ប្តី​-​ប្រពន្ធ​ទាញ​ដណ្តើម​កូន​គ្នា​ក្នុង​តុលាការ​

29-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ មេសា ២០១៦ ដោយ​គេ​ឃើញ​បុរស​-​ស្ត្រី​មួយ បាន​ប្រទាញប្រទង់​គ្នា​ដណ្ដើមយក​ក្មេងស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ប៉ុន្តែ​ក្រោយមក ក្មេងស្រី​នោះ ត្រូវ​ចៅក្រម​សាលាដំបូង សម្រេច​ប្រគល់ឱ្យ​ម្តាយ​គ្រប់គ្រង នៅពេល​ដឹងថា ឪពុក​មាន​ស្រី​ថ្មី​បាន​ចាកចោល​ផ្ទះ ។​
​ពាក់ព័ន្ធ​ករណី​ភ្ញាក់ផ្អើល​ខាងលើនេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ដឹងថា គឺជា​ករណី​ប្ដី​-​ប្រពន្ធ​ឈ្លោះ​គ្នា ហើយ​ភាគី​
​ម្ខាងៗ ដណ្ដើម​ចង់បាន​កូន​យកទៅ​គ្រប់គ្រង ។​

​ប្រភព​ឱ្យ​ទៀត កាលពី​រសៀល​ថ្ងៃទី​២៥ មេសា ២០១៦ លោក​តេង ម៉ាប់ អាយុ​៥១​ឆ្នាំ និង​ស្ត្រី​ឈ្មោះ​តែ គឹម​ឆេង អាយុ​៣១​ឆ្នាំ ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់ បាន​ទៅ​ដណ្ដើមយក​កូនស្រី​ឈ្មោះ​តេង ម៉ី​លីង អាយុ​៧​ឆ្នាំ ដែល​កំពុង​នៅ​រៀន​សាលា​ឯកជន​មួយ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

​ខណ​:​ឪពុកម្ដាយ​ដណ្ដើម​គ្នាយ​កកូន​គ្រប់គ្រង​ដូច្នេះ គណ​:​គ្រប់គ្រង​សាលា​សម្រេចចិត្ត​មិន​ប្រគល់​ភាគី​ណាមួយ​ទេ ហើយក៏​បាន​យក​ក្មេងស្រី​អាយុ​៧​ឆ្នាំ​នោះ ទៅ​ប្រគល់​ឲ្យ​ចៅក្រម​សាលាដំបូង​សម្រេច​តាមផ្លូវ​ច្បាប់​វិញ ព្រោះ​ឪពុកម្ដាយ​ក្មេងស្រី​នោះ កំពុងមាន​សំណុំរឿង​ប្តឹង​លែងលះ​ស្រាប់​ផង ។ រហូតមកដល់​ល្ងាច​ថ្ងៃទី​២៦ មេសា ២០១៦ លោក​សាន សុផាត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រគល់​ក្មេងស្រី ទៅឱ្យ​ម្តាយ​គ្រប់គ្រង តាម​សំណូមពរ​របស់​ក្មេងស្រី​ដែល​មិន​ចង់​រស់នៅ​ជាមួយ​ឪពុក​មាន​ស្រី​ថ្មី ទៀត​នោះ ។​
​ប្រភព​មន្ត្រី​សាលាដំបូង​បាន​បង្ហើប​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០០៧ លោក​តេង ម៉ាប់ និង​លោកស្រី​តែ គឹម​ឆេង បាន​រៀបការ និង​បាន​ចុះ​ចំណងអាពាហ៍ពិពាហ៍​ជាមួយគ្នា រហូត​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុងបន្ទុក ។ ក្រោយមក លោក​តេង ម៉ាប់ បាន​លួចលាក់​ទៅ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ​ណី ខុំ ដែល​រស់នៅ​ខេត្ត​សៀម​រាម និង​មានកូន​ប្រុស​ស្រី​៤​នាក់​ទៀត ។ ក្នុង​ទំនាក់ទំនង​ស្នេហា​លួចលាក់​នោះ លោក​តេង ម៉ាប់ បាន​យក​ទ្រព្យសម្បត្តិ​មួយចំនួនធំ​ចេញពីផ្ទះ ទៅ​ទិញ​ដី​សង់​លំនៅឋាន ឲ្យ​ប្រពន្ធ​លួចលាក់​ស្នាក់នៅ​ជាច្រើន​ឆ្នាំ ។​

​ប៉ុន្តែ​ស្នេហា​លួចលាក់​នោះ​ជាមួយ​ស្រី​ថ្មី​នោះ មិនអាច​បិទបាំង​ជិត​រហូត​បានទេ ក្រោយមក​បែកធ្លាយ​ដល់​អ្នកស្រី​តែ គឹ​ង​ឆេង ដែលជា​ប្រពន្ធ​ស្របច្បាប់​ដឹង ហើយ​អ្នកស្រី​បាន​សួរនាំ​ពី​បញ្ហា​នេះ ជាហេតុ​ធ្វើឱ្យ​លោក​តេង ម៉ាប់ ខឹង ទើប​លោក​តេង ម៉ាប់ ដាក់ពាក្យ​ប្តឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ចេញ​ដីកា​រក្សា​ការពារ​ឱ្យ​ផ្អាក​អាជីវកម្ម និង​មុខរបរ​រកស៊ី​ផ្សេងៗ​របស់​អ្នកស្រី​តែ គឹម​ឆេង ថែម​ទៀតផង  ។​
​មន្ត្រី​សាលាដំបូង​បន្តថា ក្រោយមក​ឆ្លៀតឱកាស​ពេល​ប្រពន្ធ​មិន​នៅផ្ទះ លោក​តេង ម៉ាប់ បាន​ទៅយក​កូនប្រុស​-​ស្រី​ទាំង​៤​នាក់ ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ប្អូនស្រី​នៅ​សង្កា​ត​បឹងត្របែក ខណ្ឌចំការមន អស់​រយ​:​ពេល​២​ខែ ។ ដោយសា​តែ​ទង្វើ​របស់​ប្ដី​បង្កបញ្ហា​លំបាក​ដល់​កូនៗ និង​ក្រុមគ្រួសារ ទើប​នៅ​ថ្ងៃទី​៥ មេសា ២០១៦ អ្នកស្រី​តែ គឹម​ឆេង សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ប្ដឹង​លែងលះ​លោក​តេង ម៉ាប់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ជាមួយ​ប្ដី និង​ស្រី​កំណាន់​របស់​ប្ដី​នោះ ។​
​ចន្លោះ​ពេលនោះ​អ្នកស្រី​តែ គឹម​ឆេង បាន​ដើរ​ស្វែងរក​កូន​គ្រប់ទិសទី រហូតដល់​ថ្ងៃទី​២៥ មេសា ២០១៦ ទើប​ប្រទះឃើញ​កូនស្រី​ច្បង​ឈ្មោះ តេង ម៉ី​លីង នៅក្នុង​សាលា​ឯកជន​មួយ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ក៏មាន​បំណង​ចូល​យក​កូន​ទៅផ្ទះ ហើយ​លោក​តេង ម៉ាប់ ទៅ​ទាន់ និង​មិន​ព្រម​ឲ្យ ក៏​កើត​មានការ​ប្រទាញប្រទង់​គ្នា ដណ្ដើម​កូន​បានជា​ខាង​គណ​:​គ្រប់គ្រង​សាលារៀន សម្រេចយក​ក្មេងស្រី​នោះ មក​ប្រគល់​ឲ្យ​ចៅក្រម​សម្រេច​តាម​អង្គច្បាប់ ។​

​បន្ទាប់មក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី សម្រេច​ប្រគល់​កូនប្រុស​-​ស្រី​ទាំង​៤​នាក់ ឱ្យ​រស់នៅ​ជាមួយ​ម្ដាយ​គ្រប់គ្រង​វិញ ។ ការសម្រេច​របស់លោក​ចៅក្រម​នោះ ដោយ​សម្អាង​លើ​ក្មេងស្រី​រៀបរាប់​ពី​ផល​លំបាក ដែល​ឪពុក​នាំ​ពួកគេ​ចេញពីផ្ទះ​ទៅ​នៅ​ជាមួយ​មីង ខ្វះ​ការថែទាំ​ឱ្យបាន​កក់ក្តៅ និង​ថ្ងៃ​ណា ក៏ត្រូវ​អ្នកបម្រើ​វាយតប់ គំរាមកំហែង និង​មិនឱ្យ​អាហារ​ហូបចុក​គ្រប់គ្រាន់​ដែរ ទើប​ពួកគេ​ចុះ​ស្គមស្គាំង ហើយ​ឈឺ​ស្កាត់​មិន​ឈប់ឈ​ថែមទាំង​រៀនសូត្រ​ដិតដល់ ដូច​អ្វីដែល​រស់នៅក្នុង​បន្ទុក​ម្តាយ​គ្រប់គ្រង​នោះឡើយ ៕

ចំនួនអ្នកទស្សនា

    20510867

  • ថ្ងៃនេះ3381
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46531
  • ខែនេះ68411
  • ឆ្នាំនេះ68411
  • សរុប20510867