កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានឈានទៅដល់ការឃាត់ខ្លួនម្ចាស់កំពង់ចម្លងអុងប៉ាងម្នាក់ទៀត ដោយសារតែខ្វះបច្ចេកទេសលើការចម្លងរថយន្ត រហូតបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។
លោក លឹម សុគន្ថា បានថ្លែងប្រាប់ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះថា «ខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចឃាត់ខ្លួនម្ចាស់កំពង់ចម្លងម្នាក់ទៀត ពីព្រោះទីកំពង់ចម្លង វាមិនបានបំពេញកាតព្វកិច្ច តាមបច្ចេកទេសត្រឹមត្រូវ បើច្បាប់ម្ចាស់កំពង់ចម្លងមានកំហុសអចេតនា»។ លោក លឹម សុគន្ថា ក៏បានលើកឡើងទៀតថា ករណីនេះអាជ្ញាធរមូលដ្ឋាន ក៏មានការចូលរួមទទួលខុសត្រូវផងដែរ ពីព្រោះពួកគេមិនបានធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដែលអនុញ្ញាតឲ្យមានកំពង់ចម្លង សម្រាប់ចម្លងរថយន្ត និងម៉ូតូគ្មានលក្ខណៈបច្ចេកទេសបែបនេះ។ សូមបញ្ជាក់ថា នៅយប់មិញមានករណីដ៏អាសូរយ៉ាងពន់ពេក សម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ ដែលទើបត្រឡប់មកពីឆេងម៉េងវិញដ៏សែនរីករាយ ប៉ុន្តែបានក្លាយជាទុក្ខមួយពព្រិចភ្នែក និងមានវិប្បដិសារីសម្រាប់អ្នករស់មួយជីវិតនោះ គឺធ្លាក់រថយន្តចូលទឹកទន្លេ បណ្តាលឲ្យឈ្លក់ស្លាប់ ចំនួន៧នាក់ និងរួចផុតពីសេចក្តីស្លាប់៤នាក់។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសង្វេកសម្រាប់ប្រជាពលរដ្ឋខ្មែរនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ៧និង១៥នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សម្រាប់ករណីនេះត្រូវបានសមត្ថកិច្ចប្រាប់ថា បណ្តាលឲ្យស្លាប់៧នាក់ (ក្មេងៗចំនួន៥នាក់)៕