រាជធានីភ្នំពេញ ៖ សាលាដំបូងរាធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា បានសម្រេចឃុំខ្លួននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីរបទ បើកបរធ្វេសប្រហែសបណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស ។ និស្សិតដែលត្រូវឃុំខ្លួនឈ្មោះ រ៉ាត វិរៈតារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំរៀននៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងបម្រើការងារឲ្យក្រុមហ៊ុនមួយ នៅក្រោយសាលាបាក់ទូក ខណ្ឌ៧មករា មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការសម្រេចឃុំខ្លួននិស្សិតរូបនោះគឺលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយយោង លើការចោទប្រកាន់ជាផ្លូវការពីសំណាក់លោកខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីផងដែរ ។ គួរបញ្ជាក់ថា បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៤នាក់ទៀតបានរងរបួសធ្ងន់ ដោយសារតែយុវជនម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តហាយប្រ៊ីដ ក្នុងល្បឿនយ៉ាងលឿនបុករះម៉ូតូ២គ្រឿងពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្ត និងម៉ូតូ១គ្រឿងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល ។ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកអន្តរាគមន៍មកបាញ់ពន្លត់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២ខែ ឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះទី១.ឈ្មោះ សុក ថាំ ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង និងជនរងគ្រោះទី២ មិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ ។ ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមេរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6797 បើកបរដោយយុវជនម្នាក់ស្រវឹងស្រាជោគជាំ បើកក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថានីយប្រេងឥន្ធនៈសូគីម៉ិចច្រមុះជ្រូកក្បាលថ្នល់សំដៅទៅចាក់អង្រែ ក្រោម ពេលមកដល់ចំណុចកើតហេតុបានបុករះម៉ូតូ២គ្រឿងពីក្រោយពេញទំហឹង១ គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-2075 និងម៉ូតូស៊ុយហ្ស៊ុយគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-6466 ដោយម៉ូតូទាំង២គ្រឿងជិះឌុបគ្នា៣នាក់ដូចគ្នា បណ្តាលឱ្យបុរសម្នាក់ផ្លោងបោកក្បាលនឹងកង់លូស្លាប់ និងម្នាក់ទៀតបោកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធមនៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយមករថយន្តបង្ក និងម៉ូតូ១គ្រឿងអូសជាប់គ្នា ហើយរថយន្តបានហូរប្រេងផ្ទុះឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅបង្កការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ មកអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន ៣គ្រឿងទើបរលត់ ប៉ុន្តែរថយន្តនិងម៉ូតូ១គ្រឿងបានឆេះខ្ទេចទាំងស្រុងទៅហើយ ។ ចំណែកយុវជនដែលជាអ្នកបើករថយន្តបង្ក បានព្យាយាមរត់គេចខ្លួនក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានមកវិញ ហើយរថយន្តបង្ក និងម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោក ជាមួយអ្នកបើករថយន្តបង្កដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ឱ្យមកទទួលយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕