ភ្នំពេញ៖ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ នេះបើយោងតាមពាក្យ បណ្តឹងរបស់កញ្ញា ស្រីមុំ ដែលទើបទទួលបានមុននេះបន្តិច នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ បានសរសេរប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀតថា៖ «សូមទាមទារសំណងជំងឺចិត្ត ពីលោក កឹម សុខា និងគូកន ពីបទធ្វើឲ្យរូបនាង ខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូររបស់នាងចំនួន៣០០,០០០(បីរយពាន់)ដុល្លារអាមេរិក»។ ការដាក់ពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ នេះធ្វើឡើងតាមរយៈ មេធាវី គឹម វាសនា។
កញ្ញា ស្រីមុំ បានរៀបរាប់នៅក្នុងលិខិតពាក្យបណ្តឹងយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា ឆ្លងកាត់ដំណើររឿង នេះ នាងខ្ញុំត្រូវខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ ដោយសារឈ្មោះ កឹម សុខា ភេទប្រុស បានសន្យាជាច្រើនជាមួយនាងខ្ញុំ មានដូចជា សន្យាផ្តល់ប្រាក់ចំនួន៣ពាន់ដុល្លារអាមេរិក សន្យាទិញផ្ទះ និងទិញរបស់របរដែលនាងខ្ញុំត្រូវការឲ្យនាងខ្ញុំ សន្យាបើកមុខរបរឲ្យនាងខ្ញុំ។ល។ តែរហូតមកដល់ពេលនេះ គាត់មិនបានប្រគល់ឲ្យនាងខ្ញុំទេ។ ដោយសារអំពើរបស់គាត់ ពេលនះបានធ្វើឲ្យនាងខ្ញុំ ត្រូវបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នុរ ខាតបង់ពេលវេលា ការបាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសាររបស់នាងខ្ញុំ ដែលមាននាងខ្ញុំជាបង្គោលក្នុងគ្រួសារ។ នៅពេលនេះនាងខ្ញុំមិនអាច ចេញដើរទៅណាមកណាបានដូចពីមុនបានទៀតទេ ដោយសារខ្មាស់គេ នាងខ្ញុំត្រូវបាត់កិត្តិយសសេចក្តីថ្លៃថ្នូរ បាត់បង់ការងារ ប្រាក់ចំណូល ជាពិសេសនាងខ្ញុំ ជានារីដែលមិនទាន់មានគ្រួសារនៅឡើយ សួរថាតើអ្នកណាត្រូវការនាងខ្ញុំ»។
ស្រីមុំបានបញ្ជាក់ទៀតថា «សុំតុលាការមេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំជានារីទន់ខ្សោយ»៕