ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បកស្រាយ ពាក់ព័ន្ធ​ជុំវិញ​ករណី​ចាប់​ឃាត់ខ្លួន​លោក ស៊ុត ឌី​ណា​

07-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) រៀបចំ​សន្និសីទកាសែត​មួយ នៅ​ម៉ោង ៣៖០០​រសៀល ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦​នេះ ជុំវិញ​ការឃាត់ខ្លួន និង​សាកសួរ​ទៅលើ លោក ស៊ុត ឌី​ណា អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ ប្រទេស​កូរ៉េខាងត្បូង​។​

​ឯកឧត្តម ឱម យ៉ិនទៀង បាន​លើកឡើងថា​៖ លោក ស៊ុត ឌី​ណា ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​៖ ទី​១៖ កិបកេង​លុយ​ខុសច្បាប់ និង​ទី​២៖ រំលោភ​អំណាច នឹង​អាចមាន​បទល្មើស​ផ្សេងទៀត ខណៈពេល​នេះ​លោក​កំពុង​ប្រឈមមុខ និង​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​ចំនួន​២ ករណី ហើយ​លោក​ទេសរដ្ឋមន្ត្រី បាន​ព្រមាន​ថា អ្នក​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ប្រឆាំង នឹង​ចំណាត់ការ​លើ​សំណុំរឿង​លោក ស៊ុត ឌី​ណា អាច​ប្រឈមមុខ​នឹង​បទ បរិហារ​ហែកកេរ្តិ៍​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ប្រាប់​ត្រួសៗ ថា លោក ស៊ុត ឌី​ណា មាន​ដី​១០​កន្លែង និង​ផ្ទះ​ប្រហែល​២​កន្លែង ហើយ​លោក​នឹង​សួរ​នាំទៅ​មន្ត្រី​សូ​រិ​យោ​ដី តាម​ខេត្ត តើ​លោក ស៊ុត​ឌី​ណា មាន​ដី​និង​ទ្រព្យ​នៅទីណា​ទៀត ដើម្បី​ស្រួល​ធ្វើការ​ទៀត​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សាច់ប្រាក់​របស់លោក ស៊ុត ឌី​ណា នៅក្រៅ​ធនាគារ​មាន​ចំនួន​៧,២​លាន​ដុល្លារ ហើយ​លោក​អះអាងថា ខាង​អង្គភាព​របស់លោក​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​អាច​បង្ហាញជូន​ថា​គាត់​មាន​លុយ​ទាំងនេះ​។​
​ឯកឧត្តម ឱម យ៉ិនទៀង បាន​បញ្ជាក់ថា យើង​រកឃើញ​សកម្មភាព​ដែល​គាត់​ចាយ​ផ្ទាល់ខ្លួន​៧៥០០​ដុល្លារ​ក្នុង​មួយខែ និង​សម្រាប់​ស្ថានទូត​ជាង​២​ម៉ឺន​ដុល្លារ ក្នុង​មួយខែ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា ការចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​២​នាក់ កាលពីពេល​ថ្មីៗ​នេះ មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​លោក ស៊ុត ឌី​ណា នោះទេ គឺ​បទល្មើស​ខុសគ្នា​។​
​ឯកឧត្តម​បាន​បន្តទៀតថា សម្រាប់​មនុស្ស​មួយចំនួន ដែល​បាន​សរសេរ​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម គឺជា​មុខងារ​របស់​នគរបាល​ជាតិ ដែល​ពួកគេ​នឹង​អាច​ដឹង​ពី Account ថា បានមក​ណា ដែល​ខាង​នគរបាល​មាន​សមត្ថភាព​សម្រាប់ធ្វើ​កិច្ចការងារ​នេះ​។ មានការ​បកស្រាយ​ច្រើន សម្រាប់​រឿងនេះ តែ​យើង​យល់ឃើញថា ជាការ​បកស្រាយ​តាម​អារម្មណ៍ ប៉ុន្តែ​ឲ្យ​តែ​យើង​មាន​ឯកសារ គ្រប់គ្រាន់​នោះ​យើង នឹងធ្វើ​ហើយ​។​

ឯកឧត្តម ឱម យ៉ិនទៀង បានបញ្ជាក់​ទៀតថា សាច់​លុយ​ទាំងនេះ​យើង​មិនដឹងថា នៅ​កន្លែង​ណា​នោះទេ តែ​យើង​នឹង​តាមរក​ទៀត ពីព្រោះ​យើង​មាន ឯកសារ​ជាក់លាក់​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ព្រមាន​ចំពោះ​មន្ត្រី​ផ្សេង​ទៀតថា បើសិន​មានការ​ប៉ះពាល់ និង​មាន​ពាក្យបណ្តឹង​នោះ​យើង នឹង​ចាប់​ផ្តើមធ្វើ​ហើយ​។ ឯកឧត្តម ទេសរដ្ឋមន្ត្រី​ថា សម្រាប់​ករណីនេះ លោក​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ដែល​ប្តឹង ហើយ​អ្នក​ដែល​ប្តឹង​គឺ នៅតែ​សុំ​ឲ្យ​លោក​លាក់ ហើយ​តាមច្បាប់​គឺ តម្រូវ​ឲ្យ​លោក​លាក់​អត្តសញ្ញាណ​អ្នក​បណ្តឹង​ទាំងនោះ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដកស្រង់​សំដី លោក ស៊ុត ឌី​ណា បានប្រកាស​នៅ​កូរ៉េ​ថា «​អញ​ជា​អ្នក​ទម្លាក់ ហោ ណាំហុង​»​។​
​ឯកឧត្តម ឱម យ៉ិនទៀង បាន​ឆ្លើយ​ជាមួយ​អ្នកកាសែត​ករណី​រឿង​លោក កឹម សុខា គឺ​អង្គភាព​របស់លោក​បាន​បើក​ស្រោមសំបុត្រ​របស់លោក កឹម សុខា រួចហើយ​។ សម្រាប់​ទ្រព្យសម្បត្តិ​របស់លោក កឹម សុខា ថា មាន​ប៉ុន្មាន​នោះ លោក​ទេសរដ្ឋមន្ត្រី មិនទាន់​អាច​ឆ្លើយ​បានទេ ពីព្រោះ​លោក កឹម សុខា មាន​អភ័យឯកសិទ្ធិ ដូច្នេះ​ត្រូវ​ធ្វើការ​បន្តទៀត​។​

​សូម​ជំរាប​ថា លោក ស៊ុត ឌី​ណា ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​បាន​បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦៕

ចំនួនអ្នកទស្សនា

    20213607

  • ថ្ងៃនេះ2941
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15131
  • ខែនេះ2941
  • ឆ្នាំនេះ986161
  • សរុប20213607