ភ្នំពេញ ៖ មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី គឺលោក ស៊ាង ចែត បានត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចាប់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ មេសា ២០១៦ ។
នេះ បើយោងតាមលោក អេង ឆៃអ៊ាង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលសរសរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យដដែលនេះ ។
នៅពេលនេះលោកស៊ាង ចែត បានត្រូវ ACU នាំយកមកសាកសួរនៅភ្នំពេញ ពាក់ព័ន្ឋនឹងលុយ៥០០ដុល្លារ ដែលឈ្មោះ ខុម ចាន់តារាទីហៅស្រីមុំ បានឆ្លើយដាក់ ។ជាមួយ គ្នានេះដែរ ការចាប់ខ្លួនលោក ស៊ាង ចែតនេះ ធ្វើឡើងតាមការឆ្លើយ របស់ឈ្មោះ ខុម ចាន់តារាទីហៅស្រីមុំមកដល់វេលាម៉ោង២និង១៤នាទីរសៀលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីមន្ត្រីACU ។
គួរបញ្ជាក់ផងដែរថា៖កញ្ញា ស្រីមុំ បានសរសេរថា «ចំណែកឪពុកម្តាយខ្ញុំដែលកំពង់រស់នៅ ភូមិណ្តក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវរកការអូសទាញ បញ្ចុះបញ្ចូលពួកគាត់ ពីសំណាក់មេឃុំស្រក ឈ្មោះ ស៊ាង ចែត ហើយបង្គាប់ឱ្យមែឪនាងខ្ញុំ ណែនាំដល់នាងខ្ញុំ កុំឱ្យនិយាយការពិត ដែលប៉ះពាល់ដល់ លោក កឹម សុសា។ មេឃុំ បានយកលុយមកឱ្យម្តាយនាងខ្ញុំ ចំនួន៥០០ដុល្លារអាមេរិក ហើយបានសន្យាឱ្យនាងខ្ញុំ និងម្តាយនាងខ្ញុំ ទៅរស់នៅ ក្រៅប្រទេស»។
កញ្ញាបានបន្ថែមថា «នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នាងខ្ញុំបានធ្វើដំណើរទៅផ្ទះ នៅស្រុកកំណើត ពេលនោះ មេឃុំ ស៊ាង ចែត និងសកម្មជនមួយចំនួនរបស់គណបក្សសង្រ្គោះជាតិ បានមកផ្ទះនាងខ្ញុំ ហើយសួរនាំនាងខ្ញុំថា តើចង់ទៅរស់នៅក្រៅប្រទេសឬអត់ បើចង់ទៅ គឺអាចទៅទាំងគ្រួសារ ហើយបើទៅម្នាក់ឯងក៏បានដែរ។ នាងខ្ញុំបានសួរមេឃុំ ស៊ាង ចែត អំពីលុយ ដែលយកមកឱ្យម្តាយខ្ញុំចំនួន៥០០ដុល្លារ តើបានមកពីណា? មេឃុំ ស៊ាង ចែត បានឆ្លើយថា លុយនេះ គឺជាលុយរបស់ លោក កឹម សុខា ផ្ញើមកឱ្យគ្រួសារនាងខ្ញុំ។ មេឃុំ ស៊ាង ចែត ក៏បានប្រាប់នាងខ្ញុំថា លោក កឹម សុខា បានទូរស័ព្ទមកសួរថា តើឪពុកម្តាយ យល់ព្រមទទួលយកប្រាក់របស់គាត់ ឬអត់។ មេឃុំបានប្រាប់ទៅវិញថា ម្តាយនាងមិនទាន់ទទួលយកទេ ដោយសុំធ្វើការពិចារណា ហើយលោក កឹម សុខា បានប្រាប់មេឃុំថាលុយនៅទីនោះចុះ»។
កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានលាក់បាំងការពិតក្រោយផ្ទុះរឿងអាស្រូវ រយៈពេលជាង១ខែមកនេះ ក៏បានដាក់ពាក្យប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងបក្ខពួក ក្នុងរឿងនេះ ដើម្បីទាមទារសំណងជំងឺចិត្ត ៣០ម៉ឺនដុល្លារផងដែរ ចំពោះការលួងលោមធ្វើឱ្យបាត់បង់កិត្តិយសរបស់នាង កន្លងមក៕