គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ប្តឹង លោក អ៊ូ វីរៈ ជា​ផ្លូវការ

26-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ អង្គភាព​ព័ត៌មាន ទើប​ទទួលបាន​ពាក្យបណ្តឹង​មុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា តំណាង​ដោយឯកឧត្តម សុខ ឥសាន បានសម្រេច​ដាក់ពាក្យ​បណ្តឹង ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក អ៊ូ វីរៈ ពីបទ​ធ្វើ​ការអះអាង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​ទាមទារ​សំណង ដែល​ធ្វើ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤០០​លាន​រៀល​។​
​នៅក្នុង​ពាក្យបណ្តឹង​របស់ CPP បាន​បញ្ជាក់ថា លោក អ៊ូ វីរៈ បានធ្វើ​ការអះអាង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា «​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច នៅពេលនេះ​គឺ​ព្យាយាម​គាបសង្កត់ លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់លោក​។ .....​ឈ្មោះ​នេះ​ក៏បាន​លើកឡើងថា ការដែល​គណបក្ស​ប្រជាជន​កម្ពុជា​រវល់​គិតគូរ​បំបាត់ គូប្រកួត​ប្រជែង​នយោបាយ​តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះដែរ​»​។​
​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា អំពើ​របស់លោក អ៊ូ វីរៈ ដែល​បាន​ធ្វើតាម​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍​គឺជា​ការ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បាន​បំពាន​ទៅនឹង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ជំរាប​ថា នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ លោក អ៊ូ វីរៈ បានលើកឡើង​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា «​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​នៅពេលនេះ គឺ​ព្យាយាម​គាបសង្កត់ លោក  កឹម សុខា និង ហិរញ្ញវត្ថុ​របស់លោក​។ ទោះបីជា​យ៉ាងណា តុលាការ​ប្រហែលជា​មិនទាន់​អាច​ចាប់ខ្លួន​ភ្លាមៗ​ទេ ដោយ​រង់ចាំ​ស៊ើប អង្កេត​បន្ថែម​៖ “​គឺជា​ការគាបសង្កត់​ខ្លាំង​មែនទែន ហើយ​អាចមាន​ប្រសិទ្ធភាព និង​អាច​រុញ​ឲ្យ​បក្សប្រឆាំង​ទាល់ច្រក ហើយ​បើ​ទាល់ ច្រក នឹងធ្វើ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​”»​។​

​លោក អ៊ូ វីរៈ លើកឡើង​តាមរយៈ​វិទ្យុ​នេះ​ទៀតថា «​ការដែល​គណបក្ស​ប្រជាជន​កម្ពុជា រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង​នយោបាយ តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះ ដែរ​»​។​
​ចំពោះ​រឿងនេះ កាលពី​ម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា CPP នឹង​ប្តឹង​អ្នកវិភាគ​មួយចំនួន​ទៀតផង ដែរ ក្នុងករណី​ដែល​អ្នកវិភាគ​មាន​និន្នាការ​នយោបាយ​ទាំងនោះ ដើរ​និយាយថា លាប​ពណ៌​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​សូមបញ្ជាក់ថា លោក អ៊ូ វីរៈ និង​លោក កឹម សុខា គឺជា​អតីត​កូនចៅ និង​មេ​កើយ​និង​គ្នា នៅពេលដែល​លោក កឹម សុខា ធ្វើជា​ប្រធាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    20504617

  • ថ្ងៃនេះ12331
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40281
  • ខែនេះ62161
  • ឆ្នាំនេះ62161
  • សរុប20504617