ភ្នំពេញ ៖ តុលាការកំពុងមានចំណាត់ការលើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងអាស្រូវផ្លូវភេទ គឺជារឿងរ៉ាវសំខាន់ក្នុងស្ថាប័នតុលាការប្រចាំសប្ដាហ៍នេះ ។ ក្រៅពីនេះនៅមានរឿងរ៉ាវជាច្រើនទៀត ដូចជា ជនសង្ស័យ៣នាក់ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ករណីសម្លាប់និស្សិតប្លន់កាបូបលុយ ជាដើម ។
ខាងក្រោមនេះគឺជារឿងរ៉ាវសំខាន់ប្រចាំសប្ដាហ៍ ៖
ទី១ ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រឈមចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីតួឯកស្រី គឺ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទទួលស្គាល់ថា ខ្សែអាត់សម្លេងសន្ទនាស្នេហាលួចលាក់របស់កញ្ញា និង លោក កឹម សុខា គឺជាការពិត ។ តុលាការកំពុងរៀបចំនីតិវិធីដើម្បីកោះហៅលោក កឹម សុខា ចូលបំភ្លឺនាពេលឆាប់ៗខាងមុខនេះក្នុងនាមជាជនសង្ស័យ ។ ប៉ុន្តែលោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជាបាត់ហើយ ។
បន្ទាប់ពីបញ្ចប់ការសាកសួរកញ្ញា ស្រីមុំ ជាង៣ម៉ោងរួចមក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងអំឡុងពេលសាកសួរ កញ្ញា ស្រីមុំ បានទទួលស្គាល់ថា សារសម្លេងឆ្លើយឆ្លង ដែលបែកធ្លាយលើបណ្ដាញសង្គមនោះគឺពិតជាសារសន្ទនារវាងកញ្ញា និងលោក កឹម សុខា ប្រាកដមែន។
ទី២៖ជនសង្ស័យ៣នាក់ដែលជាប់ ពាក់ព័ន្ធនឹងករណីព្រួតគ្នាសម្លាប់និស្សិតម្នាក់ដើម្បីប្លន់យក កាបូបលុយ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២២ខែមេសា នេះ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង គង់ សំសារ៉េត ចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ៕
ទី៣៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ២១ ខែមេសា ឆ្នាំ២០១៦ សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណី បង្កគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យឪពុកស្លាប់និងកូនប្រុសអាយុ៩ខែ របួសធ្ងន់ នៅចំណុចទល់មុខ វត្ត ជ្រោយ អំពិល ស្ថិត ក្នុងភូមិ ជ្រោយ អំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ ។
មន្ត្រីតុលាការ ដដែល បន្តថា ជនបង្ករូបនេះឈ្មោះ សៅ សុងនាង អាយុ៥០ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទបើកបរធ្វេសប្រហែសបណ្ដាលឲ្យស្លាប់ អ្នកដទៃ តាមមាត្រា៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។ បទល្មើសនេះកំណត់ការផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល ៕
ប្រភព៖Btv