ភ្នំពេញ៖ សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជនជាប់ចោទ ៦នាក់ហើយ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ទៅ ២០ឆ្នាំ តែក្នុងនោះជនរងបណ្តឹងពីរនាក់ គឺឧកញ៉ា ខូវ ជឺលី និងកញ្ញា ហ៊ុយ សុខលាភ ត្រូវតុលាការលើកលែងការចោទប្រកាន់យ៉ាងស្ងាត់ស្ងៀម ពោលទាំងលោក ស៊ុន ចាន់ថុល ជាដើមបណ្តឹងនិងលោកប៉ាល់ចាន់តារាជាមេធាវីមិនទទួលបានការជូនដំណឹងណាមួយពីសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។
លោកប៉ាល់ច័ន្ទតារាមេធាវីរាជរដ្ឋាភិបាលនិងជាមេធាវីការពារក្តីក្នុងសំណុំរឿងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា លោកមានការភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញបណ្តាញព័ត៌មាននានា បានផ្សព្វផ្សាយថា ឧកញ៉ា ខូវ ជឺលី និង កញ្ញា ហ៊ុយ សុខលាភ ត្រូវបានតុលាការលើកលែងទាំងរូបលោក និងកូនក្តីរបស់លោក គឺលោក ស៊ុន ចាន់ថុល មិនបានទទួលការ ជូនដំណឹងណាមួយពី ខាងសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។
លោក ប៉ាល់ ច័ន្ទតារា បានថ្លែង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះថា «តាមនីតិវិធីបើមានការលើកលែង តុលាការត្រូវ ជូនដំណឹងមកដើមបណ្តឹង តែនេះទាំងរូបខ្ញុំ និងកូនក្តីរបស់ខ្ញុំ (លោក ស៊ុន ចាន់ថុល) មិនទទួលបានការជូនដំណឹងអ្វីទាំងអស់។ ខ្ញុំមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលឃើញព័ត៌មានផ្សាយថា ឧកញ៉ា ខូវ ផល្លាបុត្រ និង ហ៊ុយ សុខលាភ ត្រូវតុលាការលើកលែងការចោទ ការធ្វើដូច្នេះ គឺខុសនីតិវិធីទាំងស្រុង»។
ការសម្រេចលើកលែងការចោទលើឧកញ៉ា ខូវ ជឺលី និង កញ្ញា ហ៊ុយ សុខលាភ ជាកូនស្រីអ្នកស្រី សេង ច័ន្ទដា ដោយស្ងាត់ស្ងៀមនេះ នាំឲ្យមានការសង្ស័យថា មានភាពមិនប្រក្រតីឬមានករណីឃុបឃិតប្រព្រឹត្តអំពើពុករលួយកើតមានឡើងនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ។
បើទោះបីជាយ៉ាងណាមិនទាន់ទទួលបានបញ្ជាក់ថាពីខាងសាលាដំបូងនៅឡើយទេនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ដោយលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ កំពុងជាប់រវល់ចូលរួមសិក្ខាសាលា។
សូមបញ្ជាក់ថាឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានសម្រេចប្តឹងក្រុមគ្រួសារឧកញ៉ាត្រកូលខូវ រួមនិងអ្នកបម្រើជាច្រើននាក់ ពីបទសមគំនិតគ្នារៀបចំ គម្រោងសម្លាប់ភរិយា និង កូនស្រីរបស់លោក។ លោកបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងថា ឧកញ៉ា ខូវ ជឺលី និង កូនប្រុស ខូវ ផល្លាបុត្រ ព្រមទាំងភរិយាចុងរបស់ខ្លួន បានរួមគ្នារៀបចំគម្រោងរំលោភសម្លាប់ ភរិយា និង កូនស្រីរបស់កាលពីរាត្រីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១០ពេលលោកកំពុងបំពេញការងារនៅក្នុងខេត្តមណ្ឌលគិរី។
ជនដែលឯកឧត្តម ស៊ុន ចាន់ថុល ប្តឹងនោះរួមមាន៖ ឧកញ៉ា ខូវ ជឺលី (ត្រូវជាឪពុកបង្កើត ភរិយា ឯកឧត្តមស៊ុន ចាន់ថុល)លោកខូវផល្លាបុត្រត្រូវជាប្អូនប្រុសបង្កើតភរិយារបស់ឯកឧត្តម ស៊ុន ចាន់ថុល អ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី អ្នកស្រី ឡាយ ហួង ភរិយា លោក ខូវ ផល្លាបុត្រ សន្តិសុខយាមខុនដូរឈ្មោះ សុខ ឡាក់ អ្នកបម្រើក្នុងផ្ទះលោកឧកញ៉ា ខូវ ជឺលី ឈ្មោះ ច័ន្ទ សុខា និងអ្នកបម្រើម្នាក់ទៀតឈ្មោះ នាង ស៊ីណាត។
ជនជាប់ចោទ អ្នកស្រី សេង ច័ន្ទដា សុខ ឡាក់ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ដល់២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ ពោលគឺមិនមានឱកាសប្តឹងតវ៉ាទៀតនោះទេ។ ដោយឡែកអ្នកស្រី ឡាយ ហួង ដែលត្រូវគេរកឃើញថា ជាមេខ្លោងនៅក្នុងរឿងរៀបចំគម្រោង និងស្វាមី គឺលោក ខូវ ផល្លាបុត្រ ត្រូវបានចៅសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារម្នាក់ៗ ២០ឆ្នាំ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ៕