ខេ​ម និង​គ្រួសារ​ជនរងគ្រោះ តទល់​គ្នា​នៅ​តុលាការ​

24-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ទីបំផុត​ការសម្រុះសម្រួល​ក្រៅ​ឆាក នៅតែ​មិនអាច​បិទបាំង​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ទាំងស្រុង​ពី​សំណាញ់​ច្បាប់​ឡើយ បន្ទាប់ពី​រង​ការរិះគន់​ពី​សំណាក់​មហាជន និង​ក្រុមអ្នកច្បាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​មាន​ឲ្យ​មនុស្ស​ស្លាប់ ដាច់ខាត​មិនអាច​បង់​សំណង​ហើយ​រួចខ្លួន​នោះទេ​។ នៅក្នុង​ពេលនេះ សំណុំរឿង​ទាំងមូល​បាន​ធ្លាក់​ដល់ដៃ​តុលាការ​ហើយ ហើយ​តុលាការ​អាច​នឹង​កោះហៅ​តារាចម្រៀង ខេ​ម និង​ភាគី​អ្នក​ស្លាប់ទៅ​សួរនាំ​ក្នុងពេល​ខាងមុខ​។​

​លោក សឿន សារឿន នាយរង​ផ្នែក​វាស់វែង​វិវាទ​ចរាចរណ៍ នៃ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ បាន​អះអាងថា លោក​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ តាម​បញ្ជា​របស់​ថ្នាក់លើ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ព្រោះតែ​បញ្ហា​នេះ​មិនអាច​បញ្ចប់​ត្រឹម​ការសម្រុះសម្រួល​។ លោក​និយាយថា លោក​សម្រេច​បញ្ជូន​សំណុំរឿង​ទាំងស្រុង​ទៅកាន់​តុលាការ ដើម្បី​បញ្ចប់រឿង បន្ទាប់ពី​លោក ខេ​ម បដិសេធ​មិន​ព្រម​ផ្ដល់​សំណង​ចំនួន ២៥០០០​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ភាគី​ជនរងគ្រោះ​។ យ៉ាងណាមិញ​លោក​ថា ការសម្រុះសម្រួល​បង់ប្រាក់​នោះ គឺ​គ្រាន់តែ​ដើម្បី​បញ្ចប់​លើ​បណ្ដឹងរដ្ឋប្បវេណី​ប៉ុណ្ណោះ ប៉ុន្តែ​មិនអាច​បញ្ចប់​រឿងរ៉ាវ​ទាំងស្រុង​នៅក្រៅ​ប្រព័ន្ធតុលាការ​បានទេ​។ លោក​មិនទាន់​ដឹងថា​តារាចម្រៀង ខេ​ម នឹងត្រូវ​ជាប់គុក ឬ​ពិន័យ​បែបណា​នោះទេ ដរាបណា​ភាគី​ទាំងពីរ មិនទាន់​ចូលដល់​សង្វៀន​ក្រចកសេះ​របស់​តុលាការ និង​មិនទាន់​ត្រូវបាន​តុលាការ​កាត់សេចក្ដី​នូវ​លទ្ធផល​ចុងក្រោយ​។​

​ស្រប​ពេលនេះ លោក​ក៏​បដិសេធ​មិន​ទម្លាយ​ឲ្យ​ដឹង​ទេ ថា​តើ​ភាគី​អ្នកស្លាប់ ឬ​តារាចម្រៀង ខេ​ម ជា​អ្នក​ខុស​ច្រើន​? ដោយ​អះអាងថា រង់ចាំ​ឲ្យ​តុលាការ​ធ្វើការ​កាត់ក្ដី​វិញ​។​​លោក​សឿន សារឿន ឲ្យ​ដឹង​ទៀតថា ចំពោះ​បញ្ហា​ផ្លូវច្បាប់ ឲ្យ​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​របួសស្នាម និង​សម្រាក​ក្នុង​មន្ទីរពេទ្យ​លើសពី​១​អាទិត្យ គឺ​ត្រូវតែ​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ ទើប​លោក​បញ្ជូន​រឿង​ហ្នឹង​ទៅ​តុលាការ​កាលពី​ល្ងាច​ថ្ងៃទី​២៣ ឧសភា តាម​បញ្ជា​របស់​ថ្នាក់លើ​។​

​យ៉ាងណាមិញ មុននេះ​បន្តិច​គេ​កត់សម្គាល់​ឃើញថា​សំណុំ​រឿងនេះ គ្រោង​បញ្ចប់​ត្រឹម​ការសម្រុះសម្រួល​នៅក្រៅ​ប្រព័ន្ធតុលាការ ទើប​គេ​ឃើញ​មន្ត្រីប៉ូលិស និង​គ្រួសារ​របស់​ជនរងគ្រោះ​ផ្ទាល់ មិន​ព្រម​បញ្ចេញ​ថា តារាចម្រៀង ខេ​ម ពិតជា​អ្នកបើករថយន្ត​ក្នុង​ហេតុការណ៍​បណ្ដាល​ឲ្យ​លោក លី កា​រិ​ន ត្រូវស្លាប់​កាលពី​យប់​ថ្ងៃទី​១៨ ឧសភា​នោះ​។ ក្នុងនោះ សូម្បីតែ​ប្រាក់​សំណង​ចំនួន​២៥០០០​ដុល្លារ ក៏ត្រូវ​លាក់​យ៉ាង​ជិត ដើម្បី​កុំ​ឲ្យ​រឿង​បែកខ្ចាយ​មក​ក្រៅ ងាយស្រួល​បញ្ចប់រឿង​នៅក្រៅ​ប្រព័ន្ធតុលាការ​។ តែ​ទំនងជា​រឿង​លាក់​មិន​ជិត ហើយ​មានការ​រិះគន់​ពី​ក្រុមអ្នកច្បាប់ ស្របគ្នា​ដែល​តារាចម្រៀង ខេ​ម ក៏​មិន​ព្រម​ផ្ដល់​សំណង​២៥០០០​ដុល្លារ តាម​ការទាមទារ​រប​ស់​គ្រួសារ​ជនរងគ្រោះ ទើប​គ្រួសារ​នេះ​មិន​ព្រម​បន្ត​សម្រុះសម្រួល​បន្តទៀត បណ្ដោយ​ឲ្យ​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​ធ្វើឡើង​វិញ​។​

​មហាជន​ភាគច្រើន​កំពុង​រង់ចាំ​មើល ថា​តើ​ចំណាត់ការ​របស់​តុលាការ នឹងមាន​លទ្ធផល​បែបណា ជាពិសេស​ក្នុងពេលដែល​លេច​ឮថា តារាចម្រៀង ខេ​ម មាន​មន្ត្រី​ធំ​ម្នាក់ ជា​បងធម៌ ធ្វើ​អង្គរក្ស​ជួយ​អន្តរាគមន៍​៕

ចំនួនអ្នកទស្សនា

    20211627

  • ថ្ងៃនេះ961
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13151
  • ខែនេះ961
  • ឆ្នាំនេះ984181
  • សរុប20211627