លោក ផែង វណ្ណៈ សម្រេច​ប្តឹង​ជំទាស់ ទៅ​សាលាឧទ្ធរណ៍ និង​បឹ្ត​ង​បក​ទៅ​លោកស្រី កែវ ម៉ាលី ពីបទ «​បរិហាកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​»

25-March-2016 | ដោយ មែន កំសត់

ភ្នំពេញ​៖ ក្រោយពី​តុលាការ​ប្រកាស​សាលក្រម ឲ្យ​បង់លុយ​១៥​លាន​រៀល ជូន​លោកស្រី​ឧកញ៉ា កែវ ម៉ាលី និង​បង់​៥​លាន​រៀល ចូល​រដ្ឋ​នោះ ភ្លាមៗ​ក្រោយ​ប្រកាស​សាលក្រម តារា Facebook លោក ផែង វណ្ណៈ បានសម្រេច​ដាក់ពាក្យ​បណ្តឹង ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​ការសម្រេច របស់​តុលា​ការជាន់​ទាប​មួយ​នេះ ព្រមទាំង​ការដាក់​ពាក្យបណ្តឹង ទៅកាន់​តំណាង​អយ្យការ​ដើម្បី​ប្តឹង​បក​វិញ ទៅ​លោកស្រី កែវ ម៉ាលី ម្ចាស់​វិមាន​ចរណៃ ពីបទ «​បរិហាកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​»​។​

​លោក ផែង វណ្ណៈ បាន​ថ្លែងប្រាប់ នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា «​ខ្ញុំ​មិនអាច​ទទួលយក លទ្ធផល​សាលក្រម របស់​តុលា​ការដែល​ប្រកាស​នេះឡើយ ដូច្នេះ​ខ្ញុំ​បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជំទាស់ ទៅ​សាលាឧទ្ធរណ៍ និង​ប្តឹង​បក​ត្រឡប់​ទៅវិញ ដោយ​ចោទប្រកាន់​លោកស្រី កែវ ម៉ាលី ពីបទ បរិហាកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​»​។

​សម្រាប់​ការដាក់​ពាក្យ​បក​ត្រឡប់​ទៅវិញ​នោះ ត្រូវបាន​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​រូបនេះ ពន្យល់ថា លោកស្រី កែវ ម៉ាលី បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​លោក ពីបទ​បរិហាកេរ្តិ៍ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ ប៉ុន្តែ​សម្រាប់​ថ្ងៃនោះ​លោក​មិនបាន​បង្ហោះ អ្វី​នោះឡើយ ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​សូម្បីតែ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង របស់​ក្រសួងមហាផ្ទៃ ក៏​បានចេញ​របាយការណ៍ ស៊ើបអង្កេត​បង្ហាញថា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ លោក​មិនបាន​បង្ហោះ​អ្វី​នោះទេ ហើយ​អ្វីដែល​លោក​បង្ហោះ​នោះ​គឺ​គ្រាន់តែ ដកស្រង់​បន្ត​ពី Facebook របស់លោក Prom San តែប៉ុណ្ណោះ​។​

​លោក ផែង វណ្ណៈ ក៏បាន​លើកឡើងថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហ៊ឹង ប៊ុនថន ដែល​កាន់​សំណុំរឿង របស់លោក ក៏​សម្រេច​ធ្វើការ​ចោទប្រកាន់ ទាំង​មិនបាន​មើល និង​ទទួលស្គាល់​របាយការណ៍​របស់​មន្ត្រី នៅ​នាយកដ្ឋាន​សន្តិសុខ ផ្ទៃក្នុង​នោះដែរ ប៉ុន្តែ​នៅពេលដែល​សំណុំ​រឿងនេះ ត្រូវបាន​បញ្ជូនទៅ​ដល់​ដៃ​ចៅក្រម ក៏ត្រូវ​បាន​ចៅក្រម​សម្រេច​ឲ្យ​ចាប់​របៀប (​កាត់​ឡើងវិញ​)​។ ដោយសារតែ​ចៅក្រម លោក តុ​ប ឈុន​ហេង សម្រេច​យ៉ាង​ដូច្នេះ ស្រាប់តែ​លោកស្រី កែវ ម៉ាលី បានដាក់​ពាក្យ បណ្តឹង​សារជាថ្មី ទៅកាន់​តំណាង​អយ្យការ គឺ​លោកស្រី ស្រី ម៉ា​នី ប៉ុន្តែ​ត្រូវបាន​ប្រធាន​តុលាការ​ចាត់​ឲ្យ​បញ្ចូល នៅក្នុង​សំណុំរឿង ចាស់​ដដែល​។​

​តារា Facebook រូបនេះ បាន​លើកឡើងថា សំណុំរឿង​របស់​លោកមា​ន​ទាំង​របាយការណ៍ របស់​នាយកដ្ឋាន​សន្តិ​សុខ​ផ្ទៃក្នុង​បញ្ជាក់ថា មិន​បានធ្វើ​បទល្មើស​ប៉ុណ្ណឹង​ហើយ នៅតែ​ព្រះរាជអាជ្ញារង មិន​ទទួលស្គាល់ ចុះ​ទំរាំ​រឿងក្តី​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​តើ​ទៅជា យ៉ាងណា​? សូមបញ្ជាក់ថា ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ បានសម្រេច​ឲ្យ​តារា Facebook លោក ផែង វណ្ណៈ និង​ស្រី្ត​ឈ្មោះ ហង្ស បូរី ត្រូវ​សង​សំណង​ចំនួន ១៥​លាន​រៀល ជូន​លោកស្រី​ឧកញ៉ា កែវ ម៉ាលី ម្ចាស់​វិមាន​ចរណៃ និង​បង់​ចំនួន​៥​លាន​រៀល​ជូន​រដ្ឋ ជុំវិញ​បណ្តឹង​បរិហាកេរ្តិ៍​របស់​សមាជិក​ព្រឹទ្ធសភា​រូបនេះ​៕

ចំនួនអ្នកទស្សនា

    20494007

  • ថ្ងៃនេះ1721
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29671
  • ខែនេះ51551
  • ឆ្នាំនេះ51551
  • សរុប20494007