រាជធានីភ្នំពេញ ៖ ការប្រទាំងប្រទើសជុំវិញការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបង្កឱ្យរលកកម្តៅផ្នែកនយោបាយពុះកញ្ជ្រោលគួរឱ្យកត់សម្គាល់ ហើយស្ថានទូតមួយចំនួនបានអំពាវនាវឱ្យគណបក្សនយោបាយក្នុងសភាងាកទៅ រកការចរចាគ្នា និងបានហាមពលរដ្ឋរបស់ខ្លួនដែលស្ថិតនៅកម្ពុជាត្រូវចៀសឱ្យឆ្ងាយ ពីកន្លែងដែលមានមនុស្សប្រមូលផ្តុំ ។
ចាប់តាំងពីរសៀលថ្ងៃទី២៦ ខែឧសភា រហូតមកទល់វេលាល្ងាចថ្ងៃទី២៧ ខែឧសភា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ តាមផ្លូវជាតិលេខ២ មានការប្រមូលផ្តុំគ្នារបស់សកម្មជនគណបក្សនេះរាប់រយនាក់ ក្នុងបំណងរារាំងមិនឱ្យមានការចាប់ខ្លួនលោក កឹម សុខា ដែលពេលនេះត្រូវបានគេដឹងថា លោកកំពុងស្ថិតនៅក្នុងស្នាក់ការគណបក្សនិងមិនបានគេចទៅណានោះទេ ។ នៅខាងមុខទីស្នាក់ការក៏មានការព្យូរផ្ទាំងរូបដែលត្រូវបាន ចាប់ខ្លួនជាច្រើននាក់ដែលបានចរិកជាអក្សរថា អ្នកទោសមនសិកា ។
កាលពីរសៀលថ្ងៃ២៦ ខែឧសភា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវឱ្យលោក កឹម សុខា បង្ហាញខ្លួនដល់សមត្ថកិច្ចចាប់ខ្លួនល្អប្រសើរជាង ព្រោះលោកមិនអាចគេចផុតពីការចាប់ខ្លួននោះទេ ។
• គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មអហិង្សាបើមានការចាប់ខ្លួនលោក កឹម សុខា
គណបក្សសង្គ្រោះជាតិបានប្រកាសជំហរថា នឹងធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពិតមែននោះ ។
ការលើកឡើងរបស់បក្ស ជំទាស់នេះបន្ទាប់ពីការបើកកិច្ចប្រជុំបន្ទាន់មួយរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍នាព្រឹកថ្ងៃទី២៧ ឧសភា នៅស្នាក់ការគណបក្សក្រោមអធិបតីភាពលោក សម រង្ស៊ី តាមរយៈវីដេអូខនហ្វេរិន និងលោក កឹម សុខា ផ្តោតលើស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅដោយគណបក្សបានសម្រេចថា នឹងប្រើប្រាស់សិទ្ធិមហាបាតុកម្មអហិង្សាក្នុងករណីដែលមានការ ចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៧ ឧសភា បាន ប្រកាសចំនួន៤ចំណុច គឺ៖
១-ឲ្យថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់រាជធានី-ខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បី ថ្វាយព្រះមហាក្សត្រ ។
២- គាំទ្រឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាមរយៈក្រុមសមាជិកសភា ធ្វើញត្តិផ្ញើជូនប្រធានរដ្ឋសភា ដើម្បីបញ្ជាក់ប្រាប់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់មិនអាចទៅបំពេញការងារនៅ មន្ទីរដ្ឋសភា បាន ក្នុងកាលៈទេសៈ ដែលមានការរំលោភបំពានអភ័យឯកសិទ្ធិសភា របស់តំណាងរាស្ត្រជាបន្តបន្ទាប់ ។
៣-គណបក្សនឹងប្រើប្រាស់សិទ្ធិ ធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីដែលមានការចាប់ខ្លួនលោក កឹម សុខា និងទី៤-បន្តយន្តការវប្បធម៌សន្ទនាធ្វើជាមូលដ្ឋាន ក្នុងការស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បីធានាឲ្យមានការបោះឆ្នោតនាឆ្នាំ២០១៧-២០១៨ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
• ការបន្តវប្បធម៌សន្ទនាក្នុងជំហរលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា
ទាក់ទិននឹងការបន្តវប្បធម៌សន្ទនានេះ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាសំឡេងភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាមាន ប្រសាសន៍ថា ទោះបីជាលោក សម រង្ស៊ី កំពុងតែនិរទេសខ្លួននៅក្រៅប្រទេស ហើយលោក កឹម សុខា កំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការក្តី ក៏វប្បធម៌សន្ទនាដែលមានកើតឡើងពីគណបក្សដែលមានអាសនៈក្នុងសភា មិនស្លាប់នោះទេ ។ លោក បញ្ជាក់ថា «វាងាប់(វប្បធម៌សន្ទនា) សោះតែម្តង យើងចូលចិត្តតែយកដំណើរការនយោបាយរបស់គណបក្សមួយ ពឹងផ្អែកទាំងស្រុងលើបុគ្គលម្នាក់ឬពីរនាក់ វាខុសទាំងស្រុងតែម្តង ! អត់ សម រង្ស៊ី គ្មានលោក កឹម សុខា ខ្ញុំជឿថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅមានអ្នកចេះដឹងច្រើនទៀត ដែលអាចផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋឲ្យមានកាជ្រើសរើស» ។
លោកបន្តថា ដើម្បីដំណើរការវប្បធម៌សន្ទនា នោះថ្នាក់ដឹកនាំតំណាងរាស្ត្រសំឡេងភាគច្រើន និងក្រុមសំឡេងភាគតិច ត្រូវតែមានសមាសភាពដូចគ្នា គឺខាងតំណាងរាស្ត្រភាគច្រើនមានហើយ គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ។ ចំណែក តំណាងភាគតិចមានលោក សម រង្ស៊ីលោក កឹម សុខា និងលោក ប៉ុល ហំម ។ ប៉ុន្តែពេលនេះ អត់មានវត្តមានលោក សម រង្ស៊ី និងលោក កឹម សុខា គឺសល់តែលោក ប៉ុល ហំម គួរតែមានបេក្ខភាពពីររូបទៀតមកជំនួស ។
ទោះបីជាមិនបានលើកឡើងឱ្យចំក្តី លោក ឈាង វុន ទំនងចង់មានបេក្ខភាពថ្មីជំនួសតំណែងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនិងលោក កឹម សុខា ដែលកំពុងប្រឈមការចាប់ខ្លួននោះមានអ្នកជំនួស ដើម្បីបន្តវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា ។
លោកបានប្រៀបធៀប ថ្នាក់ដឹកនាំតំណាងរាស្ត្រភាគតិច ទៅនឹងទូកមួយថា ទូកមួយអាចទៅមុខបានលុះត្រាតែមានការរៀបចំអ្នកចែវ អ្នកអុំ អ្នកកាន់ចង្កូតឲ្យច្បាស់លាស់ ដែលសំដៅចង់ឲ្យគណបក្សសង្គ្រោះជាតិរៀបចំថ្នាក់ដឹកនាំតំណាងរាស្ត្រ ភាគតិចជំនួសបេក្ខភាព លោក សម រង្ស៊ី និងលោក កឹម សុខា ។
លោកបញ្ជាក់ថា «កាណូតមួយចង់ទៅមុខកើតទាល់តែមានម៉ាស៊ីនច្បាស់លាស់ ។ ទម្រាំយើងមិនទាន់ដឹងម៉ាស៊ីន អ្នកកាន់ចង្កូតនៅឯណាច្បាស់លាស់ផង នោះវាអាចទៅមុខម្តេចកើត ។
ក្នុងន័យនេះខ្ញុំចង់ឲ្យមានអ្នកកាន់ចង្កូច អ្នកចែវ អ្នកអុំឲ្យច្បាស់លាស់ ។ កូរ៉ុមដឹកនាំអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាមានបីនាក់ រួចហើយ ចំណែកគណបក្សសង្គ្រោះជាតិពីមុនមកក៏មានបីនាក់ ឥឡូវសល់តែពីរនាក់ បន្តិចទៀតបាត់មួយទៀតនៅសល់តែមួយ» ។
លោកលើកទៀតថា ប្រសិនបើគណបក្សសង្គ្រោះជាតិរៀបចំក្បាលម៉ាស៊ីនសម្រាប់ដឹកនាំចរចាឲ្យ បានត្រឹមត្រូវនោះនឹងមានការចរចា ។ លោកថា យើងមិនមានសត្រូវជាមួយគ្នានោះទេ ហើយយើងមិនបានជួបគ្នាអស់មួយពេលកន្លងមកព្រោះគេមិនចង់ជួប កាលណាគេចង់ជួបនោះគេនឹងរៀបចំឲ្យមានការជួបគ្នាហើយ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា គណបក្សនឹងព្យាយាមធ្វើការដោះស្រាយបញ្ហានយោបាយ ដែលកំពុងតែកើតមាននាពេលបច្ចុប្បន្ន ។ ឆ្លើយតបទៅលោក ឈាង វុន ចង់ឲ្យគណបក្សសង្គ្រោះជាតិរៀបចំក្បាលម៉ាស៊ីនសម្រាប់បន្ត វប្បធម៌សន្ទនានោះ ត្រូវបាន លោក ប៉ុល ហំម មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងថា គណបក្សសង្គ្រោះជាតិមានក្បាល់ម៉ាស៊ីនរួចហើយ ។
• រដ្ឋសភាប្រកាសមិនលូកដៃចូលកិច្ចការរបស់តុលាការ ពាក់ព័ន្ធនឹងរឿងលោក កឹម សុខា
ខណៈដែលសំណុំរឿងលោក កឹម សុខាសមាជិកសភា និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែស្ថិតនៅក្នុងដៃតុលាការ ទាំងមានអភ័យឯកសិទ្ធិសភា រដ្ឋសភាបានប្រកាសថា មិនលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការនោះទេ ។
លោក ឈាង វុន អ្នកនាំពាក្យសភាសំឡេងភាគច្រើនក្នុងរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ឧសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ តែប៉ុន្មាននាទីបញ្ជាក់ថា «ការងាររបស់តុលាការ គឺជាកាងារមួយក្នុងចំណោមអំណាចបី នៃប្រទេសជាតិយើង ។ ក្នុងរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ។ អីុចឹងហើយសភាគ្មានសិទ្ធិ ទៅលូកដៃក្នុងរឿងទាំងអស់នឹងទេ ប៉ុន្តែយើងក៏តាមឃ្លាំមើលដែរ ព្រោះ លោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដូច្នេះការអនុវត្តរបស់តុលាការ ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ឲ្យត្រឹមត្រូវ » ។
លោក ឈាង វុន បានលើកឡើងថា ករណីលោក កឹម សុខា កំពុងស្ថិតនៅក្នុងគន្លង ដូចករណីលោក ហុង សុខហួរ លោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារព្រៃស ។ លោកគូសបញ្ជាក់ថា «បើយើងមើលទៅ ពិសេសនោះ សេចក្តីថ្លែងការណ៍របស់តុលាការពីយប់មិញ ។ យើងមានការសោកស្តាយណាស់ ក្នុងនាមជាអ្នកតំណាងរាស្ត្រដូចគ្នា គួរតែលោក កឹម សុខា ចូលឆ្លើយជាសាក្សី តាមការអញ្ជើញរបស់តុលាការ នោះនឹងគ្មានបញ្ហាទាំងអស់នឹងកើតឡើងនោះទេ ។
តាមការវិនិច្ឆ័យរបស់ខ្ញុំ ប្រសិនបើគាត់ចូលតុលាការនោះ នឹងគ្មានការចាប់ចងនោះទេ អត់មានសោះតែម្តង គឺគ្មានទឡ្លីករណាមួយចាប់គាត់នោះទេ ក្នុងនាមគាត់ជាអ្នកតំណាងរាស្ត្រ ។ ប៉ុន្តែការដែលគាត់មិនចូល តាមការកោះហៅរបស់សាលាដំបូង ហើយរបាយការណ៍ដែលតុលាការចេញផ្សាយនោះ ខ្ញុំយល់ថារតុលាការធ្វើការច្បាស់លាស់ ។ មាត្រា៥៣៨ នៃនីតិវិធីក្រមព្រហ្មទណ្ឌ និយាយច្បាស់តែម្តង និយាយពីការមិនព្រមចូល មានទោសយ៉ាងម៉េចនោះ នៅក្នុងនឹង ។ តុលាការក៏បានចោទលើករណីជាក់ស្តែងក្នុងក្រមព្រហ្មទណ្ឌ» ។
យ៉ាងណាក្តីលោក ឈាង វុន អះអាងការចាប់ខ្លួន លោក កឹម សុខា មិនចាំបាច់ឯកសារអ្វីក៏បាន ព្រោះជាបទល្មើសជាក់ស្តែង ។ លោកកឹម សុខា រដ្ឋសភាមិនចាំបាច់ដកអភ័យឯកសិទ្ធិក៏បាន គឺដូចលោក អ៊ុំ សំអាន ដែលមានចែងក្នុងមាត្រា១២ នៃលក្ខន្តិកៈ អ្នកតំណាងរាស្ត្រ ត្រង់ជំពូកទី៤ និយាយពីអភ័យឯកសិទ្ធិ បទបញ្ហាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ពាក់ព័ន្ធមួយចំនួនទៀត ។
លោក ឈាង វុន បានលើកឡើងទៀតថា រដ្ឋសភាកំពុងតែរងសំពាធ ពីមតិសាធារណៈ ដែលគណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន និងសង្គមស៊ីវិល បានកំពុងតែធ្វើការមួលបង្កាច់ ដោយខុសពីច្បាប់ទាំងស្រុងតែម្តង ដូចជាការចាប់ខ្លួន លោក អ៊ុំ សំអាន លោក ហុង សុខហួរ និងករណីលោក កឹម សុខា ជាដើម ។
• អយ្យការអមសាលាដំបូងចេញសេចក្តីថ្លែងការណ៍បង្ហាញហេតុផលផ្លូវច្បាប់
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ឧសភា របស់អយ្យការអមសាលាដំបូង បានព្យាយាមពន្យល់ពីនីតិវិធីច្បាប់ថា នៅក្នុងដំណាក់កាលស៊ើបអង្គេតរបស់អយ្យការនេះ លោក កឹម សុខា ជាសាក្សីមួយរូបដែលតំណាងអយ្យការយល់ឃើញថា មានសារសំខាន់បំផុត សម្រាប់ឆ្លើយបំភ្លឺនូវរឿងរ៉ាវមួយចំនួនដែលបានកើតឡើង ដើម្បីជាមូលដ្ឋានចាំបាច់ សម្រាប់បន្តការស៊ើបអង្គេតតាមនីតិវិធីជាធរមាន ។ តំណាងអយ្យការបានធ្វើការកោះហៅលោក កឹម សុខា ចំនួនពីរលើក ដោយលើកទី១ តាមរយៈដីកាកោះ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដើម្បីឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ។ ប៉ុន្តែលោក កឹម សុខា មិនបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការឡើយ ។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ តំណាងអយ្យការបានចេញដីកាកោះជាលើកទី២ ម្តងទៀត ដើម្បីអញ្ជើញលោក កឹម សុខា មកឆ្លើយបំភ្លឺនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹក ។
ប៉ុន្តែលោក កឹម សុខា នៅតែមិនចូលខ្លួនមកបំភ្លឺនៅចំពោះមុខតំណាងអយ្យការដដែល ដោយគ្រាន់តែឲ្យមេធាវីរបស់ខ្លួនចំនួន៥រូប បញ្ជូនលិខិតមួយច្បាប់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមិនមានមូលហេតុសមស្រប ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនបានចូលខ្លួនមកឆ្លើយបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា ៥៣៨នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «រាល់បុគ្គលណា ដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនេះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ទៅ៦(ប្រាំមួយ)ខែ និងពិន័យជាប្រាក់ពី១០០.០០០ (មួយសែន) រៀល ទៅ១.០០០.០០០(មួយលាន)រៀល» ។ សកម្មភាពមិនព្រមចូលខ្លួននាព្រឹកថ្ងៃទី២៦ ឧសភា គឺជាបទល្មើសជាក់ស្តែង ស្របតាមខ្លឹមសារ មាត្រា ៨៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីនិយមន័យ បទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្តែង ។ ផ្អែកលើមូលដ្ឋាននៃអំពើល្មើសខាងលើ និងការអនុវត្តយា៉ងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់នីតិវិធីបន្តក្នុងក្របខណ្ឌនៃបទល្មើសជាក់ស្តែងភ្លាម បន្ទាប់ពីលោក កឹម សុខា ខកខានមិនបានចូលខ្លួនជាលើកទីពីរ តាមដីកាកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍នេះបានកំណត់ថា ផ្អែកលើនីតិវិធីនៃបទល្មើសជាក់ស្តែងខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក កឹម សុខា ពីបទបដិសេធក្នុងការចូលខ្លួន តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំរឿងទៅចៅក្រមសើុបសួរដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ។
• សហជីពសេរីកម្មករប្រកាសពីការធ្វើកូដកម្ម មិនចូលធ្វើការតាមរោងចក្របើចាប់ខ្លួន កឹម សុខា
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ជា មុនី ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហជីពនៅតាមណ្ដារោងចក្រ សហគ្រាសទូទាំងរាជធានី-ខេត្ដ ថា សហជីពសេរីកម្មករអាចនឹងអំពាវនាវដល់បងប្អូនជាកម្មករ កម្មការិនីទាំងអស់ប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនធ្វើកូដកម្ម មិនធ្វើការងារ ក្នុងករណីមានការចាប់ឃាត់ខ្លួនលោក កឹម សុខា អ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម ក៏ដូចជាតំណាងរាស្ដ្រទូទាំងប្រទេសកម្ពុជា ដែលកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ ។
សូមបងប្អូនកម្មករ-កម្មការិនី ត្រៀមខ្លួនប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនតាមការជូនដំណឹងនេះ ដើម្បីជំរុញឱ្យមានការអនុវត្ដច្បាប់នៅកម្ពុជាពាក់ព័ន្ធនឹង អភ័យឯកសិទ្ធិសភាតំណាងរាស្ដ្រ ។
• គណបក្សសង្គ្រោះជាតិចោទតុលាការ និងសមត្ថកិច្ចថារំលោភអភ័យឯកសិទ្ធិ
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៧ ឧសភា បានចោទតុលាការ និងសមត្ថកិច្ចរាជរដ្ឋាភិបាលថា នៅតែបន្តរំលោភលើអភ័យឯកសិទិ្ធសភារបស់អ្នកតំណាងរាស្ដ្រ ។ សេចក្ដីថ្លែងការណ៍បានសរសេរថា កាលពីថ្ងៃទី២៦ ឧសភា កងកម្លាំងប្រដាប់អាវុធរាជរដ្ឋាភិបាលរាប់សិបនាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃបានយកអាវុធមកភ្ជង់ស្ទាក់ឃាត់រថយន្ត លោក កឹម សុខា នៅតាមផ្លូវនិងបានមកហ៊ុមព័ទ្ធសម្រុកចូលទីស្នាក់ការកណ្ដាលគណបក្ស សង្គ្រោះជាតិនៅរាជធានីភ្នំពេញ ដើម្បីស្វែងរកចាប់ខ្លួនលោក កឹម សុខា ដែលជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្ដីទីមតិភាគតិចនៃរដ្ឋសភា ហើយនិងជាអ្នកតំណាងរាស្ដ្រដែលមានអភ័យឯកសិទ្ធិសភា ។
គណបក្សសង្គ្រោះជាតិបានថ្កោលទោសនូវអំពើតាមព្យាបាទ ធ្វើទុក្ខបុកម្នេញ មូលបង្កាច់ ចោទប្រកាន់ដើម្បីផលប្រយោជន៍នយោបាយរហូតដល់ឈានចាត់វិធានការតាម ចាប់ខ្លួនលោក កឹម សុខា ដោយប្រើប្រាស់ប្រព័ន្ធតុលាការដែលមតិជាតិ និងអន្តរជាតិដឹងច្បាស់ថា ជាតុលាការមិនឯករាជ្យស្ថិតនៅក្រោមអំណាចនីតិប្រតិបត្តិ
( រាជរដ្ឋាភិបាល) ដោយយកលេសការអនុវត្តច្បាប់ដែលពួកគេយកច្បាប់មកស្រាយទាញឱ្យយឺត ដូចកៅស៊ូដើម្បីតម្រូវចិត្តខ្លួនគេ ធ្វើយ៉ាង
ណាឱ្យតែអាចចោទប្រកាន់មកលើលោក
កឹម សុខា បាន ។
សេចក្តីថ្លែងការណ៍ ចែងទៀតថា ការពិតបទល្មើសជាក់ស្ដែងដែលមានចែងក្នុងមាត្រា៦៨នៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា លុះត្រាតែ៖
-បទល្មើសដែលកំពុងប្រព្រឹត្ត
-បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម
-ជនដែលគេសង្ស័យ ត្រូវបានសាធារណជនស្រែកដេញប៉ផាប់ចាប់ពភីង
- បុគ្គលដែលគេរកឃើញមានវត្ថុ ឬមានស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយស៊ីសង្វាក់ផ្សេងទៀត ដែលនាំឱ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចូលរួមប្រព្រឹត្តបទល្មើស ។
• បក្សសង្គ្រោះជាតិច្រានចោលសេចក្តីថ្លែងការណ៍ក្លែងបន្លំ
ពេលរសៀលថ្ងៃដដែលសេចក្តីថ្លែងការណ៍មួយដែលមានទម្រង់ដូច សេចក្តីថ្លែងការណ៍របស់បក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយ ប៉ុន្តែខ្លឹមសារនោះព្យាយាមបង្ហាញថា នេះគឺជារឿងបុគ្គលលោក កឹម សុខា មិនពាក់ព័ន្ធនឹងបក្សសង្គ្រោះជាតិទេ និងបានរារាំងការមកកាន់រាជធានីភ្នំពេញរបស់ក្រុមសកម្មជនរូបនេះ ផងដែរ ។ លោក ហូ វ៉ាន់ បានបដិសេធសេចក្តីប្រកាសព័ត៌មាននោះថា មិនមែនជាជំហរបស់បក្សសង្គ្រោះជាតិឡើយ គឺជាការក្លែងបន្តំ ។
• កញ្ញា ធី សុវណ្ណថា ប្រកាសប្រឆាំងមហាបាតុកម្មបើកើតមានមែន
ក្នុងហ្វេសប៊ុក ដែលមានរូបកញ្ញា ធី សុវណ្ណថា ដែលប្តូរពីរូបពាក់មកុដមានស្លៀកពាក់ធម្មតាបានសរសេរថា សូមលោក កឹម សុខា មានភាពក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ បើមានបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នាងខ្ញុំនឹងដឹកនាំបាតុកម្មគាំទ្រចំណាត់ការរបស់តុលាការ ។
• ព័ត៌មានចុងក្រោយ
លោកកឹម សុខា បន្តស្ថិតនៅក្នុងទីស្នាក់ការគណបក្ស រីឯអ្នកគាំទ្រក៏បន្តស្ថិតនៅមុខស្នាក់ការផងដែរ មិនទាន់មានអ្វីប្រែប្រួលនោះទេ គិតត្រឹមម៉ោង៧យប់ថ្ងៃ២៧ ឧសភា ៕