ខេត្តកំពង់ឆ្នាំង ៖ ព្រៃឈើលិចទឹកមានដើមឈើធំៗ ជិតមួយហិកតា នៅក្នុងតំបន់អភិរក្ស ព្រែកក្តីពាក់ កន្ទេល ចំណុចកោះរ៉ង ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ត្រូវបានជនសង្ស័យ ដែល គេស្គាល់ជាប្អូនបង្កើត លោកមេឃុំកំពង់ព្រះគគីរ លួចកាប់បំផ្លាញ ដើម្បីយកដីធ្វើកម្មសិទ្ធ ហើយ ថ្មីៗនេះ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់។តាម សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី បាននិយាយឲ្យដឹងថា ជនសង្ស័យនៅក្នុងបទល្មើសខាងលើនេះគឺមានឈ្មោះ គង់ ផល្លី រស់នៅក្នុងភូមិកោះតាម៉ូវ ត្រូវជាប្អូនបង្កើតលោក គង់ គឹមហាក់ មេឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ បាននិយាយថា ឈ្មោះ គង់ ផល្លី ពិតជាកាប់ពិតប្រាកដមែន ។ កាលពីប៉ុន្មានថ្ងៃមុននោះ ខាងមន្ត្រីជលផលបានទៅធ្វើការលើបញ្ហាហ្នឹង តែលោកមិនបានទៅ ផ្ទាល់ទេ លោកបានឲ្យមន្ត្រីបរិស្ថានទៅជាមួយ តែលោកមិនបានដឹងច្បាស់ថា ការដោះស្រាយបានកម្រិតណានោះទេ សូមសួរទៅមន្ត្រីជលផល ។ ចំណែកលោក សោម ភិរុណ នាយខណ្ឌរដ្ឋបានជលផល កំពង់ឆ្នាំងវិញបានឲ្យដឹងថា ពេលនេះ ឯកសារ កសាងសំណុំរឿង កំពុងនៅលើតុ របស់លោក គឺធ្វើការចោទប្រកាន់ទៅតុលាការ មានទាំងសាក្សី ចង្អុលបង្ហាញ សម្រាប់ដាក់បន្ទុក និងលោកមេឃុំដឹងឮអស់ហើយ នៅថ្ងៃស្អែកទី១៩ ខែឧសភានេះខ្ញុំនឹងបញ្ជូនទៅតុលាការ ដើម្បីប្តឹងដាក់បន្ទុក ព្រោះវាមិនមែនទាន់ក្នុងហេតុការណ៍ វាមិនមែនជាបទល្មើសជាក់ស្តែង ហេតុនេះលោកមានភារកិច្ចប្តឹងទៅតុលាការទេ ។ជនសង្ស័យរូបនោះឈ្មោះ គង់ ផល្លី គាត់កាប់ព្រៃលិចទឹកអស់ ៣៥០០ម៉ែត្រការ៉េ ក្នុងឯកសារដែលមន្ត្រីរបស់លោក បានកសាងសំណុំរឿងបញ្ជូនមក ។
សូមរំលឹកថា នៅចំណុចកោះរ៉ង ដែលជាព្រៃលិចទឹក ក្នុងតំបន់អភិរក្សព្រែកស្តីពាក់កន្ទេល គេពិនិត្យឃើញដើមឈើធំៗ ប្រមាណជិតមួយហិកតា ត្រូវបានលោក គង់ ផល្លី កាប់បំផ្លាញដោយរណាយន្ត នៅក្នុងអំឡុងខែមេសា ដើម្បីយកដីធ្វើជាកម្មសិទ្ធ ហើយនៅជាប់នឹងចំណុចដែលកាប់បំផ្លាញនេះដែរ ក៏មានដីចំការពោតប្រមាណជិតមួយហិកតា ដែលពីមុនមកជាព្រៃឈើលិចទឹកដូចគ្នា ត្រូវបានគេកាប់បំផ្លាញកាលពីឆ្នាំមុន យកធ្វើជាកម្មសិទ្ធផងដែរ ប៉ុន្តែសមត្ថកិច្ចរដ្ឋបាលជលផលមិនបានរាប់បញ្ចូល ក្នុងកំណត់ហេតុថ្មីនេះឡើយ។ ដោយឡែកករណីជនសង្ស័យ៤នាក់ផ្សេងទៀតដែលបានកាប់បំផ្លាញព្រៃលិចទឹក នៅចំណុចកោះស្មៅជិត៤ហិកតា នៅក្នុងភូមិកោះតាម៉ូវ និងភូមិព្រែកស្ពានក៏សមត្ថកិច្ចជំនាញ បានស្គាល់អត្តសញ្ញាណច្បាស់លាស់ និងក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយដែរ៕