ភ្នំពេញ ៖ ក្រោយពីមានការបែកធ្លាយបញ្ហាទាក់ទិននឹងការលាក់លុយនៅក្រៅប្រទេស របស់លោកអង្គ វង្សវឌ្ឍនាដែលធ្វើឲ្យកក្រើកពេញផ្ទៃប្រទេសដោយមានសារព័ត៌មាន ក្នុងស្រុកស្ទើរតែទាំងអស់បានចុះផ្សាយជាបន្ដបន្ទាប់ និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នោះនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ ក្នុងឱកាសបើកសន្និសីទកាសែតស្ដីពីការឃាត់ និងបញ្ជូនខ្លួនរបស់លោកស៊ុត ឌីណា,ប្រធានអង្គភាពប្រឆាំងអំពើពុកលុយ ឯកឧត្តមឱម យ៉ិនទៀង ក៏បានលើកឡើងដែរថា បច្ចុប្បន្នអង្គភាពប្រឆាំងអំពើពុករលួយកំពុងផ្ទៀងផ្ទាត់លើបញ្ហានេះ ។
ឯកឧត្តម ឱម យ៉ិនទៀង បានលើកឡើងថា លោកបានដឹងពីឯកសារដែលបង្ហាញថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានាបានទិញភាគហ៊ុននៅក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃការលាក់លុយក្រៅប្រទេស ហើយថាអង្គភាពកំពុងផ្ទៀងផ្ទាត់លើករណីនេះ។
ជាការឆ្លើយតប នឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធបញ្ហានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថាអង្គភាពបានទទួលព័ត៌មានពីការបង្ហាញរបស់ឯកសារ បរទេសមួយដែលថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ជាប់ពាក់ព័ន្ធនឹងការលាក់លុយក្រៅប្រទេស។ លោកថាអង្គភាពកំពុងផ្ទៀងផ្ទាត់ព័ត៌មាននេះ តែមិនទាន់សម្រេចថាបើកការស៊ើបអង្កេតនៅឡើយ។
ឯកឧត្តម មានប្រសាសន៍ថា “ពាក្យស៊ើបអង្កេត គឺអត្ថន័យជំហានរបស់វាជ្រៅ ព្រោះអានេះជាដំណឹង។ អញ្ចឹងយើងក៏ស្វែងរកស្រាវជ្រាវតើវាពិតប៉ុណ្ណាវាទុកចិត្តបានទេ ហើយបើទុកចិត្តបានហើយយើងទៅជួបអ្នកណាទៀត វាចេះតែកៀកៗៗទៅក្នុងគោលដៅដើម្បីអាចឃើញការសន្និដ្ឋានមួយបើក ស៊ើបអង្កេត ឬមិនបើកលើបញ្ហាហ្នឹង”៕