ភ្នំពេញ៖ទោះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មិនចូលខ្លួនតាមដីកាកោះរបស់តុលាការ ក៏តុលាការបន្តនីតិវិធី គឺជារឿងរ៉ាវសំខាន់ក្នុងស្ថាប័នតុលាការប្រចាំសប្ដាហ៍នេះក្រៅពីនេះ នៅមានរឿងរ៉ាវជាច្រើនទៀតដូចជាតុលាការបញ្ចប់សវនាការកាត់ទោសក្រុម ជនជាប់ចោទវាយតំណាងរាស្ត្របក្សប្រឆាំងជាដើម ។
ខាងក្រោមនេះគឺជារឿងរ៉ាវសំខាន់ប្រចាំសប្ដាហ៍ ៖
ទី១ ៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី បានកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងនាមជាជនសង្ស័យ ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ តាមបណ្ដឹងកញ្ញា ធី សុវណ្ណថា ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ។ ប៉ុន្ដែលោក កឹម សុខា ពុំបានចូលខ្លួនតាមដីកាកោះរបស់តុលាការនោះទេ ព្រមទាំងពុំបានដាក់ពាក្យសុំពន្យារពេល ថែមទៀតផង ។
ទាក់ទិនករណីនេះ លោកព្រះរាជអាជ្ញារង លី សុផាណា និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ការចូលឆ្លើយឬមិនចូលឆ្លើយជាការសម្រេចរបស់សាំមីុខ្លួន ហើយយើងនឹងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនចូល ឆ្លើយតាមការកោះហៅឬរឹងទទឹង ដែលកំណត់តាមនីតិវិធីព្រហ្មទណ្ឌ ។
ទី២ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានចំណាយពេលមួយថ្ងៃពេញ ដើម្បីកាត់ទោសជនជាប់ចោទ៣នាក់ ពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូប ។ ក្រោយការសួរដេញដោលរហូតដល់ពេលព្រលប់ លោកចៅក្រម ហេង សុខណា សម្រេចថា សាលក្រមនេះនឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦ ។
ជាការកត់សម្គាល់ នៅក្នុងពេលសួរដេញដោល ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ចាយ សារិទ្ធ ឈ្មោះ ម៉ៅ ហឿន និង ឈ្មោះ សុត វណ្ណនី បានឆ្លើយសារភាពដូចៗគ្នា ថា ពិតជាបានប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបប្រាកដមែន ។ ការប្រើអំពើហិង្សានេះ ព្រោះតែពួកគេមិនដឹងថា ជនរងគ្រោះ គឺជាតំណាងរាស្ត្រ ។ ប៉ុន្តែ ជនជាប់ចោទបានបដិសេធថា ពុំបានវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះនោះទេ ។
ជនជាប់ចោទ បន្តថា មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើហិង្សានេះ កើតឡើងព្រោះតែតំណាងរាស្ត្រទាំងពីររូប បានប្រមាថលើពួកគាត់ ដោយប្រើពាក្យថាអាយ៉ងយួន ។ ប៉ុន្តែ កាលពីពេលកន្លងទៅ ជនរងគ្រោះទាំងពីរនាក់ បញ្ជាក់ថា ពុំបានប្រមាថ លើអ្នកណានោះទេ ៕
ទី៣ ៖ លោក ប៉ែន ចំរ៉ុង ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ បានព្យាយាមលាក់បាំងរឿងរ៉ាវប្រេះឆាជាមួយភរិយា គឺអ្នកស្រី ភិន សុដាលីស ដោយពុំរៀបរាប់លម្អិតអ្វីជាដើមចមដែលឈានដល់ការដាក់ពាក្យបណ្ដឹងសុំ លែងលះ ចូលតុលាការ នោះទេ ។
លោក ប៉ែន ចំរ៉ុង និង ភរិយា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានចូលខ្លួនតាមកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរចំពោះបណ្តឹងសុំលែងលះ ។
ក្រោយការសាកសួរប្រមាណជាង២ម៉ោង រួចមក លោក ប៉ែន ចំរ៉ុង បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ថា លោកចូលមកតុលាការពេលនេះ គឺ ដើម្បីប្តឹងសុំលែងលះភរិយា គឺ អ្នកស្រី ភិន សុដាលីស ។
ចំពោះសំណួរសួរថា តើមូលហេតុអ្វីដែលឈានដល់ការដាក់ពាក្យបណ្ដឹងសុំលែងលះនេះ ត្រូវបានលោក ប៉ែន ចំរ៉ុង បដិសេធមិនឆ្លើយនោះទេ ។ លោក បញ្ជាក់ថា នាពេលខាងមុខ តុលាការនឹងកោះហៅរូបលោកឲ្យចូលតុលាការម្ដងទៀត តែពុំដឹងថ្ងៃណាប្រាកដនោះទេ ។
ដោយឡែក អ្នកស្រី ភិន សុដាលីស កូនស្រីថៅកែផលិតកម្មភាពយន្ត បានគេចខ្លួនពីក្រុមអ្នកសារព័ត៌មាន ពុំបានផ្ដល់បទសម្ភាសន៍ នោះទេ ។
ជាមួយគ្នានេះ មន្ត្រីតុលាការ បានឲ្យដឹងថា បច្ចុប្បន្នបណ្តឹងសុំលែងលះនេះ គឺ ស្ថិតក្រោមចំណាត់ការរបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ៕