ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរិះគន់របស់ អង្គការតម្លាភាពដែលថាការចាប់ខ្លួនមន្ត្រីសមាគមអាដហុក៤រូបនិង មន្ត្រីគ.ជ.បម្នាក់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ថា ជាការបញ្ជូនសារអវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋនៅ ទូទាំងពិភពលោកនោះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានប្រធានអង្គភាពប្រឆាំអំពើពុករលួយ(ACU)បានបំភ្លឺតាមរយៈ ការផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃ៤ឧសភា នេះ។
ឯកឧត្តមថាការលើកឡើងដូចខាងលើមិនមែនជាការរិះគន់តេតែជា ការបរិហារ ជាការមួលបង្កាច់ ជាការធ្វើអោយសារធារណមតិជាតិនិងអន្តរជាតិមានការយល់ច្រឡំមួយ ទៅលើអ្វីដែលជានិន្នាការគោរពច្បាប់ ទៅនឹងអ្វីដែលជានិន្នាការដែលគេមិនគោរពច្បាប់។
ឯកឧត្តមបាន មានប្រសាសន៍ដូច្នេះថា"យើងបានដឹងហើយថា គេបានធ្លាប់និយាយថាអង្គភាពប្រឆាំងអំពើពុករលួយទៅធ្វើអីរឿងស្នេហា គេ២នាក់ហ្នឹង ប៉ុន្តែយើងខ្ញុំនៅតែមានការអំណត់ធ្វើកិច្ចការរបស់យើងខ្ញុំ ទីបំផុតយើងឃើញហើយថា អ្វីដែលធ្វើ ជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ នោះជាបទសូកប៉ាន់សាក្សីដើម្បីអោយសាក្សីនេះភូតកុហក តើនេះជាការមួយគួរលើកលែងដែរឬទេ នេះជាបទមជ្ឈិមនេះជាបទឧក្រិដ្ឋ នេះជាបទឧក្រិដ្ឋមួយទៅទៀតដែលកុំថាតែកម្ពុជា សូម្បីតែសហរដ្ឋអាមេរិកក៏គេមិនលើកលែង។ចឹងខ្ញុំគិតថាគាត់បំភាន់ មតិជាតិ មតិអន្តរជាតិ ដោយគិតថាខ្ញុំធ្វើចេះ ធ្វើចុះ យើងច្បាប់អត់មានភ្នែកទេ អ្នកឯងជ្រកក្រោមម្លប់NGO ប៉ះអ្នកឯងគេចាប់អ្នកនោះ...យើងចាប់លោកក លោកខ បែរជាថាយើងថាយើងចាប់មន្ត្រីNGO ឥឡូវគាត់មិនធ្វើនៅNGOណឹងទៅ មិនឆ្លើយដាក់ម៉េចទៀតចឹងខ្ញុំសូមបញ្ជាក់ជូនថានេះមិនមែនជា ការរិះគន់ តែជាការមួលបង្កាច់ ជាការលាបពណ៌ ជាការធ្វើអោយមតិជាតិនិងអន្តរជាតិមានការយល់ច្រឡំដោយអំពើបក្សពួក របស់គាត់ ចឹងសុំប្រយ័ត្ន កុំបង្ហាញថាខ្លួនជាបក្សពួក ខ្លួនជាអ្នកសមគំនិត ពីព្រោះអ្នកនិយាយអស់ហ្នឹងសុទ្ធតែយល់អំពីច្បាប់ខ្លាំងណាស់" ៕