សមត្ថកិច្ច​យក​ដីកា​កោះហៅ​លោក កឹម សុខា និង​លោក តុ វ៉ាន់​ចាន់ ទៅ​បិទ​ដល់​មុខផ្ទះ

07-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ដីកា​កោះហៅ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​លោក តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​មណ្ឌលកណ្តាល​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញារង លោក សៀង សុខ ត្រូវបាន​សមត្ថកិច្ច យកទៅ​បិទ​ដល់​មុខផ្ទះ​របស់លោក​ទាំង​២​តែម្តង នា​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​ផ្ទះ​លោក កឹម សុខា ដែល​សមត្ថកិច្ច​យកទៅ​បិទ​ដល់​នោះ គឺ​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដែល​លោក កឹម សុខា ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទចោទប្រកាន់​ពីបទ សញ្ចារកម្ម រីឯ​ផ្ទះ​លោក តុ វ៉ាន់​ចាន់ ស្ថិតនៅ​ផ្ទះ​លេខ A23 ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវ​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​១៦ ខែឧសភា ដែល​ត្រូវ​រង​ការចោទប្រកាន់​ពីបទ អំពើ​ពេស្យាចារ​។​

​សូមបញ្ជាក់ថា នេះ​ជា​ដីកាកោះ​លើក​ទី​២ របស់លោក កឹម សុខា ហើយ​បន្ទាប់ពី​ព្រះរាជអាជ្ញារង កែវ សុជាតិ កាលពី​ថ្ងៃទី​០៣ ខែឧសភា បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ពីបទ​បរិហាកេរ្តិ៍​។​​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក កឹម សុខា និង​គូកន ព្រមទាំង​ជន​ពាក់ព័ន្ធ​ដ៏ទៃទៀត ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣០​ម៉ឺន​ដុល្លារ​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​កញ្ញា ស្រីមុំ បាន​សរសេរ​ប្តឹង​លោក កឹម សុខា និង​គូកន ព្រមទាំង​ជន​ពាក់ព័ន្ធ​ដ៏ទៃទៀត​ថា​៖ «​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត ពី​លោក កឹម សុខា និង​គូកន ពីបទ​ធ្វើ​ឲ្យ​រូបនាង ខាតបង់​ពេលវេលា​បាត់​ការងារ ខាតបង់​សេដ្ឋកិច្ច​គ្រួសារ និង​ការខូចខាត​កិត្តិយស​សេចក្តីថ្លៃថ្នូរ របស់​នាង​ចំនួន​៣០០,០០០ (​បី​រយ​ពាន់​) ដុល្លារ​អាមេរិក​»​។ ការដាក់​ពាក្យបណ្តឹងរ​បស់​កញ្ញា ស្រីមុំ នេះ​ធ្វើឡើង​តាមរយៈ មេធាវី គឹម វាសនា​៕

ចំនួនអ្នកទស្សនា

    20499627

  • ថ្ងៃនេះ7341
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35291
  • ខែនេះ57171
  • ឆ្នាំនេះ57171
  • សរុប20499627