ភ្នំពេញ៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានសម្រេចកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និង លោក ទួន សុជាតិ ថៅកែហាងកាត់សក់ "ខ្មែរអង្គរ" ឱ្យឡើងឆ្លើយបំភ្លឺនៅមុខតុលាការ នៅដើមខែមេសាខាងមុខនេះ ពាក់ព័ន្ធទៅនឹងសំឡេងក្នុងខ្សែអាត់ដែលគេសង្ស័យលើលោក កឹម សុខា។
មន្ត្រីតុលាការបាននិយាយថា លោក ទួន សុជាតិ ត្រូវបានព្រះរាជអាជ្ញារងរូបនោះ កោះឱ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ក្នុងនាមជាសាក្សី ហើយដោយឡែកកញ្ញា ខុម ចាន់ដារ៉ាទី ក៏ត្រូវតុលាការកោះហៅឱ្យចូលខ្លួន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ផងដែរក្នុងនាមជាជនសង្ស័យ ជុំវិញសំណុំរឿងផ្តល់សក្ខីភាពក្លែង ( បដិសេធមិនទទួលស្គាល់សម្លេង ) និងពេស្យាកម្មនៅទីក្រុងបាងកក ប្រទេសថៃ ។ ៕
ដោយឡែក លោក កឹម សុខា ដែលជាជនសង្ស័យក្នុងសំណុំរឿងនេះដែរ តុលាការពុំទាន់មានចំណាត់ការនៅឡើយទេពោលគឺនៅរង់ចាំស្តាប់យក ចម្លើយ សាក្សី និង ជនសង្ស័យ ស្រី មុំ ជាមុនសិន ។
ការកោះហៅនេះ បានធ្វើឡើង បន្ទាប់ពីនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ចប់ការស៊ើបអង្កេតបណ្តឹងកញ្ញា ធី សុវណ្ណថា រួចបញ្ចូនសំណុំរឿងមកកាន់តុលាការ វិញ ដោយភ្ជាប់សេចក្តីសន្និដ្ឋាន ចោទប្រកាន់ថាកញ្ញាស្រីមុំផ្តល់សក្ខីភាពក្លែងដោយបដិសេធមិន ទទួលស្គាល់សម្លេងខ្លួនឯង ហើយលោកកឹម សុខា រួមជាមួយកញ្ញា ស្រី មុំ អាចពាក់ព័ន្ធករណីពេស្យាកម្មនៅបាងកក ប្រទេសថៃ។
យោងតាម របាយការណ៍នេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ លោក កែវ សុជាតិ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញដែលទទួលចាត់ការបណ្តឹងកញ្ញា ធី សុវណ្ណថា បានសម្រេចបំបែក សំណុំរឿងចេញពីពាក្យបណ្តឹងនេះ មួយទៀត ដើម្បីឲ្យលោកព្រះរាជអាជ្ញារង សៀង សុខ បើកការស៊ើបអង្កេត ករណីលោក កឹម សុខា និង ស្រីកំណាន់ ខាងលើនេះ ៕