លោក កឹម សុខា នឹងត្រូវ​ចាប់ខ្លួន ប្រសិនបើ មិន​ចូលទៅ​តុលាការ​តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​

10-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ឯកឧត្តម ឱម យ៉ិនទៀង បាន​ថ្លែងថា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹងត្រូវ​ចាប់ខ្លួន ប្រសិនបើ​រូបលោក​មិន​ចូលទៅ​តុលាការ​តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា ដោយ​លោក​ចាត់ទុកថា​នេះ​ជាការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។​

​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ បានចេញ​ដីកា​កោះហៅ លោក កឹម សុខា ឲ្យ​ចូលខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃទី​១១ ខែឧសភា ដើម្បី​សាកសួរ​ពី​ដំណើររឿង​ដែល​កញ្ញា ធី សុវណ្ណ​ថា បាន​ប្ដឹង​រូបលោក​ពីបទ​បរិហារកេរ្តិ៍​។ តុលាការ​ក៏បាន​ហៅ​លោក កឹម សុខា ឲ្យ​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​នៅ​ថ្ងៃទី​១៧ ខែឧសភា ពាក់ព័ន្ធ​នឹង​សំណុំរឿង​សញ្ចារកម្ម​។​

​ក្នុង​កម្មវិធី​តុមូល​របស់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ ឯកឧត្តម ឱម យ៉ិនទៀង បាន​លើកឡើងថា​អ្នកមាន​អភ័យឯកសិទ្ធិ​ទាំងអស់​មិនអាច​ប្រឆាំង​វិធានការ​របស់​រដ្ឋាភិបាល​ឬ​នគរបាល​យុត្តិធម៌​នោះទេ​។ លោក​ពន្យល់ថា​ប្រសិនបើ​តុលាការ​ចោទប្រកាន់​អ្នកមាន​អភ័យឯកសិទ្ធិ ទាល់តែ​មានការ​ព្យួរ​អភ័យឯកសិទ្ធិ​។ លោក​បញ្ជាក់​បន្ថែមថា​ប្រសិនបើ​ករណី​មិន​ចូល​តាម​ការកោះហៅ​របស់​តុលាការ លោក កឹម សុខា នឹងត្រូវ​ចាប់ខ្លួន ដោយ​ថា​នេះ​ជា​បទល្មើស​ជាក់ស្តែង​។​
​លោក​មានប្រសាសន៍ថា​៖ “​លិខិត​ដែល​យើង​ឃើញថា​ព្រះរាជអាជ្ញា​កោះហៅ​លោក​កឹម សុខា មក លោក កឹម សុខា គាត់​មក តាម​ការកំណត់​។ មកដល់​គាត់​ប្រាប់ថា​ខ្ញុំ​តំណាងរាស្ត្រ ខ្ញូំ​មាន​អភ័យឯកសិទ្ធិ ខ្ញុំ​ជឿថា​ព្រះ​រា​ជ្ញា​ថា​លោក​អាច​ឆ្លើយ​សំណួរ​នេះ​ទេ បើ​គាត់​មិន​ឆ្លើយ ក៏​អត់​ដឹង​ធ្វើ​អី​គាត់​ដែរ គឺ​គាត់​ត្រូវ​ត្រឡប់​ទៅវិញ តែ​គាត់​ប្រឆាំង​ការ​ទៅ សូមជម្រាបថា​គាត់​បង្កើត​បទល្មើស​ជាក់ស្តែង  អា​រឿង​ធំ​មិន​គិត ទៅជា​បង្កើត​រឿង​មួយ​ធំ​ជាង​ហ្នឹង​ទៅទៀត អញ្ចឹង​គេ​មិន​ចាប់​អា​រឿង​គាត់​អី សញ្ចារកម្ម​អី​ទេ គេ​ចាប់​រឿង​អា​បទល្មើស​ថ្មី ភ្លាមៗ​នេះ​”​។​
​តុលាការ​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​២​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពីររូប គឺ​លោក ពិន រតនា​និង​លោក តុ វ៉ាន់​ចាន់ ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៦ ខែឧសភា ពី​ការចោទប្រកាន់​ពី​អំពើ​ពេស្យាចារ ដែល​ទាក់ទង​នឹង​រឿងអាស្រូវ​ស្នេហា​ដែល​ត្រូវបាន​ទម្លាយ​ថា​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា​។​
​វី​អូ​ឌី​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​មន្ត្រី​បក្សប្រឆាំង​បាន​នៅឡើយ​ទេ​។ កាលពី​សប្តាហ៍​មុន ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានសម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​៣​រូប​ចូល​បំភ្លឺ​តាម​ការកោះហៅ ដោយ​លើកឡើងថា​ចំណាត់ការ​នេះ​បំពាន​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​។ ក្រុម​សមាជិកសភា​បក្សប្រឆាំង​បានបញ្ជាក់​ថា​រាល់​ដីកា​កោះហៅ​តំណាងរាស្ត្រ​ដែលមាន​អភ័យឯកសិទ្ធិសភា​ពី​សំណាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​”​ជាការ​ប្រើប្រាស់​អំណាច​ដោ​យ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​”​។ សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ “​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ទៅតាម​ដីកាកោះ​របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រំលោភបំពាន​ច្បាប់​នោះឡើយ​”​។​
​លោក​មេធាវី សុក សំអឿន មិន​យល់​ស្របតាម​ការលើកឡើង​របស់លោក ឱម យ៉ិនទៀង​នោះទេ ដោយ​លោក​មានប្រសាសន៍ថា​បើតាម​ច្បាប់ អ្នកមាន​អភ័យឯកសិទ្ធិ​មិនត្រូវ​ចាប់ខ្លួន​នោះទេ បើទោះជា​មិន​ចូលទៅ​តុលាការ​តាម​ការកោះហៅ​ក៏ដោយ​។​
​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា ធ្លាប់​ប្រាប់​វី​អូ​ឌី​ថា​តុលាការ​នឹងមាន​ចំណាត់​ក្រោយ​ទៀត នៅពេល​តំណាងរាស្ត្រ​មិន​ចូល​បំភ្លឺ​តាម​ពេលវេលា​នៃ​ការកោះហៅ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ចំណាត់ការ​អ្វី​ឡើយ​។ លោក​បន្តថា​ចំណាត់​ការកោះហៅ​តំណាងរាស្ត្រ​គឺ​ត្រឹមត្រូវ​តាម​នីតិវិធី​។ លោក​បញ្ជាក់ថា​៖ “​វា​ជា​សិទ្ធិអំណាច​របស់​តុលាការ គ្រប់​បុគ្គល​ទាំងអស់​ដែល​តុលាការ​គិតថា​មាន​ប្រយោជន៍​សម្រាប់​ដំណើរការ​រឿងក្តី​។ ការកោះអញ្ជើញ​ជា​រឿង​ត្រឹមត្រូវ តាម​នីតិវិធី​”​។​
​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​អ្នកនាំពាក្យ​ក្រសួង លោក ជិន ម៉ា​លីន មានប្រសាសន៍ថា​ការកោះហៅ​របស់​តុលាការ​ឲ្យ​តំណាងរាស្ត្រ​ចូល​បំភ្លឺ​គឺ​ត្រឹមត្រូវ​តាមច្បាប់​ដែល​លោក​ថា​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ស្វែងរក​ការពិត​អ្វីមួយ​។ លោក​បញ្ជាក់ថា​៖ “​តាមច្បាប់ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​កាតព្វកិច្ច​ចូលរួម​សហការ​ពី​ដំណើរការ​ស្វែងរក​ការពិត​”​។ លោក​បន្តថា​ដោយសារ​តំណែង​រាស្ត្រ​ទាំងបី​រូប​មិនទាន់​ត្រូវបាន​ចោទប្រកាន់ ឃាត់ខ្លួន​ឬ​ចាប់ខ្លួន​អ្វី​នោះទេ ដូច្នេះ​នីតិ​វ​ធី គឺ​តុលាការ​អាច​កោះហៅ​សាកសួរ​បាន ដោយ​មិន​គិតពី​អភ័យឯកសិទ្ធិ​។​
​លោក ម៉ា​លីន ឲ្យ​ដឹង​ទៀតថា​នៅពេល​មានការ​ចោទប្រកាន់​តំណាងរាស្ត្រ ទើប​អភ័យឯកសិទ្ធិ​របស់​តំ​ណា ង​រាស្ត្រ​ត្រូវបាន​យកមក​ពិចារណា​។ លោក​មិនទាន់​អាច​ប្រាប់​ពី​នីតិវិធី​បន្តបន្ទាប់ នៅពេល​តំណាងរាស្ត្រ​ត្រូវបាន​តុលាការ​ចោទប្រកាន់​នោះទេ​។​
​កន្លងទៅ តំណាងរាស្ត្រ​បក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ខ្លួន ដោយ​រដ្ឋាភិបាល​បញ្ជាក់​ថា​នេះ​ជា​បទល្មើស​ជាក់ស្តែង ដោយសារ​ការ​បង្ហោះ​សារ​និង​ការអត្ថាធិប្បាយ​ពី​ផែនទី​ក្លែងក្លាយ​នៅលើ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ បក្សប្រឆាំង​បាន​រិះគន់​ចំណាត់ការ​នេះ​ថា​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​។​
​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន​ឬ​ការឃុំខ្លួន សមាជិក​ណាមួយ​នៃ​រដ្ឋសភា​នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា​ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​។ សេចក្ដីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ត្រូវ​ដាក់ជូន​សម័យប្រជុំ​រដ្ឋសភា​ខាងមុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​៕



ចំនួនអ្នកទស្សនា

    20499847

  • ថ្ងៃនេះ7561
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35511
  • ខែនេះ57391
  • ឆ្នាំនេះ57391
  • សរុប20499847