ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលាដំបូងរាជធានីភ្នំពេញមាន បុរស នារី ចំនួន ៥-៦នាក់ បានមកជេរដាក់ទំនាយចៅក្រមតុលាការសាលាដំបូង ដែលបានកាត់ក្ដីឲ្យពួកគេចាញ់ក្ដីអស់ដីអស់ធ្លីនៅអន្លង់ក្ងាន តាមរយៈសាលក្រមតុលាការដែលប្រកាសនាព្រឹកថ្ងៃទី១៧ ខែឧសភានេះ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៦ លោកចៅក្រម កោ វណ្ណឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរឿងទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រវាងឈ្មោះ ផន សុភក្រ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥Beo ផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ជាមួយនឹងឈ្មោះឃួន ម៉េង ភេទ ប្រុស អាយុ ៥៧ឆ្នាំនិងប្រពន្ធឈ្មោះ ហែម អ៊ុច អាយុ ៥០ឆ្នាំ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ។
ក្នុងការកាត់ក្ដីនេះលោកចៅក្រម កោ វណ្ណឌី បានឲ្យលោកឃួន និងប្រពន្ធ ហែម អុច ចាញ់ក្ដី ឈ្មោះ ផន សុភ័ក្រ ដោយយោងលើលិខិតទិញលក់ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៤ ដែលឈ្មោះ ឃួន ម៉េនិង ហែម អ៊ុចជាឪពុកម្ដាយរបស់បុរស ស្ត្រីដែលមកជេរតុលាការ បានលក់ដីទំហំ៨៥៤៩ម៉ែត្រការ៉េ នៅភូមិអន្លង់ក្ងាន ឲ្យមកឈ្មោះ ផន សុភ័ក្រ ដោយមានលិខិតផ្ទេរសិទ្ធិកាន់កាប់។ ក្រោយមកឈ្មោះ ឃួន ម៉េង និង ហែម អ៊ុច បានស្លាប់អស់ ហើយពួកកូនៗបានចូលមកកាន់កាប់ និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ដោយប្រើប្រាស់ឯកសារពីមូលដ្ឋានជាក់ស្ដែងដែលបញ្ជាក់ថាកាលដែលឈ្មោះ ឃួន ម៉េនិង ហែម អ៊ុចលក់ដីឲ្យឈ្មោះ ផន សុភ័ក្រនោះគឺលក់តែពាក់កណ្ដាលទេ គឺលក់ក្បាលដីលេខ ៥៦ មិនមែនលក់ដីក្បាលលេខ៥៤ទេ ដូចមានក្នុងលិខិតមេភូមិអន្លង់ក្ងាន លោនិងចៅ សង្កាត់ឃ្មួញ លោក សួវ័ង ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៥ ប៉ុន្តែពេលសម្រេចសេចក្ដីចៅក្រមតុលាការបែរជាកាត់ក្ដីប្រគល់ដី ទាំងអស់របស់ក្រុមគ្រួសារលោកឃួន ម៉េង ទៅឲ្យលោក ផន សុភ័ក្រទៅវិញ ទើបកូនប្រុសស្រីលោកឃួន ម៉េងមកស្រែកឡាំប៉ាជេរដាក់ទំនាយចៅក្រមតុលាការទាំងព្រឹកបែបនេះ៕