ភ្នំពេញ ៖ ខណៈមានបណ្តឹងជាច្រើនប្តឹងចៅក្រម ពីបញ្ហាដំណើរការក្តី និងសម្រេចក្តីមិនមានភាពប្រក្រតីនៅក្នុងតុលាការ នៅថ្ងៃនេះ សមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រម បានលើកឡើង ថា៖ នៅថ្ងៃខាងមុខ នឹងមានចៅក្រមមួយចំនួនអាចត្រូវទទួលការដាក់ពិន័យ និងអាចខ្លះត្រូវផ្អាកពីការងារ បន្ទាប់ពីមានការស្រាវជ្រាវស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌។
នៅក្រោយពីបើកអង្គសិក្ខាសាលាស្តីពីក្រមសីលធម៌ចៅក្រម នាព្រឹកថ្ងៃទី២៤ ខែមីនា នៅឧត្តមប្រឹក្សានៃអង្គចៅក្រម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម អ៊ិត រ៉ាឌី បានថ្លែងថា នៅក្នុងឆ្នាំ២០១៥នេះ ឧត្តមប្រឹក្សានៃអង្គចៅក្រម បានទទួលបណ្តឹងប្តឹងចៅក្រមពីបណ្តាសាធារណៈជនដែលមានប្រមាណជាង១០០ បណ្តឹង ហើយក្រសួងយុត្តិធម៌ ពេលនេះ បានកំពុងចុះធ្វើការស៊ើបអង្កេតបឋមទៅលើបណ្តឹងចៅក្រមទាំងនេះ។
ឯកឧត្តម អ៊ិត រ៉ាឌី បញ្ជាក់ថា៖ ក្នុងចំណោមបណ្តឹងដែលស៊ើបអង្កេតនោះមានមួយចំនួនជាងជាបណ្តឹង ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការ ខ្លះតុលាការដំណើរការក្តីខុសនីតិវិធី ចៅក្រមខ្លះដើរស៊ីផឹកជាមួយកូនក្តីម្ខាង ដែលនាំឲ្យសម្រេចក្តីអយុត្តិធម៌ ហើយបណ្តឹងទាំងនោះភាគច្រើនវាពាក់ព័ន្ធនឹងតុលាការជាន់ខ្ពស់ដែល ត្រូវធ្វើការដោះស្រាយ។
ឯកឧត្តម បន្ដថា ក្នុងករណីរកឃើញមានចៅក្រមពិតជាមានកំហុសពិតមែននោះ នឹងមានចៅក្រមមួយចំនួនអាចទទួលរងនឹងការស្តីបន្ទោសក្នុងសំណុំលិខិត ជាលាយលក្ខណ៍អក្សរ បន្ថយថ្នាក់មិនឲ្យឡើងថ្នាក់ ហើយកំរិតទី២ អាចនឹងមានការបញ្ឈរជើង ផ្អាកមិនឲ្យកាត់ក្តីមួយរយៈ ហើយត្រូវយកគាត់មកអប់រំឡើងវិញ ឬអាចត្រូវព្យួរការងារមួយរយៈ មិនឲ្យបើកបៀវត្សន៍មួយរយៈ ហើយបើធ្ងន់ធ្ងរអាចនឹងមានការបណ្តេញចេញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម អង្គវង្ស វឌ្ឍានា ក្នុងឱកាសបើកអង្គសិក្ខាសាលានោះ បានទទួលស្គាល់ថា ដោយសារតែបញ្ហាអត្តចរិត របស់ចៅក្រម ព្រះរាជអាជ្ញា មួយចំនួន បានធ្វើឲ្យការអនុវត្តក្រមសីលធម៌ចៅក្រម ព្រះរាជអាជ្ញានិងអង្គភាពរបស់ខ្លួន មានការធ្លាក់ចុះ និងបានធ្វើឲ្យប៉ះពាល់ និងឈានដល់ការបាត់បង់កិត្តិយស អស់ជំនឿទុកចិត្តសាធារណៈមកលើវិស័យយុត្តិធម៌ ។
ឯកឧត្តមបានបន្ត ថា៖ ក្រមសីលធម៌ដែលអនុវត្តកន្លងមក គឺបានពង្រឹងនូវការឯករាជភាព និងសេចក្តីថ្លៃថ្នូររបស់ចៅក្រមទាំងអស់ ក្នុងការអនុវត្តកិច្ចការភារកិច្ច ក្នុងវិជ្ជាជីវៈរបស់ខ្លួន ក៏ដូចជាការប្រកាន់នូវឥរិយាបថនៅក្រៅតុលាការផងដែរ៕