ភ្នំពេញ៖ លោក កែវ សុជាតិ បានថ្លែងប្រាប់ នៅមុននេះបន្តិចថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានព្រះរាជាអាជ្ញាចេញដីកាកោះហៅ ឲ្យចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីសាកសួរករណីបរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រឈមចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ដាក់ពាក្យបណ្ដឹងក្នុងសំណុំរឿងខ្សែអាត់សំលេងសន្ទនាគ្នា ដោយចោទប្រកាន់កញ្ញា ធី សុវណ្ណថា បោកប្រាស់ប្រាក់មូលនិធិក្រៅប្រទេស យកទៅទិញឡាននិងផ្ទះ។
ស្របពេលជាមួយនោះផងដែរ តំណាងរាស្ត្រ CNRP ចំនួន២រូបទៀត ក៏ត្រូវបានព្រះរាជអាជ្ញាចេញដីកាកោះហៅ ពាក់ព័ន្ធករណីរឿងរ៉ាវផ្លូវភេទរវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែល ទើបទទួលបាននៅមុននេះបន្តិច។
យោងតាមដីកោះហៅបានបញ្ជាក់ថា តំណាងរាស្ត្រ២រូប ដែលត្រូវបានតុលាការកោះហៅទី១៖ ឈ្មោះ តុប វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តកណ្តាល (ជាជនសង្ស័យ) និងលោក ពិន រតនា តំណាងរាស្ត្រខេត្តបាត់ដំបង (ជាជនសង្ស័យ) ។ ដោយឲ្យអ្នកទាំងពីរចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ៕