ខេ​ម មាន​ចេតនា​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បងប្រុស​ជនរងគ្រោះ​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នេះ សំណុំរឿង​គ្រោះថ្នាក់​ចរាចរ របស់​តារាចម្រៀង ខេ​ម បើករថយន្ត​បុក​បុរស​ជនជាតិ ខ្មែរ​អ៉ី​ស្លាម​ម្នាក់​ស្លាប់ គឺមាន​រយៈពេល​១០​ថ្ងៃ​គត់​ទៅហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ដំណោះស្រាយ​សម្រាប់​គ្រួសារ​ជនរងគ្រោះ នៅតែ​មិនទាន់មាន​ដដែល ខណៈដែល​គ្រួសារ តារាចម្រៀង ខេ​ម បាន​សន្យាថា នឹង​ចូលខ្លួន​រក​ដំណោះស្រាយ ហើយ​ផ្ដល់​សំណង ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ ។ ប៉ុន្តែ​ព័ត៌មាន​ថ្មី​ចុង​ក្រោយនេះ បានបញ្ជាក់​ឲ្យ​ដឹងថា បងប្រុស​ជនរងគ្រោះ បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្ដឹង តាមផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ក្នុង​សំណុំ​រឿងនេះ ពោល​មិន​រង់ចាំ​ការចរចា ទៀត​ទេ ។​

​ជាការ​ពិត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ បុក​មនុស្ស​ស្លាប់​ម្នាក់ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ របស់​តារាចម្រៀង​ល្បីឈ្មោះ ក្នុង​ស្រទាប់​យុវវ័យ លោក ខេ​ម សង្ឃឹមថា នឹង​បាន​លេចចេញ​ជា​រូបរាង ខណៈដែល​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមគ្រួសារ​តារាចម្រៀង ខេ​ម ព្រម​ចូលខ្លួន​ដោះស្រាយ​បញ្ចប់រឿង ដោយបាន​ផ្ដល់​សំណង ចំនួន​៤​ពាន់​ដុល្លារ ខណៈដែល​គ្រួសារ​ជនរងគ្រោះ បាន​ទារ​សំណង​ជំងឺ​ចិត្ត រហូតដល់​ទៅ​២៥០០០​ដុល្លារ​។​

​ដោយសារ​ចំនួន​ទឹកប្រាក់​ដែល ខេ​ម ផ្ដល់ជូន និង​ចំនួន​ទឹកប្រាក់ ដែល​ក្រុម​គ្រសារ​ជនរងគ្រោះ​ទារ​ជា​សំណង នៃ​ការខូចខាត រហូតដល់​ថ្នាក់​បាត់បង់​ជីវិត​ទៀត​នោះ មាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ​ពេក ទើប​នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ ភាគី​ទាំងពីរ​អាច​នឹង​ជួបពិភាក្សា​គ្នា រក​ដំណោះស្រាយ​បន្ថែមទៀត ដើម្បី​ឈានទៅរក​ការព្រមព្រៀង ក្នុង​ទំហំ​ទឹកប្រាក់ ដ៏​សមរម្យ​ណាមួយ ដែល​អាច​ទទួលយកបាន ទាំងសងខាង ប៉ុន្តែ​ពុំមាន​ការជួបគ្នា ដូច​អ្វីដែល​បានគ្រោង​ទុក​ទេ​។​
​លោក លី ម៉ាត់​លី បងប្រុស​បង្កើត​របស់​ជនរងគ្រោះ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថ្លែងប្រាប់ Fresh News និង Khmertalking នៅមុននេះ​បន្តិច​ថា ជាការ​ពិត​ក្រុមគ្រួសា​របស់លោក បាន​ទារ​សំណង​ពី​ភាគី​តារាចម្រៀង ខេ​ម ចំនួន​២៥០០០​ដុល្លារ ពិតមែន ហើយ​សំណង​នេះ លោក​នឹង​យកមក​ចំណាយ​ទៅលើ ការ​រត់ការ​ឯកសារ​ច្បាប់ ការចំណាយ​ធ្វើ​បុណ្យសព សង​ការខូចខាត​ផ្សេងៗ និង​ការធ្វើ​និក្ខេប​ទ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍ ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង​ពី​ច្បាប់​ចរាចរណ៍ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា រហូតមកដល់​ពេលនេះ ការចរចា នៅតែ​ពុំមាន​លទ្ធផល​ដដែល ព្រោះ​ខាង​គ្រួសារ​តារា​ម្រៀ​ង ខេ​ម មិនបាន​ចូលខ្លួន​តាម​ការសន្យា នោះឡើយ​។​

​បងប្រុស​បង្កើត របស់​ជនរងគ្រោះ​ដដែល បាន​បន្តថា បន្ទាប់ពី​ការរង់ចាំ មិនឃើញ​មាន​ពន្លឺ និង​លទ្ធផល ហើយ​លោក​បាន​ទាក់ទង​ទៅខាង​បងស្រី​របស់ តារាចម្រៀង ខេ​ម នៅតែ​មិនបាន​ទទួល​ចម្លើយ​វិជ្ជមាន​ទៀត ទើប​លោក​បាន​បញ្ជាក់ថា រឿងនេះ​គឺ​លើសពី​ការអត់ធ្មត់ របស់​គ្រួសារ​លោក​ហើយ ។ ដូច្នេះ​ក្នុង​ថ្ងៃស្អែក ឬ​នៅ​ដើម​សប្ដាហ៍​នេះ លោក​នឹងដាក់​ពាក្យ​ប្ដឹង ទៅ​តុលាការ ដើម្បី​ឲ្យ​មេធាវី​របស់លោក​ធ្វើការ ហើយ​ពេលនោះ​សំណង​ដែល​ទាមទារ មិន​ត្រឹម ២៥០០០​ដុល្លារ នោះទេ ។​

​លោក លី ម៉ាត់​លី និយាយថា «​ខ្ញុំ​ទ្រាំលែងបាន​ហើយ​អូន​..! គាត់​(​បងស្រី​ខេ​ម​)​ថា មក​ថ្ងៃនេះ តែ​ពេល​មិនឃើញ​មក បង​ក៏​ខ​ល​ទៅ​គាត់ ប៉ុន្តែ​គាត់​ឆ្លើយថា រវល់​នៅ​ពេទ្យ​កំពុង​ព្យាបាល​ជំងឺ ។ គាត់​មិន​មកហើយ គាត់​មិន​ខ​ល​ប្រាប់​បង​ទៀត តើ​ចង់​មានន័យថា​យ៉ាងម៉េច​? ឲ្យ​បងខ​ល​ទៅរក​គាត់​ទៀត​..? ពេលនេះ​បង​ទ្រាំលែងបាន​ហើយ​..! អូន​ជួយ​គិត​មើល បុក​គេ​ស្លាប់ ហើយ​រត់គេចខ្លួន មិន​ព្រម​ចេញមុខ​សោះ ហើយ​ចោទថា ខាង​បងខុស​ទៀត តើន​រណា​ខុស​នរណា​ត្រូវ អ្នកចេញ​មុខ​ខុស ឬ​អ្នក​រត់គេច​ខុស​? »​។​
​អ្វីដែល​លោក​យោគយល់ និង​បន្ត​ពន្យា​ពេល​រហូតមកដល់​ថ្ងៃនេះ ព្រោះ​លោក​គិតថា លោក​ក៏​រវល់​នឹង​ការងារ​ច្រើន ចំណែក​ភាគី​គ្រួសារ ខេ​ម ក៏​រវល់​នឹង​ការងារ​ច្រើន​ដូចគ្នា ចង់​ឲ្យ​មានការ​ចរចា​ណាមួយ​សមរម្យ មិន​ចង់​វែងឆ្ងាយ​ទៀត នាំ​ឲ្យ​ខាង​បង់​ពេលវេលា ប៉ុន្តែ​ទីបំផុត​គ្រួសារ​តារាចម្រៀង ខេ​ម ហាក់​បង្ហាញ​ចេតនា ចង់​មើលងាយ​គ្រួសារ​លោក​ទៅវិញ​។​

​ដោយឡែក​ភាគី តារាចម្រៀង ខេ​ម នៅថ្ងៃនេះ Khmertalking នៅ​មិនអាច​ទំនាក់ទំនង ដើម្បី​សុំ​ការបកស្រាយ ឬ​បំភ្លឺ​ជុំវិញ​រឿងនេះ បានទេ ខណៈដែល​លេខ​ទូរស័ព្ទ ត្រូវបាន​បិទ តាំងពី​ថ្ងៃ​ជួប​គ្រោះថ្នាក់​មកម្ល៉េះ​។​
​ទោះបីជា​យ៉ាងណា ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​នៅ​ជុំវិញ តារាចម្រៀង ខេ​ម បាន​បង្ហើប​ថា ការផ្ដល់​សំណង​ចំនួន​៤​ពាន់​ដុល្លារ​នេះ គឺ​យល់ឃើញថា​រថយន្ត​ជនរងគ្រោះ ជិះ​ចូល​ផ្លូវ​អាទិភាព​របស់​រថយន្ត​តារាចម្រៀង ខេ​ម បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ចរាចរណ៍​នេះ​កើតឡើង ជាពិសេស​គឺ​យោងទៅលើ​របាយការណ៍ របស់​សមត្ថកិច្ច​ចរាចរណ៍ ហើយ ខេ​ម ក៏បាន​រងរបួស និង​ខាតបង់​ទ្រព្យសម្បត្តិ​ច្រើន​ដែរ ជាពិសេស​ការលុបចោល កម្មវិធី​ប្រគំ​តន្ត្រី​នានា ដែលជា​ប្រភព​ចំណូល ដ៏​សំខាន់​របស់ខ្លួន​។​

​ជុំវិញ​ករណីនេះ Khmertalking នៅ​មិនអាច​ទំនាក់ទំនង​លោក ខេ​ម ដើម្បី​សុំ​ការបកស្រាយ ឬ​បំភ្លឺ​ជុំវិញ​រឿងនេះ បានទេ ខណៈដែល​លេខ​ទូរស័ព្ទ ត្រូវបាន​បិទ តាំងពី​ថ្ងៃ​ជួប​គ្រោះថ្នាក់​មកម្ល៉េះ​៕

ចំនួនអ្នកទស្សនា

    20681337

  • ថ្ងៃនេះ561
  • ម្សិលមិញ3511
  • សប្តាហ៍នេះ13211
  • ខែនេះ238881
  • ឆ្នាំនេះ238881
  • សរុប20681337