ភ្នំពេញ ៖ បន្ទាប់ពីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានបញ្ជូនខ្លួន ទៅតុលាការអស់២លើក មនុស្ស៥នាក់ដែលរួមមានមន្ដ្រីសមាគមអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មួយរូប ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែមេសា ពីបទសូកប៉ាន់សាក្សី និង សមគំនិតសូកប៉ាន់សាក្សី។
តាមការឲ្យដឹងពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ជាមន្ត្រីសមាគមអាដហុក ត្រូវបានតុលាការចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។
លោកលី សុផាណាបានបញ្ជាក់ដែរថា លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏ ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែរ។
បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ ត្រូវបានផ្ទេរទៅលោក ជា សុខចាន់ដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកំពុងចាត់ការបន្តតាម នីតិវិធី។គួរបញ្ជាក់ថា យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៤៨បានចែងថា រាល់បុគ្គលណា ដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ ឬដោយប្រយោល អំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយដើម្បី ៖ ១.មិនធ្វើជាសាក្សី និង២.ផ្ដល់សក្ខីកម្មភូតកុហកនឹងត្រូវដាក់ពន្ធនាគារ ពី៥ ទៅ១០ឆ្នាំ៕