មេធាវី​ការពារ​ក្តី «​ស្រីមុំ​» ដកខ្លួន​ចេញ ខណៈ​ស្រីមុំ ត្រូវ​កោះហៅ​ឱ្យចូល​បំភ្លឺ នៅមុខ​តុលាការ

02-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោកស្រី ទ្រី ឈូ​ន ដែល​ធ្លាប់ជា​មេធាវី​ការពារ​ក្តី​ឲ្យ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ក្នុង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦​នេះ​ថា លោកស្រី​លែង​ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ កញ្ញា «​ស្រីមុំ​» ទៀតហើយ​។ លោកស្រី ទ្រី ឈូ​ន អះអាងថា សម្រាប់​ការកោះហៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ឱ្យចូល​ខ្លួន​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦​ខាងមុខនេះ កញ្ញា ស្រីមុំ នៅ​មិនទាន់មាន​មេធាវី​ការពារ​ក្តី ឲ្យ​នៅឡើយ​ទេ​។​

​លោកស្រី ទ្រី ឈូ​ន បាន​បញ្ជាក់ថា «​បច្ចុប្បន្ននេះ ខ្ញុំ​មិនបាន​នៅ​ធ្វើជា​មេធាវី​ការពារ​ក្តី​ឲ្យ ស្រីមុំ​ទៀត​នោះទេ ពីព្រោះថា​នេះ គឺជា​សំណុំរឿង​ថ្មី មួយទៀត ដែល​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានសម្រេច​កោះហៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ឱ្យ​ឡើង​ឆ្លើយបំភ្លឺ​នៅមុខ​តុលាការ ពាក់ព័ន្ធ​ទៅនឹង​សំឡេង​ក្នុង​ខ្សែអាត់​ដែល គេ​សង្ស័យ​លើ លោក កឹម សុខា នៅ​ថ្ងៃទី​០៨ ខែមេសា ខាងមុខនេះ​។ ហើយ​មកដល់ពេលនេះ នៅ​មិនទាន់មាន មេធាវី​ការពារ​ក្តី​ឲ្យ នៅ ឡើយ​ទេ​»​។​

​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក​បាន អះអាងថា «​មកដល់ពេលនេះ ខ្ញុំ​នៅ​មិនទាន់​ទទួលបាន​ពាក្យ​ស​ស្នើសុំ ឲ្យ​មាន​មេធាវី​ការពារ​ក្តី​ពីសា​ម៉ី​ខ្លួន​ស្រីមុំ​នៅឡើយ​ទេ ហើយ​សមាគម​អាដហុក ក៏​គ្មាន​សិទ្ធិ​ក្នុងការ​ចាត់តាំង​មេធាវី​រូប​ណា ដើម្បី​ការពារ​ក្តី​ឲ្យ ស្រីមុំ​ដោយ​គ្មាន​ការស្នើសុំ​ពីសា​ម៉ី​ខ្លួន​ឡើយ​»​។ លោក នី សុខា មិនទាន់​ប្រាកដថា កញ្ញា ស្រីមុំ នឹង​ចូល​បំភ្លឺ​នៅ​ថ្ងៃ ទី​៨ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានសម្រេច​កោះហៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ឱ្យចូល​បំភ្លឺ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ ជុំវិញ​ការលើកឡើង​នៅក្នុង​សំឡេង​ខ្សែអាត់ ដែល​គេ​សង្ស័យ​លើ​លោក កឹម សុខា​។ ជាមួយគ្នានេះ ព្រះរាជអាជ្ញារង​រូបនេះ ក៏បាន​កោះហៅ លោក ទួន សុជាតិ ថៅកែ​ហាង​កាត់សក់ «​ខ្មែរ​អង្គរ​» ដែលជា​ថៅកែ​របស់​ស្រីមុំ ឱ្យ​ឡើង​ឆ្លើយបំភ្លឺ នៅមុខ​តុលាការ នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ផងដែរ​៕

ចំនួនអ្នកទស្សនា

    20498077

  • ថ្ងៃនេះ5791
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33741
  • ខែនេះ55621
  • ឆ្នាំនេះ55621
  • សរុប20498077