មន្ត្រី​តុលាការ​៖ ការកោះហៅ លោក កឹម សុខា និង​តំណាងរាស្ត្រ CNRP ធ្វើឡើង​តាម​នីតិវិធី ដោយ​មិនមាន​ការរំលោភ​រដ្ឋធម្មនុញ្ញ​ទេ

04-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់ ឱ្យដឹងថា ការកោះហៅ លោក កឹម សុខា និង​តំណាងរាស្ត្រ​២​រូប នាពេលនេះ គឺធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនបាន​រំលោភ​ដល់​រដ្ឋធម្មនុញ្ញ ដូច​ការចោទប្រកាន់រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​
​ការអះអាង​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍ ដោយ​ចោទប្រកាន់ថា តុលាការ​បាន​ប្រើ​អំណាច​ដោយ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ដែល​ធានា​ដោយ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​។​

​លោក លី សុ​ផា​ណា បាន​បញ្ជាក់ថា តុលាការ​មាន​សិទ្ធិ​ក្នុង​ការកោះហៅ​បុគ្គល​នានា ដើម្បី​បំភ្លឺ​ទៅនឹង​រឿង​អ្វីមួយ ហើយក៏​អាច​កោះហៅ​តំណាងរាស្ត្រ​បានដែរ​។ លោក​ថា អភ័យឯកសិទ្ធិ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គ្រាន់តែ​បានការ​ពារ​មិនឱ្យ​មានការ​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន តំណាងរាស្ត្រ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ករណី​បទល្មើស​ជាក់ស្តែង​វិញ អភ័យឯកសិទ្ធិ​នេះ​នឹង​មិនអាច​ការពារ​តំណាងរាស្ត្រ​បាន​នោះទេ​។​
​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា «​តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុងការ​បំពេញមុខ​ងា​រ របស់ខ្លួន​សោះឡើយ​។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ ការឃុំខ្លួន សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង អាច​ធ្វើទៅកើត លុះត្រាតែ​មានការ យល់ព្រម ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ អចិន្ត្រៃយ៍ របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។ ក្នុងករណី​ខាងក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវធ្វើ​សេចក្ដីរាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​រដ្ឋសភា​ជាបន្ទាន់ ដើម្បី​សម្រេច​»​។​
​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ បានចេញ​សេចក្តី​ថ្លែង​ការ​មួយ បញ្ជាក់ថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចូលខ្លួន​តាម​ការកោះហៅ របស់​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ​។ សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា «​រាល់​ការចេញ​ដីកា កោះហៅ​តំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិសភា ពី​សំណាក់​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការប្រើ​អំណាច​ដោយ​រំលោភ​ព​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ដែល​ធានា​ដោយ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សេចក្តីថ្លែងការណ៍​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​២​រូប ក្នុងនោះ​រួមមាន លោក តុ​ប វ៉ាន់​ចាន់ និង លោក ពិន រតនា ឱ្យចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ អំឡុង​ពាក់​កណ្តាលខែ​នេះ ពាក់ព័ន្ធ​នឹង​សំណុំរឿង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ ដែល​សារភាពថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ ព្រះរាជអាជ្ញា​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក កឹម សុខា និង​គូកន ព្រមទាំង​ជន​ពាក់ព័ន្ធ​ដ៏ទៃទៀត ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០​ម៉ឺន​ដុល្លារ​។​

​កញ្ញា​ស្រីមុំ បាន​ចោទ​លោក កឹម សុខា រួមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៀតថា បាន​ណែនាំ​ឱ្យ​នាង​និយាយ​ភូតកុហក​សមត្ថកិច្ច ព្រមទាំង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​។ ស្រីមុំ​បាន​សរសេរ​នៅក្នុង​ពាក្យបណ្តឹង​នោះ​ថា «​នាង​ខ្ញុំ​សូម​ជម្រាបជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​មេត្តា​ជ្រាបថា ឆ្លងកាត់​ដំណើររឿង នេះ នាង​ខ្ញុំ​ត្រូវ​ខូចខាត​កិត្តិយស​សេចក្តីថ្លៃថ្នូ​រយ៉ា​ង​ធ្ងន់ធ្ងរ ដោយសារ​ឈ្មោះ កឹម សុខា ភេទ​ប្រុស បាន​សន្យា​ជាច្រើន​ជាមួយ​នាង​ខ្ញុំ មានដូចជា សន្យា​ផ្តល់ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​អាមេរិក សន្យា​ទិញ​ផ្ទះ និង​ទិញ​របស់របរ​ដែល​នាង​ខ្ញុំ​ត្រូវការ​ឲ្យ​នាង​ខ្ញុំ សន្យា​បើកមុខ​របរ​ឲ្យ​នាង​ខ្ញុំ​។​ល​។ តែ​រហូតមក​ដល់ពេលនេះ គាត់​មិនបាន​ប្រគល់​ឲ្យ​នាង​ខ្ញុំ​ទេ​»៕

ចំនួនអ្នកទស្សនា

    20508927

  • ថ្ងៃនេះ1441
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44591
  • ខែនេះ66471
  • ឆ្នាំនេះ66471
  • សរុប20508927