តុលា​ការចេញ​ដីកាឃុំខ្លួន នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែល​ញៀន​ថ្នាំ បាញ់ប្រហារ​មេ​ប៉ុស្តិ៍​វត្តភ្នំ ដាក់ពន្ធនាគារ

31-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​នេះ​បានចេញ​ដីកា សម្រេច​ឃុំខ្លួន មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ដែល​ញៀន​ថ្នាំ ជុំវិញ​ការបាញ់ប្រហារ លើ​មេ​ប៉ុស្តិ៍​វត្តភ្នំ លោក អ៊ុន សំអាត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ជននេះ​ត្រូវ​លោក​ព្រះរាជអាជ្ញារង ងិន ពេជ្រ ចោទប្រកាន់​ចំនួន​៣ បទល្មើស គឺ បទ​ប៉ុនប៉ង​ឃាតកម្ម បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ជនដៃដល់​ឈ្មោះ ស៊ិន សុធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ បច្ចុប្បន្នកំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោម​កិច្ចការពារ​ពី​មន្ត្រី អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​។​
​សូមបញ្ជាក់ថា ការបាញ់ប្រហារ​មេ​ប៉ុស្តិ៍​វត្តភ្នំ លោក អ៊ុន សំអាត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នា​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ជនដៃដល់​ជា​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​ន​នគរបាល​រាជធានី​ភ្នំពេញ​នោះ គឺ​ផ្តើមចេញពី​ជនដៃដល់​បាន​ប្រើ ថ្នាំញៀន​ហួស​កម្រិត រហូត​វង្វេង​លែង​ដឹង​ខុសត្រូវ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ ថា នៅមុន​ពេល​កើត​មានការ បាញ់ប្រហារ ជនដៃដល់​ឈ្មោះ ស៊ិន សុទ្ធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ ហៅ​ដួង រហស្សនាម​រាត្រី​១៨៧ បម្រើ​ការងារ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិតធ្ងន់​បាន​សម្ងំ​ជក់​គ្រឿងញៀន ក្នុងផ្ទះ​ស្ថិតនៅ​ចំណុច​ផ្ទះ តាមផ្លូវ​លេខ​១០៨ កែង​១៩ សង្កាត់​វត្តភ្នំ ដោយ​ចាក់សោ​ពី​ខាងក្នុង​។  ពេលនោះ​ស្ត្រី​ជា​ម្តាយ​បាន​ភ័យខ្លាច កូន​បង្ករឿង​បំផ្លាញ​ទ្រព្យសម្បត្តិ​ទៀត ក៏​ចាក់សោ​ពី​ក្រៅ ហើយ​ទូរស័ព្ទ​ប្តឹង​លោក អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ និង ដោះស្រាយ​ជូន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​តាម​ទូរ​សព្ទ របស់​ស្ត្រី​ជា​ម្តាយ លោក អ៊ុន សំអាត បាន​នាំ​នាយរង​ប៉ុស្តិ៍ ម្នាក់​ទៅជា​មួយ ដើម្បី​ជួយ​ដោះស្រាយ ដោយ​មិនបាន​យក​កាំភ្លើង​ទៅជា​មួយ​នោះទេ ពីព្រោះ​គាត់​ក៏​ស្គាល់​ជនដៃដល់ ដោយសារ​ជា មន្ត្រីនគរបាល​ដូចគ្នា​។ ប៉ុន្តែ​ពេលទៅដល់​ស្ត្រី​ជា​ម្តាយ និង​ជនដៃដល់​បាន​និយាយ​ត្រូវ​គ្នា ដោយ​ម្តាយ​យល់ព្រម​ចាក់សោ​ចេញពី​ខាង ក្រៅ ហើយ​ជនដៃដល់​ចាក់សោ​ចេញពី​ខាងក្នុង​។ លុះ​ពេល​លោក​មេ​ប៉ុស្តិ៍ និង​នាយរង​ប៉ុស្តិ៍​ជិះ​ម៉ូតូ​ទៅដល់ ជនដៃដល់​ប្រុង​ជិះ​ម៉ូតូ​ចេញ ហើយ​លោក អ៊ុន សំអាត បាន​ទៅ​គាស់​ស្មា​ថា កុំអាល​ទៅ​ចាំ​ជជែក​គ្នា​សិន​។ ស្រាប់តែ​ជនដៃដល់​ដក​កាំភ្លើង​បាញ់​ទៅលើ​លោក បណ្តាល​ឲ្យ​ចំ​ពីមុខ​ធ្លាយ​ទៅខាង​ក្រោយ​មួយ​គ្រាប់  ដួល​ផ្ងារជើង ហើយក៏រ​ត់ទៅ​ជាន់ក ប្រុង​ដាក់​មួយ​គ្រាប់​ទៀត​ដើម្បី​សម្លាប់ចោល តែម្តង​។ ប៉ុន្តែ​នាយរង​ប៉ុស្តិ៍​របស់លោក បានរ​ត់ទៅ​ជួយ តែ​ត្រូវ​ជនដៃដល់ រត់​ដេញ​បាញ់​ថែម​ទៀតផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​លេចមុខ​មន្ត្រីនគរបាល​ប៉ុស្តិ៍​វត្តភ្នំ ម្នាក់​មកជួយ​មេ​ប៉ុស្តិ៍​។ ក្រោយ​មន្ត្រីនគរបាល​កំ​ពុង​ជួយ​មេ​ប៉ុស្តិ៍​វត្តភ្នំ ជនដៃដល់ បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​ដោយ​និយាយថា «​អញ​អា​ដួង (​ជា​មិត្តភក្តិ​ជាមួយគ្នា​)  ឲ្យ​សោ​ម៉ូតូ​អញ​» តែ​មន្ត្រីនគរបាល​នោះ​ឆ្លេឆ្លា និង​ចង់​ស្រឡាំងកាំង ពីព្រោះ​ឃើញ​មេ​ប៉ុស្តិ៍​វត្តភ្នំ​របស់ខ្លួន​ដួល និង​ត្រូវ​គ្រាប់កាំភ្លើង ក៏​រត់​ទៅលើ​កមេ​ប៉ុស្តិ៍​។ ស្រាប់តែ​ជនដៃដល់ ចង់​រំដោះខ្លួន ដោយ​បាញ់​ចំនួន ២​គ្រាប់​ថែមទៀត រហូត​បង្ក​ការភ្ញាក់ផ្អើល​ដល់​កម្លាំង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​កំពុង​ចុះ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ចេញមក​ជួយ​អន្តរាគមន៍​បាញ់​ការពារ​ខ្លួន បណ្តាល​ឲ្យ​ជននេះ ត្រូវ​២​គ្រាប់  មួយ​គ្រាប់​ចំ​ប្លោកនោម និង​ទ្រូង​រងរបួស​ធ្ងន់​ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។​

​សូមបញ្ជាក់ថា នៅពេល​កំពុង​ផ្ទុះអាវុធ​នោះ មាន​រថយន្ត​របស់​អ្នកដំណើរ​ម្នាក់ ម៉ាក Lexus បាន​បើក​កាត់​កន្លែងកើតហេតុ ហើយ​រង គ្រាប់កាំភ្លើង​ចំនួន ៥​គ្រាប់ បណ្តាល​ឲ្យ​ធ្លុះធ្លាយ​រថយន្ត​ផងដែរ​។ ម្ចាស់​រថយន្ត​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះស្រាយ និង ផ្តល់​សំណង  លើ​ការខូចខាត​នេះ តែ​មិនដឹងថា នរណា​ជា​អ្នកទទួលខុសត្រូវ​នោះទេ​។​

​ជាមួយគ្នានេះ ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា សូម្បីតែ​ម្តាយ​របស់គេ ក៏​លែង​រាប់រក​ផងដែរ ពីព្រោះ​ជននេះ បាន​បំផ្លាញ​ទ្រព្យ សម្បត្តិ​យ៉ាងច្រើន នាពេល​កន្លងទៅ ពី​ព្រោះតែ​ការប្រើ​ថ្នាំញៀន​ជ្រុល​។​ លោក ហួត ចាន់​យ៉ា​ ​រ៉ា​ន់ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​បញ្ជាក់ថា លោក​មេ​ប៉ុស្តិ៍​វត្តភ្នំ បាន​រួច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត  ហើយ ហើយ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

ចំនួនអ្នកទស្សនា

    20495787

  • ថ្ងៃនេះ3501
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31451
  • ខែនេះ53331
  • ឆ្នាំនេះ53331
  • សរុប20495787