លោក​កឹម សុខា នៅតែ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​

11-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹងមិន​ចូលធ្វើការ​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ​ទេ ទាក់ទង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ប្តឹង​ពីបទ​បរិហាកេរ្តិ៍​តាមរយៈ​ខ្សែអាត់​សំឡេង​សន្ទនា​ដែល​ត្រូវបាន បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​លើ​សារព័ត៌មាន​មួយចំនួន​។​
    
 ការមិន​ចូល​ប​បង្ហាញខ្លួន​ទៅ​ឆ្លើយបំភ្លឺ​របស់លោក​កឹម សុខា នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ត្រូវបាន​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ថា នៅ​មិនទាន់មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ​។​
    
​ក្នុងពេល ជាមួយគ្នា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​លោក​ប្រធានស្តីទី កឹម សុខា បានសម្រេច​ចិត្ត ធ្វើ​ពលី​កម្ម ប្រឈម​នឹង​ការព្រមាន ហើយ​សុខចិត្ត​អោយគេ​ចាប់ខ្លួន​លោក​ដើម្បី​ផ្តល់​កំលាំងចិត្ត​ឲ្យ​យើង ទាំងអស់គ្នា​នៅ​ខាងក្រៅ​។ ហេតុដូច្នេះ ដើម្បី​ផ្តល់​សេចក្តី​កក់ក្តៅ​ជូន​លោក​វិញ យើង​ត្រូវតែ​រួបរួមគ្នា ប្តេជ្ញាចិត្ត​បន្ត​បេសកកម្ម​ពិសិដ្ឋ​របស់លោក រៀងរាល់ថ្ងៃ​ជាមិនខាន ដើម្បី​ទាមទារ សិទ្ធិសេរីភាព និង​ប្រជា​ធិ​តេ​យ្យ​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​ជាតិ​យើង​”​។​

​ចំណែក​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ថា​“​នៅ​ថ្ងៃទី​១១ ខែឧសភា យើង​នឹង​បាន​ឃើញថា លោក​កឹម សុខា ចូល​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ឬក៏​មិន​ចូល បាន​ច្បាស់​”​ដោយ​លោក​បាន​បញ្ជាក់ថា ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ ចាំ​លោក​ជម្រាបជូន​ព័​ត៍​មាន​តាម​ក្រោយ​ទៀត​។

​លោក​លី សុ​ផា​ណា​បាន​និយាយ​ដូច្នេះ​ថា “​ស្អែក​នឹង (១១ ឧសភា​) យើង​នឹង​ឃើញថា គាត់​ចូល ឬ​មិន​ចូល បាន​ច្បាស់ ហើយ​នៅពេលនេះ​ចំពោះ​ចំណាត់ការ​យ៉ាងម៉េចៗ ចាំ​ខ្ញុំ​ជម្រាបជូន​ព័​ត៍​មាន​តាម​ក្រោយ​ទៀត​”​។​

​ដោយឡែក ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា​អ្នកមាន​អភ័យឯកសិទ្ធិ​ទាំងអស់​មិនអាច​ប្រឆាំង​វិធានការ របស់​រដ្ឋាភិបាល​ឬ​នគរបាល​យុត្តិធម៌​នោះទេ​។ លោក​ពន្យល់ថា​ប្រសិនបើ​តុលាការ​ចោទប្រកាន់​អ្នកមាន​អភ័យឯកសិទ្ធិ​ទាល់តែ មានការ​ព្យួរ​អភ័យឯកសិទ្ធិ​។

​តែ​លោក​បញ្ជាក់​បន្ថែមថា​ប្រសិនបើ ករណី​មិន​ចូល​តាម​ការកោះហៅ​របស់​តុលាការ លោក កឹម សុខា អាច​នឹងត្រូវ​ចាប់ខ្លួន​ដោយ​ថា​នេះ​ជា​បទល្មើស​ជាក់ស្តែង​។​

​ឯកឧត្តម ឱម យ៉ិនទៀង មានប្រសាសន៍ថា “​លិខិត​ដែល​យើង​ឃើញថា​ព្រះរាជអាជ្ញា​កោះហៅ​លោក​កឹម សុខា មក លោក កឹម សុខា គាត់​មក​តាម​ការកំណត់​។ មកដល់​គាត់​ប្រាប់ថា​ខ្ញុំ​តំណាងរាស្ត្រ ខ្ញុំ​មាន​អភ័យឯកសិទ្ធិ ខ្ញុំ​ជឿថា​ព្រះ​រា​ជ្ញា​ថា លោក​អាច​ឆ្លើយ​សំណួរ​នេះ​ទេ បើ​គាត់​មិន​ឆ្លើយ​ក៏​អត់​ដឹង​ធ្វើ​អី​គាត់​ដែរ គឺ​គាត់​ត្រូវ​ត្រឡប់​ទៅវិញ តែ​គាត់​ប្រឆាំង​ការ​ទៅ សូមជម្រាបថា​គាត់​បង្កើត​បទល្មើស​ជាក់ស្តែង  អា​រឿង​ធំ​មិន​គិត​ទៅជា​បង្កើត​រឿង​មួយ​ធំ​ជាង​ហ្នឹង​ទៅទៀត អញ្ចឹង​គេ​មិន​ចាប់​អា​រឿង​គាត់​អី សញ្ចារកម្ម​អី​ទេ គេ​ចាប់​រឿង​អា​បទល្មើស​ថ្មី ភ្លាមៗ​នេះ​”​។​

​គួររំលឹកថា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ លោក​កឹម សុខា និង​អ្នកតំណាងរាស្ដ្រ​២​រូប​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល ខ្លួន​បំភ្លឺ ករណី​បរិហារកេរ្តិ៍​កញ្ញា ធី សុវណ្ណ​ថា និង​ករណី​រឿងរ៉ាវ​ផ្លូវភេទ​រវាង​លោក កឹម សុខា និង​កញ្ញា​ស្រីមុំ​។ បន្ទាប់ពី​មានការ​កោះហៅ​ពី​តុលាការ ក្រុម​អ្នកតំណាងរាស្ដ្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក៏​បានចេញ​សេចក្ដី​ថ្លែង​ការរួម​មួយ​ដោយបាន​បដិសេធ​មិន​ចូលខ្លួន​តាម ការកោះហៅ​របស់​តុលាការ​នោះទេ ដោយ​លើក​ហេតុផល​ថា ការចេញ​ដីកា​កោះហៅ​របស់​តុលាការ​ជាការ​រំលោភ​អភ័យឯកសិទ្ធិសភា​រប​ស់ តំណាងរាស្ដ្រ​៕

ចំនួនអ្នកទស្សនា

    20499687

  • ថ្ងៃនេះ7401
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35351
  • ខែនេះ57231
  • ឆ្នាំនេះ57231
  • សរុប20499687