ដីកា​តុលាការ​ច្រើនពេក​ភ័យ​លោក​កឹម សុខា ស្វែងរក​ការចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​

05-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើការ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី ជួបចរចា​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើតឡើង ដោយ​ផ្អែកលើ​វិ​ប្ប​ធម៌​សន្ទនា​។ ការស្វែងរក​ការចរចា​នេះ​គឺ​បន្ទាប់ពី​តុលាការ​បានចេញ​ដីកា​កោះហៅ​លោក​កឹម សុខា និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីររូប​ផ្សេងទៀត ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១១ និង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឲ្យ​ដឹងថា លោក​កឹម សុខា​បាន​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​ម្នាក់​របស់​គណបក្ស​ប្រជាជន កម្ពុជា ដើម្បី​ស្នើសុំ​ជួបចរចា​គ្នា រវាង​ថ្នាក់​នាំ​គណបក្ស​ទាំងពីរ​ដើម្បី​ជជែក​ពិភាក្សា​ទៅលើ​ស្ថានការណ៍ នយោបាយ​ដែល​កំពុងតែ​តានតឹង​។ ដោយ​មន្ត្រី​រូបនោះ​បញ្ជាក់ថា លោក​កឹម សុខា​បាន​ទាក់ទង​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា រួចហើយ តែ​ការឆ្លើយតប​យ៉ាង​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ គឺ​បានសម្រេច​មិនអោយ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក​តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​ខេត្តកណ្តាល និង​លោក​ពិន រតនា តំណាងរាស្ត្រ​ខេត្តបាត់ដំបង​ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ នា​ថ្ងៃទី​១១ និង​ថ្ងៃទី​១៦ ខែឧសភា ខាង​មុននេះ​ទេ ទាក់ទង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា និង​ពាក់ព័ន្ធ​ករណី​អំពើ​ពេស្យាចារ ដែលមាន​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ជា​ជនរងគ្រោះ​។ គណបក្ស​សង្គ្រោះ​ជាតិ អោយ​តុលាការ​ធ្វើតាម​នីតិវិធី​ធ្វើលិខិត​ទៅ​ក្រសួងយុត្តិធម៌ ហើយ​ក្រសួង​ធ្វើលិខិត​ទៅ​ប្រធានសភា ដើម្បី​ដក​អភ័យឯកសិទ្ធិសភា​។ បើ​មិន​ធ្វើតាម​នីតិវិធី​ទេ គឺ​មិន​ចូល​ឆ្លើយបំភ្លឺ​ទេ​។​

​ទាក់ទង ការស្វែងរក​ការចរចា​របស់លោក​កឹម សុខា ត្រូវបាន​ឯកឧត្តម​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ ដឹងថា លោក​នៅ​មិនទាន់​បានដឹង​ពី​ព័​ត៍​មាន​នេះ​ទេ​។ ហើយ​អ្វីដែល​លោក​កឹម សុខា ចង់​មក​ចរចា​នេះ​ដូចជា​ដោះស្រាយ​មិន​ចេញ​ទេ ពីព្រោះ​វប្បធម៌​សន្ទនា​មិន​គ្រប​លើ​តុលាការ និង​ផ្លូវច្បាប់​ទេ​។ បើទោះបី​បាន​យល់ព្រម​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដោះស្រាយ​មិន​ចេញ​ដែរ​រឿង​បុគ្គល​ដោះស្រាយ​ជា​លក្ខណៈ​បុគ្គល​លោក​កឹម​សុខា​សាង​ខ្លួនឯង​ស្រាយ​ខ្លួនឯង តែ​ការចរចា​មិន​មានតែ​ព្រោះ​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​នៅ​ដោះស្រាយ​កាត​ងារ​ជាតិ​មិនមែន​ទំនេរ​ដូច​បក្ស​សង្គ្រោះ​នោះឡើយ​។​

​លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​យល់ថា ការស្វែងរក​ចរចា គឺ​គណបក្ស​ប្រជាជន មិនទាន់បាន​ប្រកាស​បិទ​ផ្លូវ​វប្បធម៌​សន្ទនា​ទេ​ក៏ប៉ុន្តែ​អ្វីដែល​ខុសពី និយមន័យ​របស់​វប្ប​ធម៌​សន្ទនា យើង​មិនអាច​ធ្វើបាន​”​។​

 សូមជម្រាបថា លោក​កឹម សុខា ត្រូវបាន​តុលាការ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ពីបទ​បរិហាកេរ្តិ៍ តាមរយៈ​ខ្សែអាត់​សម្លេង​។​
ចំណែក​លោក​ពិន រតនា និង​លោក​តុ វ៉ាន់​ចាន់ ត្រូវបាន​តុលាការ​កោះ​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​និង​អំពើ​ពេស្យាចារ​៕

ចំនួនអ្នកទស្សនា

    20499957

  • ថ្ងៃនេះ7671
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35621
  • ខែនេះ57501
  • ឆ្នាំនេះ57501
  • សរុប20499957