ភ្នំពេញ ៖ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គេចមិនផុតពីសំណាញ់ច្បាប់ និង កំពុងលាក់ខ្លួនពីការតាមចាប់ខ្លួនពីកម្លាំងមានសមត្ថកិច្ច គឺជារឿងរ៉ាវសំខាន់ក្នុងស្ថាប័នតុលាការប្រចាំសប្តាហ៍នេះ ។ ក្រៅពីនេះនៅមានរឿងរ៉ាវជាច្រើនទៀត ដូចជា តុលាការផ្តន្ទាទោសជនជាប់ចោទ៣នាក់ដែលវាយតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ជាដើម ។
ខាងក្រោមនេះគឺជារឿងរ៉ាវសំខាន់ប្រចាំសប្ដាហ៍ ៖
ទី១ ៖ នៅទីបំផុត លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់ និង កំពុងលាក់ខ្លួន គេចពីការតាមចាប់ខ្លួនពីកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធបទល្មើសបដិសេធក្នុងការចូលខ្លួន ។
លោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។ បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ចូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី តាមរូបភាពជនត្រូវចោទនៅក្រៅឃុំ ។
ជាមួយគ្នានេះ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី ភ្នំពេញ បាន ផ្ញើ របាយការណ៍ បី ទំព័រ ជូន ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទង នឹង ការចោទប្រកាន់ លើ លោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម ។
ព្រះរាជអាជ្ញា បាន អះអាងថា អនុប្រធាន គណបក្ស ស ង្គ្រោះ ជាតិ បាន ប្រព្រឹត្ត បទល្មើស ជាក់ស្តែង ពីបទ « បដិសេធ ក្នុងការ ចូលខ្លួន » ក្នុងនាម ជា សាក្សី ៕
ទី២៖ ជនជាប់ចោទ៣នាក់ដែលសារភាពថា បានប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប នៅមុខរដ្ឋសភាកាលពីចុងឆ្នាំ២០១៥ កន្លងទៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៤ឆ្នាំតែទោសនេះត្រូវអនុវត្ត មួយឆ្នាំ និង សងសំណងជំងឺចិត្តដល់ជនរងគ្រោះម្នាក់ៗ៤០លានរៀល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
លោកចៅក្រម ហេង សុខណា បាននិយាយថា បទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធការវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះ គឺ តុលាការរកពុំឃើញបទល្មើសដើម្បីផ្តន្ទាទោសលើក្រុមជនជាប់ចោទ ឡើយ ។
នាពេលសវនាការ កន្លងទៅ ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ចាយ សារិទ្ធ ឈ្មោះ ម៉ៅ ហឿន និង ឈ្មោះ សុត វណ្ណនី បានឆ្លើយសារភាពដូចៗគ្នា ថា ពិតជាបានប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបប្រាកដមែន ។ ការប្រើអំពើហិង្សានេះ ព្រោះតែពួកគេមិនដឹងថា ជនរងគ្រោះ គឺជាតំណាងរាស្ត្រ ។ ប៉ុន្តែ ជនជាប់ចោទបានបដិសេធថា ពុំបានវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះនោះទេ ។
ជនជាប់ចោទ បន្តថា មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើហិង្សានេះ កើតឡើងព្រោះតែតំណាងរាស្ត្រទាំងពីររូប បានប្រមាថលើពួកគាត់ ដោយប្រើពាក្យថាអាយ៉ងយួន ។ ប៉ុន្តែ កាលពីពេលកន្លងទៅ ជនរងគ្រោះទាំងពីរនាក់ បញ្ជាក់ថា ពុំបានប្រមាថ លើអ្នកណានោះទេ ។
ទី៣៖គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ សំណុំរឿងគ្រោះថ្នាក់ចរាចរន៍ របស់តារាចម្រៀង ខេម បើករថយន្តបុកបុរសជនជាតិ ខ្មែរអ៊ីស្លាមម្នាក់ស្លាប់ គឺមានរយៈពេល១០ថ្ងៃគត់ទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ដំណោះស្រាយសម្រាប់គ្រួសារជនរងគ្រោះ នៅតែមិនទាន់មានដដែល ខណៈដែលគ្រួសារ តារាចម្រៀង ខេម បានសន្យាថា នឹងចូលខ្លួនរកដំណោះស្រាយ ហើយផ្ដល់សំណង ប៉ុន្តែត្រូវបានពន្យាពេល ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ។ ប៉ុន្តែព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ឲ្យដឹងថា បងប្រុសជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ ពោលមិនរង់ចាំការចរចា ទៀតទេ ៕