ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាលឲ្យចូលបំភ្លឺនៅព្រឹក ថ្ងៃទី១៦ ខែឧសភា រីឯ លោក ពិន រតនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង ឲ្យចូលបំភ្លឺនៅរសៀលថ្ងៃទី១៦ ខែឧសភា ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធករណីអំពើពេស្យាចារ ដែលមាន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ។
ប៉ុន្តែដល់ថ្ងៃកំណត់ តំណាងរាស្ត្រទាំង២រូប ពុំបានចូលបំភ្លឺនោះទេ ដោយចាត់ទុកថា តុលាការកោះហៅនេះមិនត្រឹមត្រូវ ព្រោះពួកគេមានអភ័យឯកសិទ្ធិ។មន្ត្រីតុលាការថ្លែងថា ទោះបីតំណាងរាស្ត្រទាំង២រូបមិនចូលខ្លួនតាមដីកាកោះរបស់តុលាការ ក៏តុលាការបន្តនីតិវិធីទៅមុខដែរ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់បាននិយាយថា ដីកាកោះរបស់អយ្យការ ជាដំណាក់កាលស៊ើបអង្កេតបឋមរបស់អយ្យការ មុននឹងដល់ដំណាក់កាលចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (មាត្រា៤០ ក្រមនីតិវិធីព្រហ្មទណ្ឌ)។
រដ្ឋធម្មនុញ្ញមាត្រា៨០ ចែងថា អភ័យឯកសិទ្ធិសភា គឺគិតពីដំណាក់កាលចោទប្រកាន់ ចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួន (បទល្មើសមិនជាក់ស្តែង)។
ការកោះហៅរបស់ស្ថាប័នអយ្យការលើបុគ្គលណាម្នាក់ គឺពុំមែនជាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួននោះទេ!។
ការចេញដីកាកោះហៅតំណាងរាស្ត្រទាំង២នេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយសារភាពជូនព្រះរាជអាជ្ញា សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយ លោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយ លោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុវ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់ លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយ លោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយ ឈ្មោះ ពិន រតនា ដោយមានការប្រាប់ពី លោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេល ទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់ លោក កឹម សុខា ដោយ លោក កឹម សុខា បានរង់ចាំនាងនៅក្នុងបន្ទប់មុន៕