ដីកា​កោះហៅ​លោក កឹម សុខា លើក​ទី​២ ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ​ដល់​មុខផ្ទះ នៅ​ខណ្ឌទួលគោក

18-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ដីកា​កោះហៅ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ (​កោះហៅ​លើក​ទី​២) ដែល​ចេញ​ដោយ​ព្រះរាជអាជ្ញារង លោក សៀង សុខ ត្រូវបាន​សមត្ថកិច្ច យកទៅ​បិទ​ដល់​មុខផ្ទះ​របស់លោក​តែម្តង នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​ផ្ទះ​លោក កឹម សុខា ដែល​សមត្ថកិច្ច​យកទៅ​បិទ​ដល់​នោះ គឺ​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដែល​លោក កឹម សុខា ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទចោទប្រកាន់​ពីបទ សញ្ចារកម្ម ។​
​សូម​ជំរាប​ថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានចេញ​កោះហៅ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​លើក​ទី​២ ឲ្យ​ចូលទៅ​បំភ្លឺ​លើ​ដំណើររឿង​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩៖០០​នាទី​ព្រឹក​។ យោងតាម​ដីការ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ដែល​ទទួលបាន​បាន​ឲ្យ​ដឹងថា «​លោក សៀង សុខ បាន​រំលឹក​ឲ្យ​លោក កឹម សុខា ត្រូវ​ចូល​តាម​ដីកាកោះ​ឲ្យ​បាន​ទាន់ពេលវេលា​»​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្លាប់​បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​០៦ ខែឧសភា ឲ្យ​ចូលទៅ​បំភ្លឺ​លើ​សំណុំរឿង​សញ្ចារកម្ម​នៅ​ថ្ងៃទី​១៧ ខែឧសភា ម្សិលមិញ​នេះ តែ​លោក កឹម សុខា មិនបាន​ចូលខ្លួន​តាម​ដីកាកោះ​នេះឡើយ​។​
​សូមបញ្ជាក់ថា ការកោះហៅ​លោក កឹម សុខា ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​អះអាងថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា​។ ស្រីមុំ បានលើកឡើង​ក្នុង​លិខិត​ចំហ​រថា លោក កឹម សុខា បានធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ កិត្តិយស​ផងដែរ​។ ស្រីមុំ បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ពី​លោក កឹម សុខា និង​អ្នកពាក់ព័ន្ធ​មួយចំនួន​៕

ចំនួនអ្នកទស្សនា

    20499857

  • ថ្ងៃនេះ7571
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35521
  • ខែនេះ57401
  • ឆ្នាំនេះ57401
  • សរុប20499857