រួចហើយថាដីនោះជាដីការពារ ជាដីសហគមន៍។
លោកថ្លែងថា៖ «យើងចុះពន្យល់រួចហើយ តែពលរដ្ឋមានចំណេះដឹងមានកម្រិត គាត់នៅតែមិនយល់។ ឥឡូវ មានចម្ការវិលជុំឯណាទៀត»។
ថ្លែងនៅក្រោយការសាកសួររបស់ចៅក្រម លោក ក្លាន ជីប បានឲ្យដឹងយ៉ាងខ្លីថា ចៅក្រមបានសួរគាត់ប្រហែល ១០ នាទីទាក់ទងនឹងការដឹកនាំពលរដ្ឋឲ្យកាប់ឆ្ការព្រៃ។ លោកថា លោកបានបដិសេធការចោទប្រកាន់ទាំងអស់។
លោកចៅក្រមស៊ើបសួរ សាន ប៊ុនធឿន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយជំនួយការរបស់គាត់និយាយថា គាត់កំពុងធ្វើការប្រជុំរវល់៕