ភ្នំពេញ ៖ ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួន២ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសភាឆ្នាំ២០១៨ ។ ការចុះឈ្មោះបោះឆ្នោតលើកនេះមានលក្ខណៈជាប្រព័ន្ធហើយចុះឈ្មោះតាមរយៈ កុំព្យូទ័រ ប៉ុន្តែខុសប្លែកជាងមុនគឺអ្នកចំណាកស្រុក អាចបោះឆ្នោតបាននៅទីតាំងដែលពួកគាត់តាំងនៅ ។
ថ្លែងក្រោយ ជំនួបត្រីភាគី វវាងកម្ពុជា សហគមន៍អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា JICAកាលពីរសៀលថ្ងៃអង្គារ៍ទី១៩ មេសានៅឯទីស្នាក់ការកណ្ដាល គ.ជ.ប ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ឯកឧត្តមស៊ិក ប៊ុនហុក បានថ្លែង ថាអ្នកចំណាកស្រុក អាចចុះឈ្មោះបោះឆ្នោតបាននៅទីតាំងពួកគាត់តាំងនៅដែលលោកថា ជាការកែទម្រង់ថ្មីនៃប្រព័ន្ធបោះឆ្នោត។
ឯកឧត្តម ស៊ិក ប៊ុនហុក បន្ដថា នៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧-២០១៨ ខាងមុខនេះគ.ជ.បនឹងរៀបចំប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលងាយស្រួលជូនដល់ពលរដ្ឋខ្មែរ ពិសេស អ្នកចំណាកស្រុក(នៅក្នុងប្រទេស) ដែលមានទីលំនៅនៅបណ្ដាខេត្តអាចបោះឆ្នោតនៅមណ្ឌល ដែលនៅជិតនិងទីសំណាក់របស់ខ្លួន។
ឯកឧត្តម ស៊ិក ប៊ុនហុក ថា ៖ « បាទ ច្បាប់ដូចជាអត់មានហាមថា មិនឲ្យមកចុះឈ្មោះ ទេ អោយតែមានកាត សម្រាប់ចុះឈ្មោះពីក្រៅមកក៏អាចុះឈ្មោះបាន ពីនៅបរទេសក៏អាចចុះឈ្មោះបាន...»។
យោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ិក ប៊ុនហ៊ុកប្រព័ន្ធបោះឆ្នោតថ្មីមួយនេះមានភាពអនុគ្រោះសម្រាប់អ្នក ចំណាកស្រុកគឺប្រយោជន៍ដើម្បីអោយពលរដ្ឋងាយស្រួលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅនឹងកន្លែង ។
ជុំវិញ ការរៀបចំរបស់គ.ជ.ប ទៅលើការរៀបចំរៀបចំប្រព័ន្ធបោះឆ្នោតថ្មីមួយ ដែលងាយស្រួលជូនដល់ពលរដ្ឋខ្មែរ ពិសេសអ្នកចំណាកស្រុកនេះលោក អ៊ូ ចាន់រត្ន័ មន្ដ្រីគណបក្សប្រឆាំងបាននិយាយថា ជាការល្អដែលគ.ជ.ប សម្រេចឱ្យមានការចុះឈ្មោះបោះឆ្នោតបែបនេះ។ ប៉ុន្ដែលោកថារឿងដែលសំខាន់ជាងនេះហើយល្អប្រសើរជាងនេះ គ.ជ.ប គួរតែគិតរកវិធីធ្វើយ៉ាងណា អាចឲ្យពលករខ្មែរដែលនៅក្រៅប្រទេសមានលទ្ធភាពបោះឆ្នោតបានដែរ។
លោកអ៊ូ ចាន់រត្ន័ថា “វាជារឿងមួយគួរអោយអបអរសាទរ ប៉ុន្ដែរឿងមួយទៀតដែលសំខាន់ជាងនេះពលករដែលនៅក្រៅប្រទេសដូចជានៅ ស្រុកថៃច្រើនណាស់ មានអ្នកខ្លះហ៊ាននិយាយដល់លាន ។ ដូច្នេះ គ.ជ.ប គួរតែគិតពិចារណា ថាធ្វើយ៉ាងម៉េចរកមធ្យោបាយយ៉ាងម៉េចដើម្បីអោយប្រជាពលរដ្ឋខ្មែរជា ពលករហ្នឹង មានលទ្ធភាពដើម្បីអនុវត្ដសិទ្ធិបោះឆ្នោតផង”៕