ភ្នំពេញ ៖ លោក ទួន សុជាតិ ថៅកែហាងកាត់សក់យីហោ ខ្មែរអង្គរ បានចូលបំភ្លឺតុលាការតាមការកោះហៅរបស់តំណាងអយ្យការនៃសាលាដំបូង រាជធានីភ្នំពេញ តែបានបដិសេធមិនធ្ធើអត្ថាធិប្បាយ និងឆ្លើយសំណួរអ្នកកាសែតទេកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៥ មេសា ខណ:លោកបញ្ចប់ការផ្ដល់ចម្លើយក្នុងនាមជាសាក្សី នៅអយ្យការអមតុលាការ ក្រុងភ្នំពេញ ។
អ្នកយកព័ត៌មានជាច្រើននាក់បានរង់ចាំលោក ទួន សុជាតិ នៅខាងក្រោមអគារតុលាការរាប់ម៉ោង ប៉ុន្តែពេលចុះមកលោក ទួន សុជាតិ បែរជាបានបដិសេធមិននិយាយប្រាប់អ្នកកាសែតនូវកម្មវត្ថុមួយចំនួនដែល តុលាការកោះហៅលោកមកឆ្លើយបំភ្លឺនោះទេ ។ លោកទួន សុជាតិ បានឆ្លើយយ៉ាងខ្លីថា សុំមិននិយាយអ្វីច្រើនទេ លោករក្សាទុកការនិយាយជាមួយនឹងអ្នកកាសែតពេលមុនយ៉ាងម៉េច លោករក្សាដដែល ។
សូមបញ្ជាក់ថា ថៅកែហាងកាត់សក់យីហោ ខ្មែរអង្គរ ឈ្មោះ ទួន សុជាតិ បានត្រូវលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ចេញដីកាកោះហៅឲ្យចូលតុលាការនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នេះ ក្នុងនាមជាសាក្សីបំភ្លឺ ក្នុងសំណុំរឿងទំនាក់ទំនងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនារីឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ។
ឥឡូវនេះម្ចាស់ហាងកាត់សក់ ជាថៅកែស្រីមុំបានចូលតុលាការឆ្លើយបំភ្លឺរួចហើយ តែមិនអត្ថាធិបាយអ្វីប្រាប់អ្នកកាសែតទេ ។ តែលោក ទួន សុជាតិ ធ្លាប់ត្រូវបានវិទ្យុបរទេសសម្ភាសន៍ពីបញ្ហាខ្សែអាត់សម្លេងរបស់ នារីឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ អាយុ២៥ឆ្នាំ គឺជាអតីតបុគ្គលិកក្នុងហាងកាត់សក់របស់លោកមែន ។
លោក សុជាតិ បានប្រាប់វិទ្យុបរទេសដដែលផ្សាយជាភាសាខ្មែរថា លោកបានដឹងថាបុគ្គលិករបស់គាត់ឈ្មោះស្រីមុំនេះ ធ្លាប់កាត់សក់ឲ្យលោក កឹម សុខា និងដឹងថា លោក កឹម សុខា ធ្លាប់ទូរស័ព្ទមកស្រីមុំមុនពេលដែលលោក កឹម សុខា មកកាត់សក់ នៅក្នុងហាងរបស់ គាត់ ។ គាត់បាននិយាយថាលោក កឹម សុខា ជាអតិថិជនរបស់ហាងលោកយូរមកហើយ ។
លោក ទួន សុជាតិ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានមុនពេលចូលបំភ្លឺតុលាការថា គាត់បានស្តាប់សម្លេងដែលគេបានផ្សាយនោះមានការភ្ញាក់ផ្អើលពេលបានឮ សម្លេងនោះ ។ គាត់បានទូរស័ព្ទទៅម្ចាស់សម្លេងដែលជាបុគ្គលិកគាត់ឈ្មោះស្រីមុំ ដែរក្នុងរឿងនេះ ។ គាត់និយាយថា រឿងនេះបានកើតឡើង នៅចុងខែខែកុម្ភៈ ឆ្នាំ២០១៦ គឺសម្លេងនោះត្រូវបានគេផ្សព្វផ្សាយតាមហ្វេសប៊ុក ។
លោក ទួន សុជាតិ ត្រូវបានគេដកស្រង់សំដីលោកនិយាយថា ស្រីមុំបានឈប់ពីការងារពេលដែលរឿងនេះបានកើតឡើង ។ គាត់បានអះអាងថា ធ្លាប់ទូរស័ព្ទទៅស្រីមុំម្តងដែរ បន្ទាប់ពីរឿងនេះបែកធ្លាយ ។ តែក្រោយមក មិនអាចទាក់ទងបានទេ បន្ទាប់ពីនាងបានឈប់ពីការងារ។ ម្ចាស់ហាងកាត់សក់រូបនេះ បាននិយាយថា លោកនឹងចូលបំភ្លឺតុលាការប្រសិនជាមានការកោះហៅ ។
ពេលនេះសំណុំរឿងខ្សែអាត់សម្លេងស្នេហានេះបានចូលដល់តុលាការ ខណៈដែលថៅកែហាងបានចូលបំភ្លឺជាសាក្សីម្នាក់ ក្នុងហាងកាត់សក់ដែលដឹងពីទំនាក់ទងខ្លះរវាងលោក កឹម សុខា និងនាងស្រីមុំ ។ ទោះបីជាបែបណា មានតែលោក កឹម សុខា ទេដែលមិនព្រមទទួលស្គាល់ ទោះបីជាមានការទាមទារពីក្រុមយុវជន និងនិស្សិត១ក្រុមឲ្យលោកបកស្រាយ និងអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ខ្សែអាត់សម្លេងនេះ សម្លេងបុរសពិតជាលោក កឹម សុខា ក៏ដោយ ។
នៅថ្ងៃទី៨ មេសា ខាងមុខ នាងស្រីមុំក៏ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺផងដែរ ទាក់ទងទៅនឹងការផ្តល់សក្ខីកម្ម និងមានអំពើពេស្យាចារ ៕