ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី ភ្នំពេញ បានលើកយកសំណុំរឿងលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ដែលត្រូវបានដើមបណ្តឹងឈ្មោះលោកស្រី លឹម ឃី និងម្ចាស់ភាគហ៊ុន ៩នាក់ ទៀតប្តឹងថា បាន ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង លួចយកដីទំហំ ១៤៧ ហិចតា ស្ថិតនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
តាមការបំភ្លឺ ដើមបណ្តឹង បញ្ជាក់ថា៖ បានទិញ ដី ពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង នៅអំឡុងឆ្នាំ១៩៩៥ ប៉ុន្តែនៅឆ្នាំ២០១៣ ដីទំហំ ១៤៧ហិចតានោះ ត្រូវបាន លោកជំទាវឧកញ៉ា សៀង ចាន់ហេង លួចលក់ឲ្យទៅឈ្មោះ គង់ សែន ជាប្តី និងឈ្មោះ នី គឹមអ៊ន់ ជាប្រពន្ធ ដោយប្រើប្រាស់ឯកសារក្លែង។
បើយោងតាម លោក ធុយ សុគន្ធ មេធាវីការពារក្តីដើមបណ្ដឹង បានថ្លែងថា៖ កូនក្តីរបស់លោកបានប្តឹងទាមទារ សំណងចំនួន១លានដុល្លា និងទាមទារដី១៤៧ហិចតាមកកាន់កាប់វិញ។
ទោះជាយ៉ាងណា លោក ឡុង កេសភីរម្យ ចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះ ទៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦វិញ៕